ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ សាធារណរដ្ឋ​កូរ៉េ នឹង​ជួយ​កម្ពុជា មាន​ទាំង​ថវិកា ការបណ្តុះបណ្តាល​ជំនាញ និង​ចែករំលែក​បទពិសោធន៍ ការងារ​ល្អៗ​មួយចំនួន​ដល់​កម្ពុជា លើ​ផ្នែក​ស្តារនីតិសម្បទា ទៅដល់​កម្មករ និយោជិត ដែល​ទទួលរង​នូវ​គ្រោះថ្នាក់​ការងារ​។ នេះ​បើតាម​ការបញ្ជាក់​ពី​សំណាក់​មន្ត្រី នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​កម្ពុជា​។​

​គួរ​បញ្ជាក់ថា ការសន្យា​បែបនេះ ពី​ភាគី​កូរ៉េ ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ រវាង​លោក JAEKAP LEE អតីតរដ្ឋមន្ត្រី​ក្រសួង​ការងារ និង​មុខរបរ នៃ​សាធារណរដ្ឋ​កូរ៉េ និង​បច្ចុប្បន្ន ជា​អ្នកគ្រប់គ្រង​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ ផ្នែក​ស្តារនីតិសម្បទា​នៅ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​បាន​ចូលជួប​សម្តែង​ការគួរសម ជាមួយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង​ការងារ​។​

​លោក អ៊ិត សំហេង បាន​ចូលរួម​អបអរសាទរ និង​ទទួល​ស្វាគមន៍ យ៉ាង​ក្តៅ​បំផុត ចំពោះ​វត្តមាន​របស់លោក JAEKAP LEE ដែល​បាន​ដឹកនាំ​គណៈប្រតិភូ មក​ទស្សនកិច្ច ដើម្បី​ជួយឧបត្ថម្ភ​គាំទ្រ​លើ​ផ្នែក​ស្តារនីតិសម្បទា ដល់ក​ម្មករ និយោជិត របស់​កម្ពុជា ដែល​ជួបនឹង​គ្រោះថ្នាក់​ការងារ​នៅ​កន្លែងធ្វើការ​។​

​ពេលមកដល់​កម្ពុជា លោក JAEKAP LEE មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ដោយសារ​ឃើញ​កម្ពុជា មានការ​រីកចម្រើន យ៉ាង​ឆាប់រហ័ស លើ​ការកសាង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​សំខាន់ៗ មានបទពិសោធន៍​លើ​កិច្ចការងារ​ស្តារនីតិសម្បទា របស់​កម្មករ និយោជិត ដែល​ទទួលរង​នូវ​គ្រោះថ្នាក់​ការងារ​នេះ ។ លោក​បាន​បញ្ជាក់ថា រូបលោក ធ្លាប់បាន​ចូលរួម ចងក្រង​ជា​គោលនយោបាយ សម្រាប់​គាំពារ​កម្មករ និយោជិត​កូរ៉េ ដែល​ទទួលរង គ្រោះថ្នាក់ នៅ​កន្លែង​ការងារ និង​ស្តារនីតិសម្បទា​ជូន​ពួកគាត់ អាច​វិលត្រឡប់​ទៅធ្វើ​ការ ដូចដើម​វិញ​បាន​។ ក្រុមការងារ​របស់លោក នឹង​ជួយ​ក្រុមការងារ​កម្ពុជា លើ​ផ្នែក​នេះ ដើម្បី​យកទៅអនុវត្ត​កាន់​តែមាន​ប្រសិទ្ធភាព និង​ជោគជ័យ​។​

​ចំពោះ​ទំនាក់ទំនង លើ​វិស័យ​ការងារ​វិញ លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថាៈ ពលករ​កម្ពុជា ដែល​កំពុង​បម្រើ​ការងារ នៅ​សាធារណរដ្ឋ​កូរ៉េ ប្រមាណ​ជាង ៥ ម៉ឺន​នាក់ ទទួលបាន​នូវ​ចំណេះ ជំនាញ ប្រាក់ចំណូល បទពិសោធន៍​ការងារ រហូត​ក្លាយជា សហគ្រិនភាព​ដ៏​ចំណាន​។ មួយវិញទៀត លើ​ប្រព័ន្ធ​សុវត្ថិភាព និង​សុខភាព​ការងារ (OSH) កូរ៉េ​បានផ្តល់​ការគាំទ្រ​ទាំង​ថវិកា និង​បច្ចេកទេស មកដល់​កម្ពុជា រួមជាមួយ​នឹង​សេវា​ការងារ ដល់ NEA ផងដែរ​។ កូរ៉េ​មានបទពិសោធន៍​ច្រើន ទាំង​គោលនយោបាយ យន្តការ និង​សេវា​សម្បូរបែប លើ​ការគ្រប់គ្រង និង​ដោះស្រាយ បញ្ហា​គ្រោះថ្នាក់​ការងារ ជូន​ដល់ក​ម្មករ និយោជិត​របស់ខ្លួន នឹង​ចែករំលែក​បទពិសោធន៍ ទាំងនេះ មក​ខាង ប​.​ស​.​ស​. យកទៅអនុវត្ត​ឲ្យ​ទទួលបាន ជោគជ័យ​បន្ថែមទៀត​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី ការអភិវឌ្ឍ​រប​បស​ន្តិ​សុខ​សង្គម​របស់ កម្ពុជា មកដល់ពេលនេះ កម្ពុជា បាន​អនុវត្ត​របប​សន្តិសុខ​សង្គម ចំនួន ៣ រួមមាន​៖ ទី​១.​ផ្នែក​ហានិភ័យ​ការងារ អនុវត្ត​នៅ​ឆ្នាំ​២០០៨, ទី​២.​ផ្នែក​ថែទាំ​សុខភាព អនុវត្ត​នៅ​ឆ្នាំ​២០១៦, និង​ទី​៣.​ផ្នែក​ប្រាក់​សោធន ទើប​ប្រកាស​ដាក់ឱ្យអនុវត្ត ចាប់ពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២ នេះ ហើយ​បាននិងកំពុង​ធ្វើ​យុទ្ធនាការ រយៈពេល ៩០ ថ្ងៃ ផ្សព្វផ្សាយ​ការដាក់ឱ្យ​អនុវត្ត​រប​ប​សន្តិសុខ​សង្គម ផ្នែក​ប្រាក់​សោធន​សម្រាប់​បុគ្គល ទាំងឡាយ ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ នៃ​ច្បាប់ ស្តីពី​ការងារ៕/V