​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​សម្រាន្ដ​

(​សំ​-​រ៉ា​ន​)

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​ស្រាន្ដ ។ ដេក​( សម្រាប់​គ្រហស្ថ​ជា​ឥស្សរជន​ឬ​គ្រហស្ថ​ដែល​គួរ​គោរព )
​លោក​កំពុង​សម្រាន្ដ​; អញ្ជើញ​ម៉ែ​សម្រាន្ដ​! ។​

​គុណសព្ទ​

​ដែល​ស្ងប់​ឥត​ទុក្ខភ័យ​, ដែលមាន​សុខ​ស្រួល​
​សុខ​សម្រាន្ដ សុខសាន្ដ ។​

​សម្រាក​

(​សំ​-​រ៉ា​ក​)

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​ស្រាក​, ឈប់​ឲ្យ​ស្រាក​នឿយ​
​សម្រាកកម្លាំង​, សម្រាកកាយ ។​
​សម្រាកសម្រន់ ធ្វើ​ឲ្យ​ស្រាក​ស្រន់ ។ សម្រាកសម្រាន្ដ ធ្វើ​ឲ្យ​ស្រាកស្រាន្ដ ។ សម្រាកសម្រាល ធ្វើ​ឲ្យ​ស្រាក​ស្រាល ។​

​សម្រេច​

(​សំ​-​រ៉ា​ច់​)

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​ស្រេច​, ឲ្យ​ហើយ​ស្រេច​, ឲ្យ​ដាច់ស្រេច​
​សម្រេចការ​, សម្រេចសេចក្ដី ។​
​ធ្វើ​ឲ្យ​កើតការ​, ឲ្យ​បានការ​, ឲ្យ​សមប្រកប​; បាន​សម​តាម​បំណង​
​សម្រេចប្រយោជន៍ ។​
​បាន​លុះ​, បាន​ដល់​
​សម្រេចគុណវិសេស​, សម្រេចមគ្គផល ។​
​សម្រេចសម្រាន្ដ នៅ​ជា​សុខសាន្ដ : សម្រេចសម្រាន្ដ​ឥរិយាបថ . . .​។ សម្រេចសម្រួល ធ្វើ​ឲ្យ​ស្រេច​ដោយ​ស្រួល​, សម្រួល​ឲ្យ​បាន​ស្រេច​។ សម្រេច​ឥរិយាបថ ញ៉ាំង​ឥរិយាបថ​៤ ( ដើរ​, ឈរ​, អង្គុយ​, ដេក ) ឲ្យ​ប្រព្រឹត្តទៅ​, នៅ​អាស្រ័យ​, គង់នៅ ។ ល ។​

​សុខ​

(​សុក​)

​គុណសព្ទ​

( សំ​. បា​. ) ដែល​សប្បាយ​; ងាយ​; ស្រួល​; ស្រណុក​; សម្រាន្ត ។ ន​. សេចក្ដី​សប្បាយ​; ដំណើរ​ងាយ​; ដំណើរ​ស្រួល​; ដំណើ​ស្រណុក​; សេចក្ដី​សម្រាន្ដ​
​មាន​សុខ​, បាន​សុខ ។​
​ប្រើពាក្យ “​សេចក្ដី​” ផ្សំ​ខាងដើម​ផង​ក៏បាន​
​មាន​សេចក្ដីសុខ ។ ព​. ផ្ទ​. ទុក្ខ ។​
​សុខកថា ( សុ​ខៈកៈ​—) សម្ដី​ដែល​នាំ​ឲ្យ​បាន​សុខ ។ សុខកាម ( សុ​ខៈ​—) អ្នក​ស្រឡាញ់​សុខ​, អ្នក​ប្រាថ្នា​សុខ ។ សុខកាយ ( សុក​— ) ស្រួលខ្លួន​។ សុខការណ៍ ( សុ​ខៈ​— ) ហេតុដែល​នាំ​ឲ្យ​បាន​សុខ​, ឲ្យ​បាន​ស្រួល ។ សុខកិរិយា ឬ —​ក្រិ​យា ( សុ​ខៈ​— ) ការធ្វើ​ឲ្យ​បាន​សុខ​, ឲ្យ​បាន​ស្រួល ។ សុខ​ក្សេម​ឬ សុខក្សេមក្សាន្ដ ( សុក​— ) សុខ​សម្រាន្ដ​, សុខ​ស្រួល ។ សុខចិត្ត ( សុក​— ) សប្បាយចិត្ត​; ពេញចិត្ត​, ល្មម​ដល់​ចិត្ត ។ សុខទាយក ( សុ​ខៈ​ទាយក់ ) អ្នក​ឲ្យ​សុខ ( បើ​ស្ត្រី​ជា សុខទាយិកា ) ។ សុខទុក្ខ ឬ ទុក្ខ​សុខ ( សុក​—​ឬ ទុក​-​សុក ) សុខ​និង​ទុក្ខ​ឬ​ទុក្ខ​និង​សុខ ។ សុខប្រធាន ( សុ​-​ខ័​ប​-​ប្រៈ​— ) ការប្រគល់​សុខ​ឲ្យ​, ការ​ឲ្យ​សុខ ។ សុខប្រាប្ដ ( សុ​ខៈ​ប្រាប ឬ​—​ខ័​ប​— ) អ្នក​ដែល​បាន​ប្រទះ​សេចក្ដីសុខ​, អ្នក​បាន​សុខ ។ សុខព័ន្ធន៍ ( សុ​ខៈ​ពាន់ ) ការជាប់​ជំពាក់​ដោយ​សេចក្ដីសុខ ( ក្នុង​លោក ) ។ សុខភាព ( សុ​ខៈ​ភាប ) ភាពជា​សុខ​,​សេចក្ដីសុខ​។ សុខភូមិ ( សុ​ខៈ​ភូម ) ទី​ដែល​ប្រកបដោយ​សុខ​, ទី​ស្រួល​នៅ ។ សុខយាត្រា ( សុ​ខៈ​— ) ការដើរ​ស្រួល ។ សុខយាន ( សុ​ខៈ​—) យាន​ស្រួល​ជិះ ។ សុខលក្ខណៈ (​សុ​ខៈ​—) លក្ខណៈ​នៃ​សេចក្ដីសុខ ។ សុខលាភ ( សុ​ខៈ​—) ការ​បាន​សុខ ។ សុខវឌ្ឍកៈ ឬ​—​វ័​ឌ្ឍ​ក៍ ( សុ​ខៈ​វ័ត​-​ឍៈ​កៈ​ឬ​—​វ័ត ) អ្នក​ដែល​ចម្រើន​ដោយ​សុខ ( បើ​ស្ត្រី​ជា សុខ​វ​ឌ្ឍិ​កា ) ។ សុខវឌ្ឍនៈ ឬ​—​វ័​ឌ្ឍ​ន៍ ( សុ​ខៈ​វ័ត​-​ឍៈ​នៈ​ឬ​—​វ័ត ) ការ​ចម្រើន​ដោយ​សុខ ។ សុខវិជ្ជា ឬ​—​វិទ្យា ( សុ​ខៈ​— ) វិជ្ជា​ប្រាប់​វិធី​ប្រតិបត្តិ​ឬ​ថែទាំ​មានការ​សម្អាត​ជាដើម ដែល​នាំ​ឲ្យ​បាន​សុខ ។ សុខវិទ្យាសាស្ត្រ ( សុ​ខៈ​— ) ក្បួន​ឬ​តម្រា​, ច្បាប់​និយាយ​អំពី​សុខវិទ្យា ។ សុខវេទនា ( សុ​ខៈ​វេ​ទៈ​នា ) ការទទួល​អារម្មណ៍​ជា​សុខ ។ សុខសម្ផស្ស ( សុ​ខៈ​សំ​-​ផស់ ) សម្ផស្ស​ដែល​ស្រួល​, ការ​ប៉ះ​ប្រទះ​សេចក្ដីសុខ ។ សុខសម្ភាស (​សុ​ខៈ​សំភាស​) អ្នក​ពោល​ពាក្យ​នាំ​ឲ្យ​បាន​សុខ​; អ្នក​និយាយ​សម្ដី​ងាយ​ស្ដាប់ ។ សុខសយនា ( សុ​ខៈ​សៈ​យ៉ៈ​ន៉ា​) កន្លែងដេក​ស្រួល ។ សុខសាន្ដ​(​សុក​-​សាន​) សុខ​ស្ងប់ ។ សុខសាន្ដត្រាណ ( សុក​-​សាន​ត្រាន ) ដែលមាន​ទី​ពំនាក់ ឬ មា​នទី​អាង​ឲ្យ​បាន​សុខ​ស្ងប់​
​ស្រុក​សុខសាន្ដត្រាណ ។​
​សុខសាសន៍ ( សុ​ខៈ​សាស ) ដំណឹង​ឬ​សំបុត្រ​ប្រាប់​សេចក្ដីសុខ ។ សុខសួស្ដី ( សុក​— ) សុខ​និង​សួស្ដី ។ សុខសេយ្យា ( សុ​ខៈ​សៃ​យ៉ា ) ការ​ដេក​ជា​សុខ​, ការ​ដេក​ស្រណុក ។ សុខា សេចក្ដីសុខ ( ព​. កា​. )
​សូម​ពួក​ទេព្តា ជួយ​ឲ្យ​សុខា ដល់​ពួក​អ្នក​ត្រង់ កាន់សីល​កាន់​ធម៌ បវរ​ផ្ចិតផ្ចង់ ពុំដែល​លុះ​លង់ ក្នុង​ក្តី​ទុច្ចរិត ។​
​សុខាភិបាល ( សំ​. បា​. < សុខ + អភិបាល ) ការថែរក្សា​** ឬ គ្រប់គ្រង​, ទំនុកបម្រុង​ឲ្យ បាន​សុខ ។ ឈ្មោះ​ក្រសួង​រដ្ឋមន្ត្រី​មួយ​កាន់កាប់​ខាងមុខ​ការថែរក្សា​ប្រជាពលរដ្ឋ​ឲ្យ​បាន​ប្រកបដោយ​សុខភាព​គឺ​ក្រសួង​ពេទ្យ​
**​ពាក្យ “​ថែរក្សា ” ត្រូវបាន​កែតម្រូវ​ពី​ពាក្យ​ដើម “​ថែរ​រក្សា ” ដោយហេតុថា​ពុំមាន​ពាក្យ “​ថែរ​រក្សា ” ទេ អនុលោម​តាម​វចនានុក្រម​ខ្មែរ សម្ដេច ជួន ណាត​។​
​ក្រសួងសុខាភិបាល ឬ ក្រសួង​សាធារណ​សុខាភិបាល ក្រសួងសុខាភិបាល​ជា​សាធារណៈ ។​
​សុខាភិយាចនា ( —​ចៈ​ន៉ា​; < សុខ + អភិ​-​យា​ច​នា “​ការ​អង្វរ​; ការ​បន់ស្រន់​សូម​ឲ្យ​បាន សុខ​” ) ការ​បន់ស្រន់​, បួងសួង​, សំបូងសង្រូង​សូម​ឲ្យ​បាន​សុខ ធ្វើ​សុខាភិយាចនា​។​
​សុខារម្មណ៍ ( បា​. < សុខ + អារម្មណ ) អារម្មណ៍​ជា​សុខ​, អារម្មណ៍​ដែល​ទទួល សេចក្ដីសុខ ។ សុខាសា ( បា​. < សុខ + អាសា “​បំណង​” ) បំណង​ឲ្យ​បាន​សុខ​ទៅមុខ ) ។ ល ។​

សុសយ្យា​

(-​សៃ​យ៉ា​)

​នាមសព្ទ​

(​សំ​. សុ + ឝ​យ្យា​; បា​. សុ + សេយ្យា ) ការ​ដេក​ស្រួល​, ការ​ដេក​ជា​សុខ​; ដំណេក​ស្រួល ។ ពាក្យ​ប្រើ​ដោយ​សន្មតិ (​តាម​សម័យនិយម​) សម្រាប់​ឲ្យ​ពរ​គ្នា​ក្នុង​វេលា​រៀបនឹង​ដេក​
​សុសយ្យា ! ឬ សុសេយ្យា ! សូម​សម្រាន្ដ​ឲ្យ​បាន​ស្រួល ! ឬ អញ្ជើញ​សម្រាន្ដ ឲ្យ​លក់​ស្រួល !