​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ តួ​រ៉ាំ​បូ លោក ស៊ី​លវើ​ស្ទើ ស្តាល់​ឡូន (Sylvester Stallone) និង​លោកស្រី ជេនី​ហ្វើ ផ្លា​វីន (Jennifer Flavin)​លែងលះ​គ្នា​ហើយ​។​

​តារា​សម្តែង​វ័យ ៧៦ ឆ្នាំ និង លោកស្រី​ជេនី​ហ្វើ បាន​រៀបការ​អស់​រយៈពេល ២៥ ឆ្នាំ ប៉ុន្តែ​តារា​បង្ហាញ​ម៉ូត​វ័យ ៥៤ ឆ្នាំ​រូប​នេះ​បាន​ដាក់​ពាក្យបណ្តឹង “​ដើម្បី​រំលាយ​អាពាហ៍ពិពាហ៍​និង​បន្ទុក​ជំនួយ​ផ្សេងៗ​”​នៅ​​តុលាការ​ក្នុង​រដ្ឋ​ផ្លរីដា​កាលពី​ថ្ងៃ​សុក្រ ទី​១៩ សីហា​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទៅ​កាន់​ទស្សនា​វ​ដ្តី People លោក​ស្តាល់​ឡូន ដែល​មាន​កូនស្រី​ឈ្មោះ ស្កា​ឡេត (Scarlet) អាយុ ២០ ឆ្នាំ ស៊ី​ស្ទីន (Sistine)​អាយុ ២៤ ឆ្នាំ និង ស៊ូ​ហ្វី​យ៉ា​(Sophia) អាយុ ២៥ ឆ្នាំ​ជា​មួយ​ប្រពន្ធ​របស់​គាត់ បាន​និយាយថា “​ខ្ញុំ​ស្រឡាញ់​គ្រួសារ​របស់​ខ្ញុំ​។ យើង​កំពុង​ដោះស្រាយ​បញ្ហា​ផ្ទាល់ខ្លួន​ទាំងនេះ​ដោយ​មិត្តភាព​និង​ជា​លក្ខណៈ​ឯកជន​”​។​

​គូស្នេហ៍​មួយគូ​នេះ​បាន​ប្រារព្ធ​ខួបអាពាហ៍ពិពាហ៍​របស់​ពួកគេ​កាលពីដើមឆ្នាំ​នេះ​។​

​ពេល​នោះ​ទន្ទឹមនឹង​បង្ហាញ​រូបថត​មួយចំនួន​របស់​ពួកគេ​រួមគ្នា លោក​ស្តាល់​ឡូន​បានសរសេរនៅ​លើ Instagram ថា “​រីករាយ​ខួប​លើក​ទី ២៥​ដល់​ភរិយា​ដ៏​អស្ចារ្យ​របស់ខ្ញុំ​។​មិន​មាន​ពាក្យ​គ្រប់គ្រាន់​​ដើម្បី​ពណ៌នា​អំពី​អ្វី​ដែល​មនុស្ស​ស្រី​ដែល​លះបង់​ខ្ពស់​និង​អត់ធ្មត់​ខ្ពស់​ដ៏​អស្ចារ្យ​រូប​នេះ​មាន​ន័យ​សម្រាប់​ជីវិត​របស់​ពួកយើង​នោះទេ​”​។​

​តារា​ហូលីវូដ​រូបនេះ​ក៏​មាន​កូនស្រី​ឈ្មោះ សៀ​ហ្គោ (Seargeoh)​អាយុ ៤៣ ឆ្នាំ​ជា​មួយ​តារា​សម្តែង​សា​សា ឆាក (Sasha Czack) ក៏ដូចជា​កូនប្រុស​ម្នាក់​ទៀត​ឈ្មោះ សេច (Sage) ដែល​ស្លាប់​ក្នុង​ឆ្នាំ ២០១២៕

លោក​ស្តាល់​ឡូន​និង​លោកស្រី​ផ្លា​វីន​នឹង​លែងលះគ្នា ក្រោយ​ដាក់​ពាក្យសុំ​រំលាយ​អាពាហ៍ពិពាហ៍​នៅ​តុលាការ​រដ្ឋ​ផ្លរីដា​កាលពី​ថ្ងៃទី​១៩​សីហា