​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​នៅ​ពីរ​ថ្ងៃ​បន្ទាប់ពី​ត្រូវ​បញ្ជូន​ចូល​គុក​ដើម្បី​បំពេញ​ទោស​ជាប់គុក​១២​ឆ្នាំ​ចំពោះ​ការប្រព្រឹត្ត​អំពើ​ពុករលួយ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​ណា​ជីប រ៉ា​ហ្សាក់ បាន​វិល​​ទៅកាន់​តុលាការ​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​សីហា​សំរាប់​សវនាការ​អំពី​ការប្រព្រឹត្ត​អំពើពុករលួយ​ទី​ពីរ​ពាក់ព័ន្ធ​នឹង​ការ​លួច​លុយ​ពី​មូលនិធិ​រដ្ឋ​1MDB ។​

​ណា​ជីប វ័យ​៦៩​ឆ្នាំ បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ដំបូង​គេ​ដែល​ត្រូវ​នាំ​ចូល​គុក​កាលពី​ថ្ងៃ​អង្គារ ក្រោយ​តុលាការ​កំពូល​ច្រាន​ចោល​បណ្តឹងឧទ្ធរណ៍​ចុងក្រោយ​របស់​លោក​ក្នុង​បណ្តឹង​ពុករលួយ​ទីមួយ​​ប្រឆាំង​រូបលោក​ចំពោះ​ការ​លួច​លុយ​ចេញ​ពី​មូលនិធិ​រដ្ឋ​1MDB​។​ការដាក់ទោស​លោក​កើត​ឡើង​នៅ​ពេល​បួន​ឆ្នាំ​ក្រោយ​លោក​ត្រូវ​ទម្លាក់​ចេញ​ពីអំណាចក្នុង​ការបោះឆ្នោត​មួយ​ដោយសារតែ​រឿង​អាស្រូក​ពុករលួយ​នេះ​​និង​ត្រូវ​ពលរដ្ឋ​ម៉ាឡេស៊ី​អបអរ​​ចាត់ទុក​ជា​យុត្តិធម៌​មួយ​។​

​ពាក់អាវ​ធំ​ពណ៌​ខៀវ​ក្រ​ម៉ៅ ក្រវាត់ក​ក្រហម​និង​ម៉ា​ស់មុខ លោក​ណា​ជីប​បាន​អង្គុយ​ធ្មឹង​ក្នុង​រង្វង់​ក្រចកសេះ​ដោយ​គ្មាន​ខ្នោះដៃ​ទេ​នៅ​ពេល​សវនាកា​ចាប់ផ្តើម ។​មុន​នេះ​លោក​ត្រូវបាន​នាំ​ចូល​ក្នុង​បរិវេណ​​តុលាការ​តាម​រថយន្ត​ប៉ូលិស​មួយ ក្រោមការការពារ​ពី​ប៉ូលិស​យ៉ាងច្រើន​ដើម្បី​បញ្ចៀស​ហ្វូង​អ្នកសារព័ត៌មាននិងអ្នកគាំទ្រ​ដែល​រង់ចាំ​លោក​។​

​សវនាកា​របច្ចុប្បន្ន​បាន​ចាប់ផ្តើម​កាលពី​ខែ​សីហា​ឆ្នាំ​២០១៩ និង​មាន​សារសំខាន់​បំផុត​ពី​ព្រោះ​វា​ភ្ជាប់​លោក​ណា​ជីប​ដោយ​ផ្ទាល់​ទៅ​នឹង​រឿងអាស្រូវ​1MDB​ដែល​នាំ​ដ​ល់ការស៊ើបអង្កេត​នៅ​អាម៉េរិក​និង​ប្រទេស​​ជាច្រើន​ទៀត​។​

​ខាង​រដ្ឋអាជ្ញា​ចោទប្រកាន់​លោក​ណា​ជីប​ថា​បាន​លួច​យក​លុយ​រាប់ពាន់​លាន​ដុល្លារ​ពី​មូលនិធិ​1MDB​តាមរយៈ​បណ្តាញ​ក្លែងបន្លំ​ជា​ប្រព័ន្ធ​ដើម្បី​បិទបាំង​ដាន​។​ចំណែក​លោក​ណា​ជីប​បាន​អះអាង​ថា​លោក​ត្រូវ​​បាន​គេ​ប្រាប់​អោយ​យល់ច្រឡំ​ថា​លុយបញ្ចូលក្នុងគណនីរបស់លោកជា​អំណោយ​មក​ពី​រាជវង្ស​អា​រ៉ាប៊ីសាអូឌីត​។​

​តាមពិត​លោក​ណា​ជីប​ប្រឈម​ការចោទប្រកាន់​ពី​បទ​រំលោភ​អំណាច​ចំនួន​បួន ដើម្បី​ទទួលបាន​លុយ​២,៣​ពាន់​លាន​រីង​ហ្គី​ត​(​ជាង​៧០០​លាន​ដុល្លារ​)​ពី​1MDB​រវាង​ឆ្នាំ​២០១១​និង​២០១៤​និង​ការចោទប្រកាន់​២១​ចំណុច​ពី​បទ​លាង​លុយ​។​លោក​ប្រឈម​ការជាប់គុក​២០​ឆ្នាំ​ចំពោះ​ការចោទប្រកាន់​មួយ​ករណីៗ​អំពី​ការរំលោភ​អំណាច និង​៥​ឆ្នាំ​ចំពោះ​ការលាង​លុយ​មួយ​ករណីៗ​។​

​រំលឹកថា​1MDB​ត្រូវបាន​លោក​ណា​ជីប​បង្កើត​ឡើង​ក្រោយ​លោក​ជាប់​ឆ្នោត​ចូលកាន់​តំ​ណែ​ង​នៅ​ឆ្នាំ​២០០៩​ភ្លាម​។​ពួក​អ្នក​ស៊ើបអង្កេត​ចោទប្រកាន់​ថា​ប្រាក់​៤,៥​ពាន់​លាន​ដុល្លារ​ត្រូវ​បា​លួច​ចេញ​ពី​មូលនិធិ​ខាង​​លើ​និង​លាង​សម្អាត​ដោយ​គូកន​របស់​លោក​ណា​ជីប​ក្នុង​គណនី​នៅ​អាម៉េរិក​និង​ប្រទេស​ដទៃ​ទៀត​៕

​ក្បួន​រថយន្ត​ប៉ូលិស​ដឹក​លោក​ណា​ជីប​មកកាន់​តុលាការ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​សវនាការ​អំពី​ការប្រព្រឹត្ត​អំពើពុករលួយ​ទី​ពីរ​ប្រឆាំង​អតីត​មេដឹកនាំ​ម៉ាឡេស៊ី​រូប​នេះ​

​ណា​ជីប​ប្រឈម​បណ្តឹង​ព្រហ្មទណ្ឌ​រាប់សិប ពី​បទ​រំលោភ​អំណាច ពុករលួយ និង​លាង​លុយ​។​ភរិយា​លោក​និង​អតីត​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន​ក៏​ត្រូវបាន​នាំ​ឡើង​តុលាការ​ផង​ដែរ​ចំពោះ​ការប្រព្រឹត្ត​អំពើ​​ពុក​រលួយ​