​ដោយ​៖ រ៉ា​ម៉ន​/​ភ្នំពេញ​៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​អភិបាលរងខណ្ឌ​ដែល​ទើប​តែងតាំង​ថ្មី ត្រូវ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​បង្កើនល្បឿន​ការផ្ដល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ ជាពិសេស​បំពេញ​ភាព​ស៊ី​វិ​ល័យ​របស់​ប្រជាពលរដ្ឋ​ឱ្យបាន តាម​សេចក្តីត្រូវការ​។​

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដូច្នេះ​នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ និង​នាយក​រដ្ឋបាល​នៅក្នុង​រចនាសម្ព័ន្ធ​រប​ស់​រដ្ឋបាល​ខណ្ឌ​នានា​ក្នុង​រា​ធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២២​នេះ ក្រោម​អធិបតីភាព លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។​

លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា ការបង្កើន​ចំនួន​អភិបាលរងខណ្ឌ​បន្ថែម​នាពេលនេះ គឺ​ពិត​ជាមាន​អត្ថប្រយោជន៍​សំខាន់​ណាស់ ដើម្បី​បង្កើន​ប្រសិទ្ធភាព​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​និង​កាន់តែ​ល្អប្រសើរ ទៅតាម​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ រួមទាំង​ការជីក​ប្រឡាយ ធ្វើ​លូ កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការផ្តល់​សេវាសាធារណៈ​នានា ជូន​ប្រជាពលរដ្ឋ​បាន​កាន់តែ សកម្ម លឿន​រហ័ស និង​ប្រកបដោយ​គុណភាព​។​

​លោក​បន្តថា ការបង្កើន​ប្រសិទ្ធភាព​ការងារ​នេះ​គឺជា​បំណងប្រាថ្នា​ចាច់​បាច់​របស់ រាជរដ្ឋាភិបាល ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការចាំបាច់​បំផុត​របស់​ប្រទេស​ស៊ី​វិ​ល័យ ខណៈដែល​បច្ចុប្បន្ននេះ​ប្រជាជន​កម្ពុជា​មាន​ភាព​ស៊ី​វិ​ល័យ​ច្រើន​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ ដោយឡែក​ក្នុង​រាជធានី​ភ្នំពេញ​ក៏​កាន់​តែមាន​ភាព​ស៊ី​វិ​ល័យ​ផងដែរ ទាំង​ការរស់នៅ​និង​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​។
​បន្ថែម​ពីនេះ​ទៀត​តម្រូវការ​ក៏​កាន់​តែមាន​ភាព​ឈានឡើង ដូច្នេះ​ការបម្រើ​សេវា​គ្រប់សព្វ​បែបយ៉ាង​ក្នុង​រាជធានី​ភ្នំពេញ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏ដូចជា​រដ្ឋបាល​ខណ្ឌ ត្រូវតែ​បង្កើនល្បឿន​និង​ប្រសិទ្ធភាព ព្រមទាំង​ប្រសិទ្ធ​ផល ឱ្យបាន​ល្អប្រសើរ​បន្ថែម​ទៀត ។​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ណែនាំ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ និង​ចៅសង្កាត់​ទាំងអស់ គឺ​បន្ត​ខិតខំ​ប្រឹងប្រែង​និង​ត្រៀមលក្ខណៈ ដើម្បី​បំពេញបន្ថែម​នូវ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ធ្វើការ​អភិវឌ្ឍ​សេវា​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ទំនើប ជឿនលឿន និង​មាន​ភាពងាយស្រួល​បំផុត​។​

​សូមបញ្ជាក់ថា នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ នាយក​រដ្ឋបាល​នៅក្នុង​រចនាសម្ព័ន្ធ​រប​ស់​រដ្ឋបាល​ខណ្ឌ​នានា​ក្នុង​រា​ធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២២​នេះ រួមមាន ការផ្ទេរ​ភារកិច្ច​មន្ត្រីរាជការ​ចំនួន​១២​រូប​ជា​អភិបាលរងខណ្ឌ តែងតាំង​មន្ត្រីរាជការ​ចំនួន​៣៦​រូប ជា​អភិបាលរងខណ្ឌ ផ្ទេរ​អភិបាលរងខណ្ឌ​ចំនួន​៥​រូប ទៅ​បំរើ​ការងារ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង តែងតាំង​ប្រគល់​ភារកិច្ច​ដល់​មន្ត្រីរាជកា​រ​ចំនួន​១០​រូប ជា​នាយក​រដ្ឋបាល​ក្នុង​រចនាសម្ព័ន្ធ​រដ្ឋបាល​ខណ្ឌ​នានា​នៅ​រាជធានី​ភ្នំពេញ​៕​