​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាយករដ្ឋមន្ត្រីហ្វាំង​ឡង់ លោកស្រី សាន​ណា ម៉ា​រី​ន (Sanna Marin) កាលពី​ថ្ងៃ​ពុធ​ទី​២៤​សីហា​បាន​ថ្លែង​សុន្ទរកថា​ទាំង​ទឹកភ្នែក​ខណៈ​លោកស្រី​និយាយ​​ទៅកាន់​ហ្វូង​មនុស្ស​អំពី​ពិធីជប់លៀង​របស់លោក​ស្រី បន្ទាប់​ពី​មិត្ត​របស់​លោកស្រី​បាន​សុំទោស​ចំពោះ​ការ​បង្ហោះ​រូប​អត់​ពាក់អាវ​នៅក្នុង​គេហដ្ឋាន​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​។​

​លោកស្រី​ម៉ា​រី​ន​អាយុ ៣៦ ឆ្នាំ​បាន​សម្រក់​ទឹកភ្នែក​នៅ​ពេល​លោក​ស្រី​សារភាព​ថា​លោកស្រី “​ក៏​ជា​មនុស្ស​ដែរ​” ហើយ​ថា “​សប្តាហ៍​នេះ​មិន​ងាយស្រួល​នោះទេ​”​បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​ប្រឈមមុខ​នឹង​​ការ​ពិនិត្យពិច័យ​យ៉ាង​សាហាវ​ជុំវិញ​ការ​ជប់លៀង​ជាមួយ​មិត្តភក្តិ​។​

​រូបថត​មួយ​សន្លឹក​បាន​លេចឡើង​កាលពី​ថ្ងៃ​អង្គារ បង្ហាញ​មិត្ត​របស់​លោកស្រី​ម៉ា​រី​ន​និង​ជា​តារា​បង្ហាញ​ម៉ូត ឈ្មោះ សា​ប៊ីណា សាក់​កា (Sabina Särkkä) អាយុ ៣៣ ឆ្នាំ​កំពុង​ព្រលែង​ល្វែងលើ ខណៈ​កំពុង​ថើប​មិត្តភក្តិ​ដោះអាវ​ម្នាក់​របស់​នាង​នៅក្នុង​គេហដ្ឋាន​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី ហៅថា កេសា​រ៉ា​ន់តា (Kesäranta)​។​

​នាង​សាក់​កា​អាយុ ៣៣ ឆ្នាំ​បាន​សុំទោស​ចំពោះ “​អាកប្បកិរិយា​មិន​សមរម្យ​” របស់​នាង​បន្ទាប់ពី​រូបភាព​នេះ​បាន​លេច​ចេញ​មក ដោយ​និយាយថា នាង “​សុំ​ទោស​ជា​ខ្លាំង​”​ដែល​បណ្តាល​ឱ្យ​មាន​ការ​អា​​ម៉ាស់​បន្ថែមទៀត​ដល់​មេដឹកនាំ ដែល​កំពុង​រង​ការរិះគន់​ចំពោះ​ពិធី​ជប់លៀង​នេះ​។​

​រូបថត​នេះ​បាន​ចេញ​មក​បន្ទាប់ពី​វីដេអូ​មួយ​បាន​ផុស​ឡើង​បង្ហាញ​លោកស្រី​ម៉ា​រី​ន​រាំ​និង​ច្រៀង​ជាមួយ​មិត្តភក្តិ​នៅ​ក្នុង​ក្លិប​រាត្រី​មួយ​។​

​កាលពី​ថ្ងៃ​ពុធ លោកស្រី​ម៉ា​រី​ន​មាន​អារម្មណ៍​រំជួលចិត្ត ពេល​លោក​ស្រី​និយាយ​ទៅកាន់​ហ្វូង​មនុស្ស​នៅ​ទីក្រុង​ឡា​ធី (Lathi) ភាគ​ខាងត្បូង​ប្រទេស​ហ្វាំង​ឡ​ង់ អំពី​របៀប​ដែល​ទិដ្ឋភាព​នៃ​ជីវិត​ឯកជន​របស់​លោកស្រី​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហ្វាំង​ឡ​ង់​បាន​ដកស្រង់​សម្តី​លោកស្រី​ម៉ា​រី​ន​និយាយ​ទាំង​ទឹកភ្នែក យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ​”​។ លោកស្រី​បាន​បន្ថែមថា លោកស្រី​មិន​ដែល​ខកខាន​ចូលរួម​ម៉ោង​ការងារ ព្រោះតែ​លោកស្រី​ឆ្លៀត​កម្សាន្ត​ពេលទំនេរ​នោះទេ​។​

​លោក​ស្រី​និយាយថា “​ខ្ញុំ​ធ្វើ​ការងារ​របស់​ខ្ញុំ​។ ខ្ញុំ​រៀនសូត្រ​ពី​រឿង​នេះ​។ សប្តាហ៍​នេះ​មិន​ងាយស្រួល​ទេ​។ វា​មាន​ការលំបាក​។ ប៉ុន្តែ​ខ្ញុំ​ចង់​ជឿថា មនុស្ស​ត្រូវ​មើល​ទៅលើ​ការងារ​ដែល​យើង​ធ្វើ មិនមែន​អ្វីដែល​យើង​ធ្វើ​ក្នុងពេល​ទំនេរ​របស់​យើង​នោះ​ទេ​”៕

​លោកស្រី​ម៉ា​រី​ន​ថ្លែង​ទាំង​ទឹកភ្នែក​រឿង​ជប់លៀង​ជាមួយ​មិត្តភក្តិ​