​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ គ្រោះរាំងស្ងួត ដែល​ធ្វើឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយ​រលក​កម្តៅ​បំបែក​ឯតទគ្គ​កម្មបាន​រីក​រាលដាល​ពាសពេញ​ពាក់កណ្តាល​ប្រទេស​ចិន​ហើយ​បាន​ឈាន​ដល់តំ​​បន់​ខ្ពង់រាប​ទី​បេត៍ ដែល​តែងតែ​ត្រជាក់​ជាធម្មតា នេះ​បើ​យោង​តាម​ទិន្នន័យ​ផ្លូវការ​ដែល​ចេញផ្សាយ​មុន​ពេល​សីតុណ្ហភាព​កាន់តែ​ក្តៅ​បន្ថែម​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ សីហា​នេះ​។​

​ប្រទេស​សេដ្ឋកិច្ច​ធំជាងគេ​ទី​ពីរ​របស់​ពិភពលោក​មួយ​នេះ​បាន​រង​ការវាយប្រហារ​ដោយ​កម្តៅ ទឹកជំនន់​ភ្លាមៗ និង​គ្រោះរាំងស្ងួត​បំបែក​ឯតទគ្គ​កម្ម​ដែល​នេះ​ជា​បាតុភូត​មួយ​អ្នកវិទ្យាសាស្ត្រ​និយាយ​​ថា​កាន់តែ​កើតឡើង​ញឹកញាប់​និង​មាន​សភាព​ខ្លាំង​ឡើង​ដោយសារតែ​បម្រែបម្រួល​អាកាសធាតុ​។​

​ក្រសួង​កសិកម្ម​បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា ភាគ​ខាងត្បូង​ប្រទេស​ចិន​បាន​កត់ត្រា​សីតុណ្ហភាព​ខ្ពស់​ជា​បន្ត​យូរ​បំផុត ចាប់តាំងពី​ការកត់ត្រា​អាកាសធាតុ​បាន​ចាប់ផ្តើម​កាលពី​ជាង ៦០ ឆ្នាំមុន​។​

​អ្នកជំនាញ​និយាយថា អាំង​តង់​ស៊ីតេ វិសាលភាព និង​រយៈពេល​យូរ​នៃ​រលក​កម្តៅ អាច​ធ្វើឱ្យ​វា​ក្លាយ​ជា​កំណត់ត្រា​ដ៏​អាក្រក់​បំផុត​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​។​

​គំនូសតាង​មួយ​ពី​មជ្ឈមណ្ឌល​អាកាសធាតុ​ជាតិ​បានបង្ហាញ​កាលពី​ថ្ងៃ​ពុធ ទី​២៤ សីហា​ថា ផ្នែក​ភាគខាងត្បូង​ប្រទេស​ចិន រួម​ទាំង​ខ្ពង់រាប​ទី​បេត៍ កំពុង​ជួបប្រទះ​នឹង​ស្ថានភាព​គ្រោះរាំងស្ងួត “​ធ្ងន់ធ្ងរ​” រហូតដល់ “​វិសាមញ្ញ​”​។​

​តំបន់​រង​ផលប៉ះពាល់​ខ្លាំង​បំផុត គឺ អាង​ទន្លេ​យ៉ាង​សេ ដែល​លាតសន្ធឹង​ពី​ឆ្នេរសមុទ្រ​សៀង​ហៃ​រហូតដល់​ខេត្ត​ស៊ី​ឈាន់​ភាគ​និរតី​ប្រទេស​ចិន គឺជា​លំនៅដ្ឋាន​របស់​មនុស្ស​ជាង ៣៧០​លាន​នាក់​និង​​ផ្ទុក​នូវ​មជ្ឈមណ្ឌល​ផលិតកម្ម​ជា​ច្រើន រួម​ទាំង​ទីក្រុង​ធំៗ​ដូចជា ឆុង​ឈីង ផងដែរ​។​

​រដ្ឋបាល​ឧតុនិយម​ចិន​បាន​ព្យាករណ៍​ថា សីតុណ្ហភាព​ខ្ពស់​នឹង​បន្ត​ឡើង​ដល់ ៤០ អង្សា​សេ​នៅ​ទីក្រុង​ឆុងឈីង​និង​ក្នុង​ខេត្ត​ស៊ីឈាន់ ខេត្ត​ជាំ​ង​ស៊ី និង​ខេត្ត​ចឺ​ជាំង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​៕

​ទន្លេ​ជា​លីង​រីងស្ងួត​ឃើញ​ដល់​បាត