ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​អះអាងថា ខ្នោះ​រង់ចាំ បើ​ទណ្ឌិត សម រង្ស៊ី ក្លាហាន​ហ៊ាន​ចូលមក​ប្រទេស​កម្ពុជា ហ៊ាន​ជាប់គុក ព្រោះ​ដីកាចាប់ខ្លួន​មាន​អស់ហើយ​។ ការបញ្ជាក់​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ទណ្ឌិត​មេខ្លោង​ឧទ្ទាម​ក្រៅច្បាប់​កាលពី​ថ្ងៃទី​២៣ ខែសីហា បានប្រកាសថា នឹងធ្វើ​ដំណើរ​ពី​ក្រៅប្រទេស​មក​ចូលរួម​ក្នុង​សវនាការ​នា​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២២ ខាងមុខនេះ ដោយបាន​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​បី​ចំណុច​។

នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ(រូបថតឯកសារ)

​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​២៥​ខែសីហា​នេះ​ថា “​ទណ្ឌិត សម រង្ស៊ី ជាន់ដី​ខ្មែរ​កាលណា​កាន់តែ​ស្រួល​ហើយ ។​កាលណា​ចូលដល់​ដី​ខ្មែរ​ខ្នោះ​ហើយ ព្រោះ​មាន​ដីកា​ច្រើនណាស់ ។​ចំណែក​ការលើកឡើង​របស់​ទណ្ឌិត​រូបនេះ គ្រាន់តែ​ជា​សារ​កម្លា​ចិត្ត​ដើម្បី​កុំ​ឲ្យ​ថា​ខ្លួនឯង​កំសាក តាមពិត​មិន​ហ៊ាន​មក​ទេ​។ បើ​ហ៊ាន​មក​ហ៊ាន​ជាប់គុក ។​គ្មាន​បាន​ចូល​សវនាការ​ទាន់​ទេ ព្រោះ​ដីកាចាប់ខ្លួន​មាន​អស់ហើយ ។​ចាំបាច់​សវនាការ​អី​ទៀត ចូល​គុក​សិន​។ ប៉ុន្មាន​ឆ្នាំ​ហើយ​បូកសរុប​ដូចជា ១២ , ១៣ ដីកា ។​ដីកា​ជាប់​រុំ​ខ្លួន​”​។​

លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌(រូបថតឯកសារ)

ចំណែក​លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​មានប្រសាសន៍ប្រាប់ AMS ថា ការ​កោះ​របស់​របស់​តុលាការ​គឺជា​ការអនុវត្ត​នីតិវិធី​ធម្មតា​របស់​តុលាការ​តាម​បញ្ញត្តិ​ច្បាប់​ដែលមាន​ជា​ធរមាន​ហើយ​ការដាក់​លក្ខខណ្ឌ ឬក៏​ការស្នើសុំ​របស់​ទណ្ឌិត សម រង្ស៊ី គឺជា​រឿង​ផ្សេងទៀត​។ ទោះបីជា​គាត់​ចូល​មិន​ចូល​សវនាការ​ក៏ដោយ គឺ​នីតិវិធី​នៅតែ​ទៅមុខ​តាម​បញ្ញត្តិ​ច្បាប់​ដែលមាន​ជា​ធរមាន​។ ហើយ​កន្លងមក​មិនមាន​អ្នកណា​ហាមឃាត់ ឬក៏​រារាំង​ហាមប្រាម​គាត់​មិន​ឲ្យ​ចូលមក​នោះទេ បើ​គាត់​ចូលមក​ដើម្បី​ចូលរួម​ក្នុង​ដំណើរការ​នីតិវិធីតុលាការ​។​

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ដដែល​បញ្ជាក់ថា “​កន្លងមក​អ្វីដែល​គាត់​ចូលមក​ហ្នឹង គឺជា​ផែនការ​មួយ​ដើម្បី​ប្រមូល​កម្លាំង​ប្រដាប់ ប្រមូល​មនុស្ស​ឲ្យ​មកជួបជុំ​តវ៉ា​ផ្តួលរំលំ​រដ្ឋាភិបាល ។​អា​នឹង​បាន​គេ​មាន​វិធានការ​ឆ្លើយតប​ទប់ស្កាត់​ដូចជា​ពេលកន្លងមក​”​។​

​គួររំលឹកថា តុលាការ​នឹង​បើកសវនាការ​ជំនុំជម្រះ​សំណុំ​រឿងក្តី​រួមគំនិត​ក្បត់ ដែលមាន​ជនជាប់ចោទ សម រង្ស៊ី និង​បក្ខពួក​ចំនួន ៣៣​នាក់ ផ្សេងទៀត សរុប​ចំនួន ៣៤​នាក់ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២២ ខាងមុខនេះ​។ ដីកាកោះ​ជនជាប់ចោទ​ទាំង ៣៤​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ធានី​ភ្នំពេញ​យកទៅ​បិទ​នៅ​ប៉ុស្តិ៍​ន​នគរបាល និង​សាលាសង្កាត់​ចាក់អង្រែលើ នៅ​រសៀល​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២២​នេះ​។​

​សមាសភាព​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៅក្នុង​សវនាការ​លើ​សំណុំរឿង រួមគំនិត​ក្បត់ មានដូចជាៈ លោកស្រី ង៊ុ​ក រ៉េត​គ​ន្ធា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​។ លោក ធ្ធាំ ប៊ុ​ណា្ណ និង​លោកស្រី លី សុខ​វួ​ច ជា​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ លោក សេង ហៀ​ង ជា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​តំណាង​អយ្យការ និង​ឈុន សុវណ្ណ ជា​ក្រឡាបញ្ជី​សវនាការ​។​

​មេខ្លោង​ឧទ្ទាម​ក្រៅច្បាប់ សម រង្ស៊ី និង​បក្ខពួក​ចំនួន ៣៣​នាក់ (​សរុប ៣៤​នាក់​) ជាប់ចោទ​ពីបទ​រួមគំនិត​ក្បត់ ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេង កាលពី​ឆ្នាំ​២០២០ និង​ពេល​បន្តបន្ទាប់ តាម​បញ្ញត្តិ​មាត្រា ៤៥៣ នៃ​ក្រុម​ព្រហ្មទណ្ឌ​៕​សរន​