​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (CGTN) ៖ យន្តហោះ YY-20 ឬ Yunyou-20 ដែល​ជា​យន្តហោះ​ចាក់​សាំង​កណ្តាល​អាកាស​ជំនាន់​ថ្មី​របស់​ចិន ត្រូវបាន​បង្ហាញ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ពុធ​ទី​២៤​សីហា អម​ជាមួយ​យន្តហោះ​ចម្បាំង J-20 និង J-16 នៅក្នុង​រូបភាព​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ចាង​ជុន (Changchun) ខេត្ត​ជី​លីន (Jilin) ភាគ​ឦសាន​ប្រទេស​ចិន​។​

​លោក​វរសេនីយ៍ឯក សិន ជីន​កេ (Shen Jinke) អ្នកនាំពាក្យ​នៃ​កងទ័ពអាកាស​នៃ​កងទ័ព​រំដោះប្រជាជន (PLA) បាន​និយាយថា​យន្តហោះ​ដឹក​សាំង​នឹង​បង្ហាញខ្លួន​ជា​ផ្លូវការ​នៅ​ឯ​ទីលាន​ចំហ​​និង​កន្លែង​តាំងពិព័រណ៍​អាកាស​របស់​កងទ័ពអាកាស PLA នៅ​ទីក្រុង​ចាង​ជុន​ចាប់ពី​ថ្ងៃទី ២៦ ដល់​ថ្ងៃទី ៣០ ខែ​សីហា​។​

​លោក សុង ស៊ីន​ជី (Song Xinzhi) អ្នកជំនាញ​ខាង​យោធា​បាន​ប្រាប់​សារព័ត៌មាន China Media Group​ថា យន្តហោះ YY-20 បានបង្ហាញ​សមត្ថភាព​បានល្អ​។​

​លោក​សុង​បាន​និយាយថា “​វា​ពិតជា​គួរឱ្យកត់សម្គាល់​ណាស់​ដែល​យន្តហោះ​ចាក់​សាំង YY-20 បានធ្វើការ​ចាក់​សាំង​ពីលើ​អាកាស​ជាមួយ​យន្តហោះ J-20​ដែល​ជា​យន្តហោះ​ចម្បាំង​បំបាំងកាយ​ទំនើប​​បំផុត​របស់​ប្រទេស និង​យន្តហោះ​ចម្បាំង J-16 ក្នុងពេល​តែមួយ​”​។​

​ការចាក់​សាំង​ឱ្យ​យន្តហោះ​ចម្បាំង​មួយគ្រឿង​នៅ​លើ​មេឃ​គឺ​លំបាក​ខ្លាំង​ណាស់​ទៅ​ហើយ​ដូច្នេះ​ការចាក់​សាំង​ឱ្យ​យន្តហោះ​ពីរ​គឺ​ទាមទារ​ជំនាញ​បច្ចេកទេស​ខ្ពស់​សម្រាប់​អ្នក​បើក​យន្តហោះ​និង​ក្រុម​​អាកាសយានិក​។​

​លោក​សុង​បាន​និយាយថា “Y-20 ជា​យន្តហោះ​ដឹកជញ្ជូន​ដ៏​ធំ​របស់​ចិន ដែល​មាន​សមត្ថភាព​ជា​យន្តហោះ​សណ្តោង​យុទ្ធសាស្ត្រ អាច​ផ្ទុក​ទម្ងន់​អតិបរមា ៦៦ តោន​និង​អាច​ផ្ទុក​ស៊ីទែន​សាំង​មួយ​។​យន្ត​​ហោះ​ដឹកជញ្ជូន​ខ្នាត​ធំ ដែល​អាច​ផ្ទុក​ទម្ងន់​អតិបរមា ៦០ តោន និង​មាន​ទម្ងន់​អតិបរមា ២០០ តោន​ពេល​ហោះហើរ គឺ​ពិបាក​នឹង​ឃើញ​ណាស់​នៅ​លើ​ពិភពលោក​។ មានតែ​សហរដ្ឋ​អាម៉េរិក រុស្ស៊ី និង​ចិន​ប៉ុណ្ណោះ​ដែល​មាន​សមត្ថភាព​នេះ​”​។​

​គាត់​បាន​និយាយថា “​គួរឱ្យ​ចាប់អារម្មណ៍​” យន្តហោះ YY-20 ដែល​ត្រូវបាន​អភិវឌ្ឍ​ពី​យន្តហោះ Y-20 អាច​ផ្ទុក​ប្រេង​សាំង​បាន​ជាង ១០០ តោន ដែល​សាំង​ពាក់កណ្តាល​អាច​ចាក់​ដល់​យន្តហោះ​ផ្សេងទៀត​បាន​៕

យន្តហោះ YY-20 កំពុង​ចាក់​សាំង​ឱ្យ​យន្តហោះ J-20 និង J-16 នៅ​លើ​មេឃ​