នាវាចម្បាំង​ចិន​ធ្វើ​សមយុទ្ធ​ជិត​កោះ​តៃវ៉ាន់​ខណៈ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ទៅដល់​ក្រុង​ប៉េកាំង​

3246
ចែករម្លែក

នាវាចម្បាំង​ចិន​មួយ​កង បាននិងកំពុង​ធ្វើ​សមយុទ្ធ​រាល់ថ្ងៃ​ជិត​មួយ​សប្តាហ៍​មកហើយ​នៅក្នុង​ដែនទឹក​ជិត​កោះ​តៃវ៉ាន់ នេះ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​និយាយ​កាល​​ពីថ្ងៃ​អង្គារ​ទី​២៦​មិថុនា ចំពេល​មាន​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​កោះ​គ្រប់គ្រង​ដោយ​ខ្លួនឯង​មួយ​នេះ​។​

​ព័ត៌មាន​អំពី​ការហ្វឹកហាត់​ប្រយុទ្ធ​នេះ​បាន​លេចឡើង​ខណៈ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក ជី​ម ម៉ា​តទី​ស ត្រូវ​ទៅដល់​ចិន​នៅ​ថ្ងៃ​អង្គារ​នេះ​សំរាប់​ទស្សនកិច្ច​ផ្លូវការ​មួយ​។​

​ការចេញផ្សាយ​មួយ​ដោយ​កងទ័ព​ចិន​បាន​និយាយថា​ចាប់តាំងពី​ថ្ងៃ​១៧​មិថុនា​មក នាវាចម្បាំង​មួយ​កង​នៃ​កងទ័ពជើងទឹក​ចិន រួមមាន​មាន​នាវា​ហ្វ្រី​ហ្កា​ត​ប្រភេទ Type 054Aនិង​នាវា​ពិឃាត​ប្រភេទ​Type 052C បាននិងកំពុង​ហ្វឹកហាត់​នៅក្នុង​ដែនសមុទ្រ​ជិត​កោះ​តៃវ៉ាន់ រួមមាន​ដៃសមុទ្រ​Bashi Channel និង​ច្រក​សមុទ្រ​Taiwan Strait​។​

​វា​បន្ថែមថា “​សមយុទ្ធ​នេះ​បាន​សាកល្បង​លទ្ធភាព​យោធា​ក្នុងការ​ហ្វឹកហាត់​របស់​នាវា អាកាសចរណ៍​និង​ទាហាន​ការពារ​ឆ្នេរ ទល់នឹង​ការប្រយុទ្ធ​នៅ​តំបន់​ជាច្រើន​ក្នុង​​សមុទ្រ​”​។​

​គេ​មិនដឹងថា​តើ​ការហ្វឹកហាត់​នេះ​ចប់​នៅពេលណា​។​

​ចិន​អះអាង​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន និង​មិនដែល​បដិសេធ​ការប្រើ​កម្លាំង​ដើម្បី​នាំ​វា​មក​នៅក្រោម​ការគ្រប់គ្រង​របស់ខ្លួន​ទេ​ខណៈ​កោះ​តៃវ៉ាន់​មិនបាន​​បង្ហាញ​ចំណង់​ចង់​នៅក្រោម​ការគ្រប់គ្រង​រប​ស់​បក្ស​កុំម្មុយនីស្ត​នៅ​ក្រុង​ប៉េកាំង​។​

​សហរដ្ឋអាមេរិក​កាន់តែ​ធ្វើអោយ​ចិន​ខឹង​ដោយសារតែ​បង្ហាញ​ភាពជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ក្រុង​តៃ​ប៉ិះ​ខ្លាំង​ឡើង រួមមាន​ការបង្កើត​វិទ្យា​សា្ថ​ន​តែ​តាមពិត​ស្ថានទូត​អាមេរិក​​ថ្មី​មួយ​ប្រចាំ​តៃវ៉ាន់​និង​អនុម័ត​ច្បាប់​មួយ​ដែល​លើកទឹកចិត្ត​អោយ​មន្ត្រី​អាមេរិក​និង​តៃវ៉ាន់​ផ្លាស់ប្តូរ​ទស្សនកិច្ចរ​វា​ង​គ្នា​ជាដើម​។​

​បញ្ហា​កូរ៉េខាងជើង​និង​សកម្មភាព​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ក៏​ជា​ប្រភព​រកាំចិត្ត​រវាង​មហាអំណាច​ទាំងពីរ​ដែរ​។​

​កាលពី​ដើមខែ​នេះ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​បាន​ព្រមាន​អំពី​ការបំភិតបំភ័យ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​លោក​បាន​និយាយថា សហរដ្ឋអាមេរិក​ត្រៀមខ្លួន​”​ប្រជែង​យ៉ាង​ស្វាហាប់​” បើ​ចាំបាច់​។​

​តែ​ចិន​តែងតែ​រំលឹក​អាមេរិក​ថា​ការទទួលស្គាល់​គោលនយោបាយ​”​ចិន​តែមួយ​”​ជា​គ្រឹះ​សំរាប់​ទំនាក់ទំនង​ទ្វេភាគី​និង​ថា​តៃវ៉ាន់​គឺជា​បញ្ហា​សំខាន់បំផុត​នៅក្នុង​ទំនាក់ទំនង​នេះ​។​

​មន្ត្រី​អាមេរិក​ក៏បាន​បង្ហើប​អោយដឹង​នៅ​ខែ​នេះ​ថា អាមេរិក​កំពុង​ពិចារណា​បញ្ជូន​នាវាចម្បាំង​មួយ​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។​ការឆ្លងកាត់​បែបនេះ​នឹង​ត្រូវគេ​មើលឃើញ​នៅ​​តៃវ៉ាន់​ថា​ជា​សញ្ញា​នៃ​ការគាំទ្រ​ថ្មី​មួយ​ដោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​៕ដោយ:វាសនា

នាវាចម្បាំង​នៃ​កងទ័ពជើងទឹក​ចិន​

ទីតាំងផ្សាយពាណិជ្ជកម្ម