ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​រួមជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ស្ដីពី “​ការបង្កើត​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍​នៅតាម​សាលារៀន​” កាលពី​ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២២​។​

​គួរ​បញ្ជាក់ថា កិច្ចប្រជុំ​នេះ​មាន​ការចួលរួម​ពី​សំណាក់​លោកបណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា និង លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​

​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​នេះដែរ​បាន​ផ្ដោតទៅលើ​គោលបំណង​សំខាន់ៗ បី​គឺ​៖
១. លើកកម្ពស់​ការតម្រង់​ទិស​មូលដ្ឋាន​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ឌីជីថល​ដល់​សិស្សានុសិស្ស​នៅតាម​វិទ្យាល័យ ដើម្បី​សម្រួល​ដល់​ការសិក្សា​ថ្នាក់ឧត្ដម​សិក្សា​លើ​ជំនាញ​ឌីជីថល​។​
២. ជំរុញ​ការអភិវឌ្ឍ​ជំនាញ និង​ការបង្កើន​សមត្ថភាព​ផ្នែក​ឌីជីថល ដល់​អ្នកពាក់ព័ន្ធ (​សិស្សានុសិស្ស មន្ត្រី​មូលដ្ឋាន ពលករ​ជំនាញ​) និង​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ដល់​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​មូលដ្ឋាន ។​
៣. លើកកម្ពស់​សហគ្រិនភាព និង​ធុរកិច្ច​ថ្មី​ដល់​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​មូលដ្ឋាន ដើម្បី​ចូលរួម​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​៕​សរន