​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ គណៈវិនិច្ឆ័យ​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជា​ឱ្យ​ខ័ណ្ឌ​ឡូ​ស​អ៊ែន​ជើ​ឡេស (Los Angeles County) សង​ការខូចខាត​ចំនួន ៣១ លាន​ដុល្លារ​ដល់​ភរិយា​មេម៉ាយ​របស់​​លោក កូប ប្រាយ​អែន (Kobe Bryant) និង​សហ​ដើមបណ្តឹង​ម្នាក់ទៀត​ជុំវិញ​រូបថត​ក្រាហ្វិច (​ថត​ឃើញ​សាកសព​ស្តែងៗ​) ដែល​បាន​ថត​នៅ​កន្លែង​ធ្លាក់​ឧទ្ធម្ភាគចក្រ​ដែល​សម្លាប់​តារា​បាល់បោះ​​រូប​នេះ​និង​មនុស្ស​ប្រាំ​បីនាក់​ផ្សេងទៀត​។​

​ប៉ូលិស​និង​អ្នក​ពន្លត់​អគ្គិភ័យ ដែល​បាន​ប្រញាប់ប្រញាល់​ទៅ​កាន់​កន្លែងកើតហេតុ​នៃ​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​ក្នុង​ខែមករា​ឆ្នាំ ២០២០​បាន​ផ្តិត​យក​រូបភាព​នៃ​គ្រោះថ្នាក់​នេះ​រួមទាំង​សាកសព​របស់​​តារា​បាល់បោះ​របស់​ក្រុម Los Angeles Lakers និង​កូនស្រី​អាយុ ១៣ ឆ្នាំ​របស់​គាត់​ឈ្មោះ ចៀន​ណា (Gianna) ។​

​ការជំនុំជម្រះ​មួយ​នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជើ​ឡេស​បានលើកឡើង​ពី​របៀប​ដែល​អ្នក​ឆ្លើយតប​ដំបូង​ទាំងនោះ​បាន​បង្ហាញ​រូបថត​ដល់​សាធារណជន រួមទាំង​អ្នក​ក្រឡុក​ស្រា​ផង​ដែរ​ខណៈ​វរសេនីយ៍ទោ​ម្នាក់​​បាន​ផ្ញើ​សារ​រូបភាព​ទៅកាន់​មិត្តភក្តិ​ខណៈ​អ្នក​ទាំង​ពីរ​កំពុង​លេង​វីដេអូ​ហ្គេម​។​

​លោកស្រី វ៉ាណេ​ស​សា ប្រាយ​អែន (Vanessa Bryant) និង​លោក គ្រីស ឆេ​ស្ទើ (Chris Chester) ដែល​ប្រពន្ធ​របស់​គាត់​ឈ្មោះ សា​រ៉ា (Sarah) និង​កូនស្រី​ឈ្មោះ ភេ​ថុន (Payton)​បាន​​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​នោះ បាន​ប្តឹង​ទាមទារ​សំណង​ផ្លូវចិត្ត​ជុំវិញ​រូបភាព​ដែល​ពួកគេ​និយាយថា​ពួកគេ​ខ្លាច​ថា​ថ្ងៃ​ណា​មួយ​នឹង​បែកធ្លាយ​នៅលើ​អ៊ីនធឺណិត​។​

​គណៈវិនិច្ឆ័យ​រដ្ឋប្បវេណី​បាន​បញ្ជា​ឱ្យ​ខ័ណ្ឌ​ឡេស​អាន់​ជេ​ឡេស​បង់​ប្រាក់​ចំនួន ១៦ លាន​ដុល្លារ​ដល់​លោកស្រី​ប្រាយ​អែ​ន និង ១៥ លាន​ដុល្លារ​ឱ្យទៅ​លោកឆេ​ស្ទើ បន្ទាប់ពី​បាន​ពិចារណា​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។​

​សំណង​នេះ​តំណាង​ឱ្យ​ការដោះស្រាយ​ទុក្ខលំបាក​អតីតកាល​និង​អនាគតកាល​។​

​លោកស្រី​ប្រាយ​អែន​បាន​យំ​ខណៈ​សាលក្រម​ត្រូវបាន​អាន ហើយ​បាន​ចាកចេញ​ពី​តុលាការ​ដោយ​មិន​និយាយ​ជាមួយ​អ្នកកាសែត​ដែល​កំពុង​រង់ចាំ​។​

​ក្រោយមក​លោក​ស្រី​បាន​បង្ហោះ​រូប​មួយ​សន្លឹក​លើ Instagram របស់​គាត់​ជាមួយ​ស្វាមី​និង​កូនស្រី​ស្លាប់​ទៅ ដោយ​មាន​ចំណងជើង​ថា “​អ្វីៗ​ទាំងអស់នេះ​គឺ​ដើម្បី​អ្នក​! ខ្ញុំ​ស្រឡាញ់​អ្នក​!​យុត្តិធម៌​សម្រាប់​កូប​​និង​ជី​ជី (Gigi)!”៕

​លោកស្រី វ៉ាណេ​ស​សា ប្រាយ​អែន (​ឆ្វេង​) ទទួល​សំណង ១៦ លាន​ដុល្លារ

​កូប ប្រាយ​អែន​តារា​បាល់បោះ​របស់​ក្រុម Los Angeles Lakers ស្លាប់​ក្នុង​ការធ្លាក់​ឧទ្ធម្ភាគចក្រ​ក្នុង​ខែ​មករា​ឆ្នាំ ២០២០​