​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ដំរី​មួយ​ក្បាល​បាន​ហែក​សម្លាប់​ហ្ម​របស់​វា​ជា​ពីរ​កំណាត់ បន្ទាប់​ពី​វា​ត្រូវបាន​បង្ខំ​ឱ្យ​ទាញ​ឈើ​ចេញពី​ចម្ការ​ក្នុងពេល​មាន​រលក​កម្តៅ​ស្ទើរ​ប្រេះ​ក្រហែង​ក្នុង​ប្រទេស​ថៃ​។​

​ប៉ូលិស​បាន​និយាយថា ដំរី​ឈ្មោល​ឈ្មោះ ផុ​មផាម (Pom Pam) បាន​ចាក់​លោក ស៊ូផា​ឆៃ វង់​ហ្វា​អេ​ត (Supachai Wongfaed) អាយុ ៣៣ ឆ្នាំ​ជាមួយនឹង​ភ្លុក​របស់​វា​ជា​ច្រើន​ដង​ហើយ​បាន​ហែក​​សាកសព​ជា​ពីរ​កំណាត់ បន្ទាប់​ពី “​ខឹង​ក្តៅក្រហាយ​” ពេល​មេឃ​កំពុង​ក្តៅ​ខ្លាំង​។​

​ដំរី​អាយុ ២០ ឆ្នាំ​នេះ​បាន​ទាញ​ឈើ​កៅស៊ូ​ចេញ​ពី​ចម្ការ​ក្រោម​អាកាសធាតុ​ក្តៅ ៣១ អង្សា​សេ​ក្នុង​ខេត្ត​ផាង​ង៉ា (Phang Nga) ភាគ​ខាងត្បូង​ប្រទេស​ថៃ​អស់​រយៈពេល​បួន​ថ្ងៃ​នៅពេល​ដែល​វា​ងាក​មក​ប្រ​​ឆាំង​នឹង​ហ្ម​ដំរី​។​

​មន្ត្រី​ប៉ូលិស​និង​អ្នក​ជួយ​សង្គ្រោះ​ត្រូវ​បាន​ទូរស័ព្ទ​ហៅ​ទៅ​កាន់​កន្លែងកើតហេតុ​កាលពី​ថ្ងៃទី ១៧ ខែ​សីហា កន្លែង​ដែល​ពួកគេ​បាន​រកឃើញ​សាកសព​លោក​វង់​ហ្វា​អេ​តដាច់​ជា​ពីរ​នៅក្នុង​ថ្លុកឈាម​។​

​មន្ត្រី​បសុសត្វ​និង​អ្នក​ស្ម័គ្រចិត្ត​បាន​ស្វែងរក​ដំរី​នោះ ហើយ​បាន​រកឃើញ​វា​នៅ​ចម្ងាយ​ប្រហែល ៤៦០ ម៉ែត្រ​ពី​សាកសព​លោក​វង់​ហ្វា​អេ​ត​។​

​បន្ទាប់មក ពួកគេ​បាន​បាញ់​ធ្នូ​ថ្នាំ​សណ្តំ​ទៅ​លើ​ដំរី​ផុ​មផាម​ពី​ចម្ងាយ​ប្រហែល ៥០០ ម៉ែត្រ​ដើម្បី​ឱ្យ​អ្នក​ជួយ​សង្គ្រោះ​អាច​ចូល​ទៅ​យក​សាកសព​សេសសល់​។​

​មន្ត្រី​បសុសត្វ​ក្រោយមក​បាន​ដឹក​ជញ្ជូន​ដំរី​ទៅ​កន្លែង​របស់​ពួកគេ​ដើម្បី​ស្តារនីតិសម្បទា​ឡើងវិញ​៕

​ដំរី​ឈ្មោះ​ផុ​មផាម​សម្លាប់​ហ្មរ​បស់​វា​ពេល​ប្រើ​វា​អូស​ឈើ​ទាំង​មេឃ​កំពុង​ក្តៅ​ខ្លាំង