​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ឡើយ​

​និបាតសព្ទ​

​ជាដាច់ខាត​។ ពាក្យ​សម្រាប់​ប្រើ​រៀង​ខាងចុង​ពាក្យ​បដិសេធ កុំ​, គ្មាន​, ពុំ​, មិន​, អង្គឺ​, ឥត​, ឥតអង្គឺមាន​, . . . ដូចជា​
​កុំ​ឡើយ​, កុំ​ឲ្យ​ឡើយ​; គ្មានអ្វី​សោះឡើយ​, ពុំបាន​ឡើយ​; មិនដែល​ឃើញ​ឡើយ​; អង្គឺ​ខ្ញុំ​ឡើយ​(​ព​.​បុ​.) : ឥតមាន​អ្នកណាម្នាក់​ទៅ​ឡើយ​; ឥតអង្គឺមាន​ឡើយ ។ ព​. កា​. ឡើយណា ទេ​ណា​, សោះ​ណា ។ ឡើយនៃ ទេ​នៃ ។ ឡើយហោង សោះ​ហោង ។ ល ។ (​ព​. កា​.) : រី​ពាក្យកាព្យ​ថា ឡើយនៃ​, ឡើយណា និង​ពាក្យ​ឡើយហោង កវី​ប្រើ​ផ្សំ​កុំ​ឲ្យ​ចួន​ឆ្គង បើ​ឲ្យ​ហ្មត់ហ្មង គួរ​កុំ​សូវ​ប្រើ ។​

​អកិរិយវាទ​

(​អៈកិ​រ៉ិ​យ៉ៈ​វាត​)

​នាមសព្ទ​

( បា​. ) ការ​ពោល​ពាក្យ​ថា​បុណ្យ​បាប​ដែល​ធ្វើ​មិនមែន​ហៅថា​ធ្វើ​ទេ គឺថា​ធ្វើបុណ្យ​ធ្វើបាប​មិនមែន​បាន​បុណ្យ​បាន​បាប​ទេ​, សម្ដី​បដិសេធ​បុណ្យ​បាប​ថា​ធ្វើទៅ​ឥតអំពើ​; អ្នក​មិន​ជឿ​បុណ្យ​បាប ។ ព​. ផ្ទ​. កិ​រិ​យ​វាទ ។​

​អកិរិយវាទី​

(​អៈកិ​រ៉ិ​យ៉ៈ​—)

នាមសព្ទ​

( បា​. ) អ្នក​ប្រកាន់​និយាយ​បដិសេធ​បុណ្យ​បាប​ថា​ធ្វើទៅ​ឥតអំពើ​, អ្នក​ប្រកាន់​មិន​ជឿ​បុណ្យ​បាប ( បើ​ស្ត្រី​ជា អកិរិយវាទិនី ) ។ ព​. ផ្ទ​. កិ​រិ​យ​វាទី​, កិ​រិ​យ​វាទិនី ។​

​អង្កឹ​

​និបាតសព្ទ​

​សម្ដី​បដិសេធ​ក្លាយ​មកពី អង្គឺ “​មិន​, ពុំ​, ឥត​” ជា​សម្ដី​អ្នកស្រុក​ក្រៅ​ឆ្ងាយ​នៅ​ចុងកាត់មាត់ញក​ពួក​ខ្លះ បើ​អ្នក​ដែល​មិន​ធ្លាប់​ឮ​ក៏​ពុំ​អាច​ដឹង​ជា​ថា​អ្វី​
​អង្កឹ​ខ្ញុំ​ទេ មិនមែន​ខ្ញុំ​ទេ​, អង្កឹ​ដឹង​ទេ មិនដឹង​ទេ ( ម​. ព​. អង្គឺ ទៀតផង ) ។​

​អង្គឺ​

​និបាតសព្ទ​

( ព​. បុ​. ) មិន​គឺ​, មិនមែន​, មិនមែនជា​, ពុំមែន​ជា​; មិនដែល​, ពុំដែល : អង្គឺ​ខ្ញុំ​ទេ មិនមែន​ខ្ញុំ​ទេ​; អង្គឺ​សត្វ​អង្គឺ​បុគ្គល ពុំមែន​ជាស​ត្វ​ពុំមែន​ជា​បុគ្គល ។ អង្គឺក្តី ពុំមែន​ជា​ដំណើរ​, មិនមែន​ជាហេតុ ។ អង្គឺមាន ពុំដែល​មាន​, មិនដែល​សោះ​, ទេ​សោះ ។ ប្រើពាក្យ ឥត ពី​ខាងដើម​ផង​ក៏មាន ( សេចក្ដី​នៅ​ជា​បដិសេធ​ដូចដែល ) : ឥតអង្គឺមាន ឥត​ដែលមាន​, ទេ​សោះ ( ច្រើនតែ​ប្រើពាក្យ ក៏ ផ្សំ​ពី​ខាងដើម ) : ខ្ញុំ​នឹង​ដែល​បានឃើញ​របស់​នោះ​សូម្បី​តែម្ដង​ក៏​ឥតអង្គឺមាន ។​