ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក្មេងប្រុស​អាយុ​ជាង​១០​ឆ្នាំ​ម្នាក់ នៅ​ក្រុងព្រះសីហនុ លង់ទឹក​សមុទ្រ​ស្លាប់ ចំណែក ពីរ​នាក់​ទៀត រួច​ផុតពី​គ្រោះភ័យ ក្នុងពេល​ក្មេងប្រុស​ទាំង បីនាក់ នាំគ្នា​ចុះ​លេង​ទឹកសមុទ្រ នៅ​ចុង​ឆ្នេរ​អូរ​ឈើទាល ក្រុងព្រះសីហនុ ពេល​មាន​រលក​ខ្លាំង ។ ករណីនេះ បាន​កើតឡើង​កាលពី​ល្ងាច ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២២ នេះ នៅ​ឆ្នេរ​អូរ​ឈើទាល ក្រុង​-​ខេត្ត​ព្រះសីហនុ​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ក្រោយ​កើតហេតុ សាកសព​ក្មេងរងគ្រោះ បាន​រសាត់​បាត់ តាម​រលក​សមុទ្រ ហើយ​ភ្លាមៗ សមត្ថកិច្ច និង​ក្រុម​សង្គ្រោះ រួមមាន ខាង​ម៉ូតូ​ទឹក និង​ក្រុមការងារ​សង្គ្រោះ របស់លោក​ឧកញ៉ា ទៀ វិចិត្រ ក៏បាន​បញ្ចេញ​អូប័រ​ល្បឿន​លឿន ចុះទៅ​អន្តរាគមន៍ ជួយ​ស្វែងរក​សាកសព ហើយ​សាកសព បាន​រកឃើញ​ហើយ នៅ​ល្ងាច​ថ្ងៃ​ដដែល​។​

​សមត្ថកិច្ច បាន​បន្តថាៈ ក្មេងប្រុស​ដែល​លង់ទឹក​ស្លាប់ មានឈ្មោះ ទ្រី យូ​រី អាយុ​១១​ឆ្នាំ និង​ពីរ​នាក់​ទៀត ក្រុមគ្រួសារ​សំណូមពរ មិន​បញ្ចេញ​អត្តសញ្ញាណ​ទេ ដោយ​គ្រាន់តែ​ដឹងថា ជា​ក្មេងៗ មាន​ក្រុមគ្រួសារ នៅ​ខេត្ត​ព្រះសីហនុ ទាំង​បីនាក់​តែម្តង​៕/V​