​ដោយៈ ប​.​ខុន / ភ្នំពេញៈ ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ ពីរ​ជាន់ ប្រភេទ (DBST) មួយ​ខ្សែ​ទៀត របស់​គម្រោង​ពង្រឹងសមត្ថភាព ផលិតភាព​ជនបទ ហៅ​កាត់​ថា (NRRPCP) បាន​បើក​ដំណើរការ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ក្រោម​អធិបតីភាព លោក​បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ប្រវែង ១១.០៨៥ ម៉ែត្រ ទ​ទឺង​ប្រវែង ៧ ម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​ទឹក​ចេញ ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ទៅដល់ ភូមិ​ស្រែ​សារ ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​បន្ទាប់ពី​គម្រោង​នេះ បានផ្តល់​ជូន​ផ្លូវ​មួយ​ខ្សែ នៅ​ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច កាលពី​ថ្ងៃទី​១៧ ខែសីហា រួចមក​។​

​គម្រោង​ជំនួយ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ សម្រាប់​ពង្រឹងសមត្ថភាព​ផលិតភាព​ជនបទ ហៅ​កាត់​ថា (NRRPCP) គាំទ្រ​ដោយ​ធនាគារ​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) ចាប់ផ្ដើម​ពី​ឆ្នាំ​២០២១-២០២៣ មាន​ថវិកា​សរុប​ចំនួន ៦៧ លាន​ដុល្លារ​អាមេរិក ក្នុងនេះ ថវិកា​ចំនួន ៦០ លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​របស់​ធនាគារ​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី និង ៧,៥ លាន​ដុល្លារ​អាមេរិក ជា​ថវិកាបដិភាគ​រប​ស់ រាជរដ្ឋាភិបាល​កម្ពុជា ។​

​គម្រោង​នេះ មាន​សមាសភាព ចំនួន​ពីរ​គឺ ទី​១៖ អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ ជនបទ ដោយ​ត្រូវ​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ ពីរ​ជាន់ ប្រភេទ (DBST) ប្រវែង ១៨៥ គីឡូម៉ែត្រ និង​ផ្លូវ​បេតុង​ប្រវែង ៥០ គីឡូម៉ែត្រ ស្ថាបនា​ស្រះ​ដី​សហគមន៍ ចំនួន ៧៥ ស្រះ ស្ថាបនា​ស្រះ​សហគមន៍​រៀប​ថ្ម ឬ​បេតុង ចំនួន ៧៥ ស្រះ​។ ទី​២៖ អភិវឌ្ឍន៍​ជំនាញ នៅ​ជនបទ និង​ផ្ដល់​សេវា​គាំទ្រ​ដល់​អង្គភាព​គ្រប់គ្រង​គម្រោង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែល​សមាសភាព​ទាំងពីរ​នេះ​អនុវត្ត​នៅក្នុង​ខេត្ត​គោលដៅ​ចំនួន​០៥​រួមមាន​ខេត្តកំពង់ឆ្នាំង ខេត្ត​ប៉ៃលិន ខេត្តព្រៃវែង ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត កោះកុង ៕/V​