​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោក លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកម្ម​ពិសេស អនុប្រធាន​ទី​១ អាជ្ញាធរ​មីន និង​លោក ម៉ែន វិបុល អភិបាល​នៃ គណៈ​អភិបាល ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២២ នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល ជាមួយ​ប្រតិ​ប​តិ្ត​ករ បោសសម្អាត​មីន ស៊ីម៉ាក់ ដែល​ដាក់ពង្រាយ កម្លាំង​បោសសម្អាត​មីន នៅ​ខេត្តស្វាយរៀង ក្រោម​គម្រោង​សម្តេច​តេ​ជោ សម្រាប់​សកម្មភាព​មីន ក្រោម​មូលបទ “​ផ្តល់​ដី​មាន​សុវត្ថិភាព បង្កើត​ស្នាមញញឹម​” ស្ថិតនៅ​ភូមិ​ធ្នង់ ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ខេត្តស្វាយរៀង​។

​នៅក្នុង​ពិធី​នេះ លោក​អភិបាលខេត្ត​ស្វាយរៀង បាន​មានប្រសាសន៍ថាៈ ជំនួសមុខ​ឱ្យ រដ្ឋបាលខេត្ត​ស្វាយរៀង លោក​សូម​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​វត្ដ​មាន លោក​ទេសរដ្ឋមន្ដ្រី អនុប្រធាន​ទី​១ អាជ្ញាធរ​មីន លោក លោកស្រី ព្រមទាំង​កងកម្លាំង បោសសម្អាត​មីន ស៊ីម៉ាក់ ដែល​បាន​ចំណាយពេល​វេលា​ដ៏​មមាញឹក និង​មានតម្លៃ​ផ្ដល់ កិ​ត្ដិ​យស​អញ្ជើញ​ជា​អធិបតី និង​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល ដ៏​មាន​សារៈសំខាន់ នាពេលនេះ និង​អគុណ​ចំពោះ​អាជ្ញាធរ​មីន​កម្ពុជា ដែល​បានរៀបចំ​ឲ្យ​មាន​ពិធី​សំណេះ សំ​ណា​ល នៅថ្ងៃនេះ ដែល​មិន​ត្រឹមតែ​បានបង្ហាញ​ឲ្យ​ឃើញ ពី​ការគិតគូរ​យកចិត្តទុកដាក់ ខ្ពស់ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន​កម្ពុជា ចំពោះ​សុខទុក្ខ​របស់​កងកម្លាំង​ប្រតិ​ប​ត្ដិករ បោសសម្អាត​មីន របស់​យើង​ប៉ុណ្ណោះ ប៉ុន្តែ​ក៏​ជាការ​លើកទឹកចិត្ត ផ្ដល់នូវ​កម្លាំងចិត្ត ដល់​យើងទាំងអស់គ្នា ពី​គ្រប់ភាគី​ពាក់ព័ន្ធ ឲ្យ​ខិតខំ​រួមគ្នា​ពុះពារ​សម្រេច​នូវ​បេសកកម្ម​ជាតិ ដ៏​មាន​សារៈសំខាន់ គឺ​ការបោះសម្អាត​សំណល់​ជាតិ​ផ្ទុះ ឲ្យ​អស់ពី​ក្រោម​ដី ដើម្បី​សុខ​សុវត្ថិភាព របស់​ប្រជាពលរដ្ឋ និង​សម្រេច​គោលដៅ ឈានទៅ​ប្រកាស ខេត្ដ​ស្វាយរៀង ជា​ខេត្ដ​អស់​មីន នាពេលខាងមុខ ហើយ​ដែល​នេះ ក៏​ជាការ​ផ្សព្វផ្សាយ ពី​ការចាប់ផ្ដើម​អនុវត្ត​នូវ​គម្រោង សម្ដេច​តេ​ជោ សម្រាប់​សកម្មភាព​មីន ក្រោម​មូលបទ «​ផ្ដល់​ដី​មាន​សុវត្ថិភាព បង្កើត​ស្នាមញញឹម​» ក្នុងភូមិ​សាស្ត្រ​ខេត្តស្វាយរៀង ដល់​ភាគី​ពាក់ព័ន្ធ សាធារណជន និង​ប្រជាពលរដ្ឋ បាន​ជ្រាប និង​ចូលរួម​គាំទ្រ​អនុវត្ត ផងដែរ ។

​លោក​បាន​បន្ថែមថាៈ ក្នុងនាម​រដ្ឋបាលខេត្ត សូម​ប្ដេជ្ញា​គាំទ្រ និង​ចូលរួម​សហការ​យ៉ាង ពេញទំហឹង​ជាមួយ កម្លាំង​អាជ្ញាធរ​មីន កម្លាំង​ប្រតិ​ប​ត្ដិករ​បោសសម្អាត​មីន ស៊ីម៉ាក់ និង​ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​អតីតយុទ្ធជន ដែល​បានដឹង និង​ស្គាល់ ទីតាំង​កប់​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ផ្សេងៗ សូម​សហការ​ផ្ដល់ព័ត៌មាន អំពី​ទីតាំង​ទាំងនោះ ដល់​អាជ្ញាធរ​ដែនដី កម្លាំង​បោសសម្អាត​មីន ដើម្បី​យើង​រៀបចំ​ផែនការ ធ្វើការ​បោសសម្អាត ប្រមូល​យកទៅ​កម្ទេចចោល សំដៅ​ធានា​ផ្ដល់​សុវត្ថិភាព ដល់​ការប្រើប្រាស់​ដី និង​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន គ្រប់លំដាប់​ថ្នាក់ ត្រូវ​បង្កលក្ខណៈ​ងាយ ស្រួល និង​ផ្ដល់​កិច្ចសហការ​ឲ្យ​ពេញលេញ ដល់​កម្លាំង​ប្រតិ​ប​ត្ដិករ​បោសសម្អាត​មីន​ស៊ីម៉ាក់ ដែល​កំពុង​អនុវត្ដ​ក្រោម​គម្រោង សម្ដេច​តេ​ជោ សម្រាប់​សកម្មភាព​មីន ក្រោម​មូលបទ «​ផ្ដល់​ដី​មាន​សុវត្ថិភាព បង្កើត​ស្នាមញញឹម​» ឲ្យ​បំពេញការងារ​ប្រកបដោយ​សុវត្ថិភាព និង​ជោគជ័យ​តាម​ផែនការ ដែល​បាន​គ្រោងទុក ៕/V