ការប្រឡង​សំនៀង​ជនពិការ បាន​បង្កើតឡើង​ក្នុង​បុព្វហេតុ​លើកស្ទួយ​ជនពិការ ឲ្យ​មានមុខមាត់​នៅក្នុង​សង្គម​

1263
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ក្នុងឱកាស​បើក​ការប្រឡង​សំនៀង​ជនពិការ ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​រៀបចំឡើង​ដោយ​ទូរទស្សន៍ អឹម អេស ជេ ធី​វី នៅ​រោង​មហោស្រព រ៉ូ​សា​ណា ក្នុង​ក្រុង​សៀមរាប កាលពី​រសៀល​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ​២០១៨ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោកស្រី យូ សុភាព អភិបាលរង​ខេត្តសៀមរាប​។​

​លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា ការប្រឡង​សំនៀង​ជនពិការ ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​បង្កើតឡើង​នេះ ក្នុង​បុព្វហេតុ​លើកស្ទួយ​ជនពិការ​ឲ្យ​មានមុខមាត់​នៅក្នុង​សង្គម ជាពិសេស គឺជា​ការលើកទឹកចិត្ត​ដល់​បងប្អូន​ជនពិការ ឲ្យ​មាន​ការតស៊ូ ជំនះ​រាល់​ការលំបាក ខណៈ​កន្លងមក​មាន​ជន​អគតិ​មួយចំនួន បានការ​មាក់ងាយ មិនបាន​ឲ្យ​តម្លៃ​ដល់​ជនពិការ បានធ្វើ​ឲ្យ​ជនពិការ​កម្ពុជា​យើង មានការ​ឈឺចាប់ និង ប្រឈម​ជាច្រើន​ក្នុង​ជីវភាព​គ្រួសារ ជា​កត្តា​នាំ​ឲ្យ​មាន​ភាពក្រីក្រ និង ជា​បន្ទុក​ដ៏​លំបាក​របស់​រាជរដ្ឋាភិបាល ក្នុងការ​លុបបំបាត់​ភាពក្រីក្រ។​

​លោកស្រី យូ សុភា បាន​មានប្រសាសន៍​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា មាន​កម្មវិធី​គោលនយោបាយ​យ៉ាង​ជាក់លាក់ ដែល​គាំទ្រ​ដល់​ជនពិការ មិន​ឲ្យ​មានការ​រើសអើង មាន សិទ្ធិ​ស្មើគ្នា​ក្នុងសង្គម ហើយ​ការប្រឡង​សំនៀង​ជនពិការ​នេះ ក៏​ជាការ​លើកទឹកចិត្ត​មួយ​ផងដែរ​ដល់​ជនពិការ​យើ​យ ឲ្យ​បង្ហាញ​ពី​សមត្ថភាព និង ទេពកោសល្យ​របស់ខ្លួន លើ​វិស័យ​សិល្បៈ​នេះ ខណៈ​បច្ចុប្បន្ននេះ ជា​មោទនភាព​ស្តែង​ឲ្យ​ឃើញថា ទាំង​ជនពិការ និង ជន​មិន​ពិការ បានផ្តល់​សិទ្ធិ ស្មើៗ​គ្នា ក្នុងការ​ប្រកួតប្រជែង​សមត្ថភាព និង ទេពកោសល្យ គឺអាច​ទទួលបាន​ជ័យលាភី​ដូចៗ​គ្នា ដូច្នេះ​បេក្ខជន បេ​ក្ខ​នារី​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ ត្រូវខិតខំ​ប្រឹងប្រែង បញ្ចេញ​នូវ​សមត្ថភាព​របស់ខ្លួន ដើម្បី​ដណ្តើម​នូវ​ជ័យលាភី ដើម្បី​កិត្តិយស​ខ្លួន​ផង និង ខេត្តសៀមរាប​ផង ។​

​សូមបញ្ជាក់ថា ការប្រឡង​សំនៀង​ជនពិការ​នេះ មាន​បេក្ខជន​ដាក់ពាក្យ​ចូលមក​ប្រឡង​ចំនួន ៦​រូប ក្នុងនោះ បេ​ក្ខ​នារី​១​រូប ដែលជា​ជនពិការ​ពី​កំណើត និង​សង្គ្រាម ហើយ​ឆ្លងតាម​ការដាក់​ពិន្ទុ និង​វាយតម្លៃ​របស់​គណៈកម្មកា​រ និង​ការគាំទ្រ​ពី​ទស្សនិកជន ចំណាត់ថ្នាក់​ដែល​ត្រូវ​បន្តទៅ​ប្រឡង​នូវ​វគ្គ​ផ្តាច់ព្រ័ត្រ បាន​ទៅលើ​បេក្ខជន​ឈ្មោះ ទន់ ទូ​ន ជា​ជនពិការ​ជើង​ពី​កំណើត​។ ក្នុងឱកាស​នោះ លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​ឧបត្ថម្ភ​ដល់​កម្មវិធី​ប្រឡង​ចំនួន ១​លាន​រៀល និង ក្រុម​តន្ត្រី ចំនួន​៣០០​ដុល្លារ​អាមេរិក​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម