​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈលោក អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា អគ្គនាយក បេឡា​ជាតិ​សន្តិសុខ​សង្គម បាន​អញ្ជើញ​ចូលរួម​ផ្សព្វផ្សាយ ស្ដីពី​ការដាក់ឱ្យ​អនុវត្ត​រប​ប​សន្តិសុខ​សង្គម ផ្នែក​ប្រាក់​សោធន​សម្រាប់​បុគ្គល / តួអង្គ និង​អ្នកគ្រប់គ្រង​ទាំងឡាយ ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្ដីពី​ការងារ នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២២ នៅ​សាលាខេត្ត​បន្ទាយមានជ័យ​។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថាៈ ការផ្សព្វផ្សាយ ដាក់ឱ្យអនុវត្ត របប​សន្តិសុខ​សង្គម ផ្នែក​ប្រាក់​សោធន សម្រាប់​បុគ្គល​ទាំងឡាយ ស្ថិតក្រោម​បទ​ប្បញ្ញា​តិ្ត នៃ​ច្បាប់​ស្តីពី​ការងារ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើឱ្យ​កម្ពុ​ជាមាន​សុខសន្តិភាព ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ធានា​ដល់​ការរីកចម្រើន​គ្រប់​វិស័យ និង​កំពុង​ប្រែ​មុខមាត់​ថ្មី លើ​ឆាក​អន្តរជាតិ​។​

​ទន្ទឹមនឹង​ការរីកចម្រើន​ឥតឈប់ឈរ ប្រព័ន្ធ​សន្តិសុខ​សង្គម គឺជា​កត្តា​សំខាន់ ដើម្បី​សម្រេច បាន​នូវ​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​របស់ រាជរដ្ឋាភិបាល​ឆ្នាំ ២០១៦-២០២៥ ដែល​ប្រែក្លាយ​ឋានៈ របស់​កម្ពុជា ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០​។

​ប្រព័ន្ធ​សន្តិសុខ​សង្គម ជា​ប្រព័ន្ធ​សម្រាប់​គ្រប់គ្រង កម្មវិធី​សន្តិសុខ​សង្គម​ដែល​រៀបចំឡើង ដើម្បី​ជួយ​ដល់​ប្រជាជន ក្នុងការ​ការពារ​ពួកគាត់ នៃ​ការធ្លាក់ចុះ​ភ្លាមៗ នៃ​ប្រាក់ចំណូល ដែល​បណ្ដាលមកពី​ជំងឺ លំហែ​មាតុភាព គ្រោះថ្នាក់​ការងារ និកម្មភាព ទុព្វលភាព ជរាភាព ចូលនិវត្តន៍ និង​មរណ ភាព អ្នក​ដែល​រក​ចំណូល​សម្រាប់​គ្រួសារ និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ គ្រប់រូប ចូលរួម​សន្សំ​ប្រាក់ ឬ បង់​វិភាគទាន ជា​កាតព្វកិច្ច ទៅតាម​អត្រា​ជាក់លាក់ នៅក្នុង​មូលនិធិ ដើម្បី​ការពារ​ហានិភ័យ ដើម្បី​ចូលរួម​លើកកម្ពស់ និង​អនុវត្ត​នូវ​គោល នយោបាយ​ជាតិ​គាំពារ​សង្គម ឆ្នាំ​២០១៦-២០២៥ របស់​រាជរដ្ឋាភិបាល ក៏ដូចជា ការអនុវត្ត​ការងារ​របស់ខ្លួន​។​

​លោក​បាន​បន្តថាៈ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បានដាក់​ចេញ​នូវ​សកម្មភាព ការងារ​ផ្សេងៗ និង​ចូលរួម​យ៉ាងសកម្ម លើ​ការងារ​សង្គម ព្រមទាំង​បាន​កៀរគរ​ប្រមូល វិនិយោគិន ជាច្រើន​នាក់ បានផ្ដល់​ការងារ ដល់​ប្រជាពលរដ្ឋ ទាំង​ក្នុង និង​ក្រៅ​ខេត្ត​។​

​លោក ក៏បាន​សំណូមពរ​អស់លោក លោកស្រី ចូលរួម​ត្រង់ត្រាប់​ស្ដាប់ ការធ្វើ​បទ​បង្ហាញ របស់​ក្រុមការងារ និង​ចូលរួម​ផ្តល់​ជា​មតិយោបល់ ឱ្យបាន​ផុសផុល ដើម្បី​ជា​មូលដ្ឋាន ក្នុងការ​ចូលរួម​អភិវឌ្ឍ និង​លើកកម្ពស់​ប្រព័ន្ធ​សន្តិសុខ​សង្គម ក្នុង​គោលបំណង​សម្រេចបាន នូវ​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ឆ្នាំ​២០១៦-២០២៥ របស់​រាជរដ្ឋាភិបាល​។​

​លោក អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា អគ្គនាយក បេឡា​ជាតិ​សន្តិ សុខ​សង្គម បានលើកឡើង​ថាៈ ការបើក​វគ្គ​ផ្សព្វផ្សាយ គឺជា​យុទ្ធនាការ ៩០ ថ្ងៃ ក្នុងការ​ផ្សព្វផ្សាយ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ក៏ដូចជា​អត្ថប្រយោជន៍ សិទ្ធិ និង​កាតព្វកិច្ច រវាង​បងប្អូន​កម្មករ និយោជិត និង​និយោជក រួមទាំង​ការទទួលបាន ពី​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម ផ្នែក​ប្រាក់​សោធន ជា​វិធី​មួយ​ដ៏​មាន​អត្ថន័យ និង​ជា​ប្រវត្តិសាស្ត្រ នៃ​វិស័យ​សន្តិសុខ​សង្គម ប្រទេស​កម្ពុជា​។ បញ្ហា​នេះ ត្រូវបាន​គិតគូរ​ពី រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានអនុម័ត​ច្បាប់ ស្តីពី​របប​សន្តិសុខ​សង្គម កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយ​កំណត់ឱ្យ​បេឡា​ជាតិ​សន្តិសុខ​សង្គម ហៅ​កាត់​ថា (​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល គឺជា​ស្ថាប័ន​ប្រតិបត្តិ​ករ តែមួយគត់ អនុវត្ត​រប​បស ន្តិ​សុខ​សង្គម នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមមាន ផ្នែក​ហានិភ័យ​ការងារ ផ្នែក​ថែទាំ​សុខភាព ផ្នែក​ប្រាក់​សោធន និង​ផ្នែក​និកម្មភាព​ការងារ​។​

​សម្រាប់ ” ជំហាន​ឆ្ពោះទៅកាន់​ការអភិវឌ្ឍ​ប្រព័ន្ធ​សន្តិសុខ​សង្គម ពេញលេញ​នៅ​កម្ពុជា​” និង​ជា​ចំណែក​ក្នុ ង​ការអភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម​មួយ​ដ៏​រឹងមាំ ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ដើម្បី​ជា​ប្រយោជន៍ សម្រាប់​ប្រជាជន​គ្រប់​ក្រុម​គោលដៅ ជាពិសេស ការបង្ការ​ហានិភ័យ​ខ្ពស់ នៃ​ការធ្លាក់​ចូលក្នុង​ភាពក្រីក្រ​នៅពេល​ចូលដល់​វ័យចាស់​ជរា​៕/V​