​ដោយៈ ភ្នំ​សន្ទុក​/​កំពង់ធំ​៖ ប្រជាពលរដ្ឋ​រស់នៅ​អម​ដង​ស្ទឹងសែន នៅ​ភូមិព​ពឹង និង ភូមិ​កោះ​គ្រប​បាយ នៃ​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ​ជាច្រើន​គ្រួសារ មានការ​ព្រួយបារម្ភ​ពី​ការបាក់​ស្រុតដី​ដល់​លំនៅឋាន​របស់​ពួកគាត់ ខណៈ​អាជីវកម្ម​បូម​ខ្សាច់​មួយកន្លែង​នៅតែ​បន្តសកម្មភាព​ជា​រៀងរាល់ថ្ងៃ ។ ប៉ុន្តែ​មន្ត្រី​ជំនាញ​បាន​អះអាងថា បានធ្វើការ​ជាមួយ​ម្ចាស់​ធ្វើ​អាជីវកម្ម​នេះហើយ​ដោយ​ឱ្យ​ផ្លាស់ប្តូរ​ទីកន្លែង​។​

​លោក ឈរ ឡាយ ជំទប់​ទី​២ តំណាងឱ្យ​ប្រជាពលរដ្ឋ នៅ​ភូមិព​ពឹង​បានឱ្យដឹងថា កន្លងមក​ប្រជាពលរដ្ឋ តែងតែមាន​ការភ័យខ្លាច ខ្លះទៀត​មក​យំ​នៅមុខ​ផ្ទះ​គាត់​ក៏មាន ដោយសារតែ​មានការ​បូម​ខ្សាច់ រយៈពេល ប្រាំ​ឆ្នាំ​ហើយ​ដែល​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ គឺ​នៅ​បូម​នៅ​ទីតាំង​ដដែលៗ ។​ពួកគេ​យក​ឡាន​ខ្នាត​យក្ស ដឹក​ក្នុង​មួយថ្ងៃ រាប់រយ​ម៉ែត្រ​គីប​។ សកម្មភាព​នេះ​បណ្ដាល​ឲ្យ​ស្រុត​ផ្លូវ មកទល់ពេលនេះ​មិនទាន់មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ណា​ជួយ​ដោះស្រាយ​នោះទេ និង​មាន​កន្លែង​ខ្លះ​គឺ​មាត់ច្រាំង​ត្រូវ​បាក់ស្រុត​បណ្ដើរៗ​ហើយ ទាំងនេះ​គឺជា​ហានិភ័យ​ចំពោះ​ពួកគាត់​ខ្លាំងណាស់​។​

​លោក ណឹ​ម ចាន់ថា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពង់ធំ​បាន​ឲ្យ​ដឹង​នា​ថ្ងៃទី​២៥ ខែសីហា​នេះ​ថា ពាក់ព័ន្ធ​ករណី​ខាងលើនេះ​កម្លាំង​ជំនាញ​និង អាជ្ញាធរ​មូលដ្ឋាន រួមទាំង​ម្ចាស់​អាជីវកម្ម បានធ្វើការ​សម្របសម្រួល​ចប់សព្វគ្រប់​អស់ហើយ ដោយ​ម្ចាស់​អាជីវកម្ម បូម​ខ្សាច់​ធ្វើ​កិច្ចសន្យា ប្ដូរ​ទីតាំង​កន្លែង​បូម​ខ្សាច់​នេះ ដោយ​កន្លងមក​ទទួល​ស្គាល់​ថា​មានការ​យល់ច្រឡំ​ព្រំប្រទល់​។​

​លោក​ណឹ​ម ចាន់ថា បន្ត​ឲ្យ​ដឹង​ទៀតថា ចំពោះ​ការលើកឡើង​របស់​ប្រជាពលរដ្ឋ ថា​មានការ​បាក់​ដី​នៅ ចំណុច​ភូមិ​អូរ​សំបួរ គឺ​ពុំមាន​ការពាក់ព័ន្ធ​នឹ ង​ការ​បូម​ខ្សាច់​នេះ​ទេ ដោយសារតែ​ទីតាំង​នោះ​គឺ​នៅ​ឆ្ងាយ​ពី​កន្លែង​អាជីវកម្ម​បូម​ខ្សាច់ ។​

​ចំណែក​លោក សេង សំបូរ តំណាង​អាជ្ញាប័ណ្ណ ផាន់ សុ​ផា​ច រស់នៅ​ភូមិ​ព្រៃ​ព្រាល ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​បានឱ្យដឹងថា ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នេះ គឺ មាន​អាជ្ញាប័ណ្ណ​ទាំងអស់ ។​អាជីវកម្ម​បូម​ខ្សាច់​នេះ​បាន​ដំណើរការ​រយៈពេល​បី​ឆ្នាំ​ហើយ ។ ក្នុង​រយៈពេល​នេះ តែងតែ​ប្រគល់​កញ្ចប់​ថវិកា​ទៅ​អាជ្ញាធរ​ភូមិ​ឃុំ​ដើម្បី​ជួសជុល​ផ្លូវ​នេះ និង​កសាង​ឲ្យ​ជា​ញឹកញាប់​ផងដែរ​។​

​កលោក សេង សំបូរ​បញ្ជាក់​ឲ្យ​ដឹងថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​នៅទីនេះ បើ​មាន​ផលប៉ះពាល់​អ្វី សូម​ប្រា​ប់លោក ធ្វើការ​កែប្រែ​ដើម្បី​បញ្ចៀស​នូវ​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​សណ្ដាប់ធ្នាប់​សាធារណៈ គឺ​រូបលោក​មិន​គេចវេស​នោះទេ​។

​ចំណែក​មតិ​ប្រជាពលរដ្ឋ​ផ្សេងទៀត​បានឱ្យដឹងថា​មន្ត្រី​ជំនាញ​ខេត្ត​ដែល​បាន​ចុះមក​ធ្វើការ​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម ហាក់បី​ជា​មិនបាន​យក​យោបល់ ឬ​មតិ​ផ្សេងៗ ក៏​ជាការ​ស្នើសុំ​ផ្សេង​ឱ្យ​បញ្ឈប់​អាជីវកម្ម ឬក៏​ប្តូ​ទីតាំង​ផ្សេង​ឱ្យមាន​ចំងាយ​ឆ្ងាយ​ជា​ភូមិ​នេះឡើយ​៕​សរន​