​ដោយៈ សុ​ផានី​តា / កោះកុង​៖ អាជ្ញាធរ​ស្រុក​គិរីសាគរ ព្រមាន​អ្នក​សង់​ខ្ទម​អនាធិបតេយ្យ ដោយ​បំពាន ប្រមាណ​៧០ ដែល​លួច​សង់​លើដី​របស់​ក្រុមហ៊ុន ញូ​ញៀន និង​ដី​ឧទ្យាន​ជាតិ ដោយ​ឱសានវាទ​ឱ្យ​រើរុះ​ចេញ​ជាបន្ទាន់ នៅ​ចុងខែ​សីហា នេះ​។ ការព្រមាន​នេះ បានធ្វើ​ឡើង​ដោយសារ​អាជ្ញាធរ​ស្រុក​គិរីសាគរ រកឃើញថា ប្រព្រឹត្ត​ខុសច្បាប់ ក្រោម​ហេតុផល គិត​ប្រយោជន៍​ផ្ទាល់ខ្លួន និង​ជឿ​តាម​ការ​ញុះញង់​របស់​ក្រុម​បុគ្គល មួ​ួ​យ​ចំនួន​តូច ស្ថិតនៅ​ភូមិ​ពាម​កាយ ឃុំ​កោះ​ស្តេច និង​ភូមិ​តានី ឃុំ​ភ្ញី​មាស​។​

​លោក ទួន ឪ​ទី អភិបាលរង​ស្រុក​គិរីសាគរ បានបញ្ជាក់ នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២២​ថាៈ ទីតាំង​ដែលមាន​ខ្ទម​ទាំងនោះ សង់​នៅលើ​ដី​តំបន់​អភិវឌ្ឍន៍ អាងទឹក​ស្អាត របស់​ក្រុមហ៊ុន ញូ​ញៀន និង​តំបន់​ឧទ្យាន​ការពារ​ធម្មជាតិ របស់​ក្រសួងបរិស្ថាន ដែល​ទើបតែ​សង់​ជាង ១​ខែ​នេះ​ប៉ុណ្ណោះ​។​

​លោក​អភិបាលស្រុក បាន​បន្ថែមថាៈ អាជ្ញាធរ​របស់លោក ទុកពេល​វេលា រហូតដល់​ថ្ងៃទី ៣១ ខែសីហា ចាប់​ពីថ្ងៃ​ជូនដំណឹង​ណែនាំ កាលពី​ថ្ងៃទី​២៣ សីហា កន្លងទៅ ដោយ​ធ្វើ​យ៉ាងម៉េច ពលរដ្ឋ​ត្រូវ​ស្ម័គ្រចិត្ត រើរុះ​ចេញ​ជាបន្ទាន់ ដោយ​ខ្លួនឯង ពុំ​នោះទេ នឹងមាន​វិធានការ​ផ្លូវច្បាប់ ជាក់​ជាពុំខាន​។​

​បញ្ហា​នេះដែរ អាជ្ញាធរ អះអាងថាៈ កន្លងទៅ​ថ្មីៗ អាជ្ញាធរ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ធ្លាប់បាន​ចុះ​ពិនិត្យ​ដោះស្រាយ និង​ហាមឃាត់​ម្តង​មិន​ឱ្យមាន​ការសង់​ខ្ទម​បែបនេះ​ទេ ព្រោះតែ​មានតែ ១៣ ខ្ទម​ប៉ុណ្ណោះ ក៏ប៉ុន្តែ​គិត​មកទល់​បច្ចុប្បន្ន មាន​ជាង ៧០ ខ្ទម ទៅហើយ​។ សកម្មភាព​លួច​ធ្វើ​ខ្ទម​ខុសច្បាប់ រឹងរឹតតែ​គ្មាន​ឯកសារ​បញ្ជាក់​ណាមួយ​ថា ពួកគាត់​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី នៅ​តំបន់​នោះទេ​។​

​យោងតាម​កំណត់ហេតុ​វាយតម្លៃ របស់​អាជ្ញាធរ​ជំនាញ​ស្រុក​គិរីសាគរ បង្ហាញថាៈ ខ្ទម​ជាង ៧០ ខ្ទម បែប​អនាធិបតេយ្យ នៅ​តំបន់​ទំនាស់​ខាងលើ រង​ការរំលោភបំពាន​ធ្វើជា​កម្មសិទ្ធិ មាន​ផ្ទៃដី​ទំហំ ៦០ ទៅ ៧០ ហិកតា ដោយ​ក្នុង​១​គ្រួសារ ចូល​ទន្ទ្រាន​ពី ១ ហិកតា ទៅ ២ ហិកតា ក្រោម​ការបំពាន​សង់​ខ្ទម និង​ដាំ​ដុះ​ធ្វើ​កសិកម្ម​។​

​តាម​ការចុះ​ណែនាំ​ឱ្យ​ពលរដ្ឋ រើរុះ​ដោយ​ស្ម័គ្រចិត្ត កន្លងទៅ ពលរដ្ឋ​ដែល​សង្ស័យថា ចូល​ទន្ទ្រាន​កាន់កាប់​ធ្វើ​ខ្ទម លើដី​វិនិយោគឯកជន និង​ឧទ្យាន​ការពារ​ធម្មជាតិ តប​ឆ្លើយ មក​អាជ្ញាធរ​វិញ​ថា ប្រសិនបើ​ឱ្យ​ពួកគេ​រើរុះ លុះត្រា​តែមាន​ដំណោះស្រាយ ជា​សំណង ទូទាត់ ទើប​យល់ព្រម​។ ចំណុច​នេះ អាជ្ញាធរ​ស្រុក មិនទាន់​អាច​បំភ្លឺ​បាន​នោះទេ ដោយ​រង់ចាំ​សុំ​គោលការណ៍ ពី​ថ្នាក់ដឹកនាំ​ខេត្ត​៕/V​