​ដោយៈ ភ្នំ​សន្ទុក / កំពង់ធំ​៖ លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ បានឱ្យដឹង​នៅ​ថ្ងៃទី​២៥ ខែសីហា នេះ​ថាៈ ដំណាំ​ស្រូវ​របស់ ប្រជាពលរដ្ឋ ទូទាំង​ខេត្តកំពង់ធំ ខូចខាត​ទាំងស្រុង ចំនួន ៣.៣៥០ ហិកតា ហើយ ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​មួយចំនួន ប៉ុន្តែ​មិនទាន់មាន​ផល ប៉ះពាល់​ដល់​ពលរដ្ឋ និង​ផ្ទះសម្បែង​នៅឡើយ​ទេ នៅក្នុង​អំឡុងពេល​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា ជាច្រើន​មេ ដែល​បង្ក​ឱ្យ​ទឹកស្ទឹង​សែន បន្ត​ហក់​ឡើងជា​បន្តបន្ទាប់ និង​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង រហូតដល់​ការប្រកាសអាសន្ន​។​

​លោក ប៉ែន វណ្ណ​រិ​ទ្ធ បានឱ្យដឹងថាៈ ស្ថានភាព​ទូទៅ ខេត្តកំពង់ធំ រង​ផលប៉ះពាល់​ស្រូវប្រាំង និង​ស្រូវវស្សា ដែល​ប្រជាកសិករ បាន​បង្កបង្កើត​ផល​។ ចំពោះ​ស្រូវប្រាំង ចំនួន ៣.៣៥០ ហិកតា​នោះ ប្រជាកសិករ ច្រូតកាត់​មិនទាន់ ដោយសារតែ​ទឹក​ជន់​ឡើង ជាង​ឆ្នាំមុនៗ ម្យ៉ាងទៀត ដោយសារ​ទឹកភ្លៀង ពី​ដើមរដូវ​ច្រើន​ផង ហើយ​រហូតដល់​ពេលបច្ចុប្បន្ន​នេះ នៅតែ​បន្ត​ភ្លៀង​ធ្លាក់​ជាប្រចាំ ដូច្នេះហើយ ធ្វើ​ឲ្យ​ការបង្កបង្កើត​ផល របស់​ប្រជាកសិករ មានការ​អាក់ខាន រហូត​ខូចខាត ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៣ សីហា កន្លងទៅ​ថ្មីៗ​នេះ លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អមដំណើរ​ដោយ​លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើនរូប បាន​ចុះ​ត្រួតពិនិត្យ ស្ថានភាព​ដំណាំ​ស្រូវ របស់​ពលរដ្ឋ ប្រមាណ ១០៥ ហិកតា នៅ​សង្កាត់​ព្រៃ​អូរ​គន្ធរ ក្នុង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដែល​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង និង​ទឹក​ស្ទឹងសែន​។​

​ទន្ទឹមនឹងនោះ លោក​ទេសរដ្ឋមន្ត្រី គន់ គីម ក៍បាន​ក្រើនរំលឹក ដល់​មន្ត្រី​មូលដ្ឋាន ត្រូវ​បន្ត​តាមដាន ពី​ស្ថានភាព​ទឹកជំនន់ ជាពិសេស​ត្រូវធ្វើ​បច្ចុប្បន្នភាព អំពី​ស្ថានភាព​ស្រូវ លិច​ទឹក​របស់​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ស្នើសុំ​ពូជស្រូវ សម្រាប់​បង្កបង្កើនផល នៅពេល ទឹក​ស្រក​ទៅវិញ ព្រមទាំង​បន្ត​ផ្សព្វផ្សាយ ជូន​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង ស្ទឹងសែន ក្នុង​ខេត្តកំពង់ធំ ត្រូវមាន​ការប្រុងប្រយ័ត្ន​គ្រប់ពេលវេលា ហើយក៏​ត្រូវ​ត្រៀម លក្ខណៈ​គ្រប់បែបយ៉ាង ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ ទៅកាន់​ទីទួល​មាន​សុវត្ថិភាព គ្រា​ទឹកជំនន់ បន្ត​ហក់​ឡើង ដល់​ចំណុច​ប្រកាសអាសន្ន​នេះ​៕/V​