ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំង​: បុរស​មួយនា​ក់បាន​ស្លាប់ និង ពីរ​នាក់​ផ្សេងទៀត បាន​រងរបួស​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក​ចរាចរណ៍ រវាង​ម៉ូតូ ពីរ​គ្រឿង បុក​គ្នា កាលពី​នៅវេលា​ម៉ោង ១ និង ៣០​នាទី រសៀល​ថ្ងៃទី​២៤ សីហា ២០២២ នៅ​ចំណុច មុខ​ខ្លោងទ្វារ ខាងមុខ​វត្ត​លាជ លើផ្លូវ​ជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៥០ និង ៥១ ស្ថិតក្នុង​ភូមិ​លាជ ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។​

​អធិការ​នគ​បាល​ស្រុក​កំពង់ត្រឡាច លោក​វរៈសេនីយ៍ឯក នន ស៊ី​ណាត បានឱ្យដឹង នៅ​ថ្ងៃទី​២៥ សីហា ២០២២​នេះ​ថាៈ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង រវាង​ម៉ូតូ​ពាក់​ផ្លាកលេខ កំពង់ឆ្នាំង 1F-4964 អ្នកបើកបរ​ឈ្មោះ ផាត់ សុផល ភេទ​ប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិខ្មែរ ឌុប​គ្នា បាន​រត់​គេចខ្លួនបាត់ រស់នៅ​ភូមិ​កា​អត ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អ្នករួមដំណើរ មួយ​នាក់ ឈ្មោះ អុល គង់ ភេទ​ប្រុស អាយុ ៦៤ ឆ្នាំ រស់នៅ​ភូមិ​លាជ ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ទិសដៅ​ពី​ខាងជើង​ទៅខាង​ត្បូង ។ នៅពេល​បើកបរ មកដល់​ចំណុច​ខាងលើ អ្នកបើក​ម៉ូតូ​នេះ បាន​បត់​ឆ្វេង (​ប្ដូរ​ទិស​ផ្លូវ​មិន​ប្រុងប្រយ័ត្ន​) ក៏ត្រូវ​ម៉ូតូ​ម៉ាក​ហុងដា សេ ១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ឆ្នាំង 1J-5382 អ្នកបើកបរ​ឈ្មោះ យឹម រា​មុ​ល ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែ រស់នៅ​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ពី​ទិស​ខាងត្បូង ឆ្ពោះទៅ​ខាងជើង ក្នុង​ដំណើរ​ខ្វែង​ទិស​គ្នា បុក​គ្នា បណ្តាលឱ្យ​ស្លាប់ និង​របួស ។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ មួយ​នាក់ បាន​ស្លាប់ នៅពេល​បញ្ជូនទៅ​មន្ទីរពេទ្យ និង ពីរ​នាក់​ផ្សេងទៀត រងរបួស​ស្រាល ខូច​ម៉ូតូ ពីរ​គ្រឿង ស្រាល បណ្ដាលមកពី​កត្តា​មនុស្ស ប្ដូរ​ទិស​ផ្លូវ មិន​ប្រុងប្រយ័ត្ន ។ សាកសព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច កសាង​ឯកសារ ប្រគល់ឱ្យ​ក្រុមគ្រួសារ ដឹក​យកទៅ​លំនៅឋាន ធ្វើបុណ្យ​តាម​ប្រពៃណី​។ ដោយឡែក វត្ថុតាង​ម៉ូតូ​ទាំង ពីរ​គ្រឿង នាំយកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​កំពង់ត្រឡាច ដើម្បី​រង់ចាំ​ដោះស្រាយ តាម​នីតិវិធី​៕/V​