ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជូន ជនជាតិ​ចិន​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ ករណី​រក្សាទុក និង​ជូ​ញ​ដូរ​គ្រឿងញៀន ជាង ៧ គីឡូក្រាម មក​តុលាការ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២២ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​គួរ​បញ្ជាក់ថា សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បង្ក្រាប​ករណី​រក្សា​ទុក ជួញដូរ​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជន​ចិន​ម្នាក់ និង​រឹបអូស​គ្រឿងញៀន ជាង ៧ គីឡូក្រាម កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង ៥​និង​៣០​នាទី​ល្ងាច ដោយ កម្លាំង​ជំនាញ (​ក​១០) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក ឧត្ដមសេនីយ៍ទោ សារី បុត្រ​សត្យា លោក វរសេនីយ៍ឯក យឹម សែន​ឧ​ត្ត​ម នាយករង​មន្ទីរ លោក វរសេនីយ៍ឯក តឹក សូ​នី នាយការិយាល័យ (​ក​១០) មានការ​ចូលរួម​ពី​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ដឹកនាំ សម្របសម្រួល​ពី​លោក អ៊ុំ សុ​ភ័​ក្រ ព្រះរាជអាជ្ញារង នៃ​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានធ្វើការ​ស៊ើប អង្កេត ស្រាវជ្រាវ បង្ក្រាប នៅ ២ គោលដៅ​ផ្សេងគ្នា ជា​បន្តបន្ទាប់ គឺៈ​- នៅ​ចំណុច មុខ​ខុន​ដូ​រអិល ផ្លូវ​បេតុង ស្ថិតក្នុង​សង្កាត់​បឹងទំពុន​ន់ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ -​រួច​បន្តទៅ​ឆែកឆេរ​ខុន​ដូរ​ប៉ា​វលី បន្ទប់​លេខ​១៦១៨ ជាន់​ទី​១៦ ផ្លូវ​១៣៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជា​ធានី​ភ្នំពេញ ។​

​ក្នុងការ​បង្ក្រាប​បទល្មើស​នៅ​២​គោលដៅ​នោះ សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ ១ នាក់ ឈ្មោះ ចាង ហ្វុ​ង ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ​ចិន និង​វត្ថុតាង​ចាប់យក មាន អ៊ិ​ច​ស្តា​ស៊ី (MDMA)​ទម្ងន់​សុទ្ធ ៧ គីឡូក្រាម ៥៣,៦ ក្រាម -​សារធាតុ​គីមី ១០ គីឡូក្រាម ៧៦០ ក្រាម ៕/V​