ដោយៈ រឹម ស្រី​ស្រស់ អ្នកស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​ឯកសារ ខេត្តតាកែវ​/ភ្នំពេញ៖ខ្ញុំ​ឈ្មោះ ង៉ែត មោ​ង្ស អាយុ​៧៧​ឆ្នាំ ប្រក​បរបរ​ធ្វើស្រែ​ចម្ការ​។ ខ្ញុំ​កើត​នៅ​ភូមិ​ភ្នំ​ដិ​ន ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង់ ខេត្តតាកែវ​។ ខ្ញុំ​មាន​បងប្អូន​បង្កើត​ចំនួន​៤​នាក់ ក្នុងនោះ​មាន​ស្រី​៣​នាក់ ហើយ​សព្វថ្ងៃ​បងប្អូន​របស់ខ្ញុំ​នៅរស់​តែ​២​នាក់​ប៉ុណ្ណោះ​។ កាលពី​កុមារភាព ខ្ញុំ​រស់នៅ​ជាមួយ​ឪពុកម្ដាយ និង​ចូលរៀន​នៅ​សាលា​ក្នុងភូមិ​ភ្នំ​ដិ​ន ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង់ ខេត្តតាកែវ​។ ខ្ញុំ​រៀន​ដល់​ត្រឹម​ថ្នាក់​ទី​១១​។ នៅ​ឆ្នាំ​១៩៥៩ ខ្ញុំ​បាន​ឈប់រៀន ហើយ​មកជួយ​ធ្វើស្រែ​ចម្ការ​ឪពុកម្ដាយ ព្រោះ​ឪពុកម្ដាយ​របស់ខ្ញុំ​មិនមាន​កម្លាំង​គ្រប់គ្រាន់​។

ង៉ែត មោ​ង្ស សព្វថ្ងៃ​រស់នៅ​ភូមិ​ដើម​បេង ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ ។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​នៅ​ឆ្នាំ​១៩៦៧ ខ្ញុំ​បាន​ចូលធ្វើ​ទាហាន​កន្សែងស​តាម​ការអូសទាញ​ពី​អ្នក​នៅក្នុង​ភូមិ ហើយ​ម្យ៉ាងទៀត ខ្ញុំ​ក៏មាន​បំណង​ចង់​ចូល​ដែរ​ដើម្បី​ជាតិ​មាតុភូមិ​។ យូរៗ​ម្តង​ខ្ញុំ​បាន​ចូលរួម​ប្រជុំ​ជាមួយ​សមាជិក​ឯទៀត​នៅក្នុង​អង្គភាព ហើយ​ក្រៅពី​ប្រជុំ គឺ​ខ្ញុំ​ស្នាក់​នៅផ្ទះ និង​ដើរ​ធ្វើការ​តាម​ភូមិ​ឃុំ ជាពិសេស​ភូមិ​ឃុំ​ដែល​នៅជាប់​ព្រំដែន​វៀតណាម​។ សមាជិក​របស់​ទាហាន​កន្សែងស មាន​ទាំង​ខ្មែរក្រោម និង​ខ្មែរលើ​។ កង​របស់ខ្ញុំ​គឺមាន​ឈ្មោះ បេ​.​សេ​.១១៦ (BC116)​។

​បន្ទាប់ពី លន់ នល់ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច​ព្រះ នរោត្តម សីហនុ កងទ័ព​កន្សែង​សបាន​សហការ​ជាមួយ​កងទ័ព លន់ នល់ និង​ធ្វើ​សកម្មភាព​កាន់តែ​ផុសផុល​ជាង​មុន​។ នៅ​ឆ្នាំ​១៩៧២ ខ្ញុំ​បាន​រៀបការ​ប្រពន្ធ​។ បន្ទាប់ពី​រៀបការ​បាន​រយៈពេល​៩​ខែ យោធា​ខ្មែរក្រហម​បាន​ចូលមក​កាន់កាប់​ខេត្តតាកែវ​ទាំងមូល​។ ខ្ញុំ​ជាមួយ​ប្រពន្ធ និង​កូន​ម្នាក់​របស់ខ្ញុំ​បាន​ភៀសខ្លួន​ទៅ​ប្រទេស​វៀតណាម​។ អ្នកភូមិ​ជាច្រើន​នាក់ ក៏បាន​ភៀសខ្លួន​ចេញ​ដំណាល​ខ្ញុំ​ដែរ​។ ខ្ញុំ​ទៅ​រស់នៅ​ភូមិ​ព្រៃ​ស្វាយ ឃុំ​ព្រៃ​ស្វាយ ស្រុក​ស្វាយ​ទង (​ឬ​ស្រុក​ទី​តូង​) ខេត្ត​មាត់ជ្រូក (​ឬ​ខេត្ត​ចូ​វ​ដុក​)​។ នៅ​ទីនោះ ភាគច្រើន​ប្រជាជន​ខ្មែរ​កម្ពុជា​ក្រោម​រស់នៅ​។

​ខ្ញុំ​ទទួលបាន​អំណោយ​ពី​រដ្ឋអំណាច​វៀតណាម ហើយ​កញ្ចប់​អំណោយ​ដែល​ខ្ញុំ​ទទួលបាន​គឺ​សរសេរ​អក្សរ​យូ​អេស​អេ (USA)​។ ខ្ញុំ​យល់ថា អំណោយ​ទាំងនោះ​គឺជា​ជំនួយ​របស់​អាមេរិកាំង​។ ក្រៅពី​ទទួល​អំណោយ​ប្រចាំខែ ខ្ញុំ​និង​គ្រួសារ​ខិតខំ​រកស៊ី ធ្វើស្រែ​ចម្ការ​លើដី​ដែល​រដ្ឋអំណាច​វៀតណាម​ផ្តល់​ឲ្យ​។ នៅ​ឆ្នាំ​១៩៧៧ ខ្មែរក្រហម​ប្រកាសថា នឹងធ្វើ​ការដោះដូរ​ប្រជាជន​ជាមួយនឹង​វៀតណាម​។ ប្រជាជន​ខ្មែរ​ទាំងអស់​ដែល​បាន​ភៀស​ទៅ​ប្រទេស​វៀតណាម​តាំងពី​ពី​ឆ្នាំ​១៩៧៤ ក៏ត្រូវ​វិលត្រឡប់​មក​ស្រុកកំណើត​វិញ​ដែរ​។ ពេលនោះ​ខ្ញុំ​បាន​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។ មកដល់​ព្រំដែន ខ្ញុំ​មិនឃើញ​មាន​ជនជាតិ​វៀតណាម​ណា​ម្នាក់​ឆ្លងកាត់​ព្រំដែន​ចូលក្នុង​ប្រទេស​របស់ខ្លួន​ឡើយ​។ ខ្មែរក្រហម​បាន​យក​ឡាន​មក​ទទួល​ខ្ញុំ​។ អ្នក​បើកឡាន​មិនបាន​ឈប់​នៅ​ភូមិកំណើត​របស់ខ្ញុំ​នៅ​ស្រុក​គិរីវង់​ឡើយ គឺ​បើក​បង្ហួស​ទៅកាន់​ស្រុក​ត្រាំកក់ ជា​កន្លែង​ដែល​ខ្ញុំ​ស្នាក់នៅ​ពេញ​មួយ​របប​ខ្មែរក្រហម​។ ខ្ញុំ​ត្រូវបាន​អ្នកបើកបរ​ខ្មែរក្រហម​ឲ្យ​ចុះ​ពីលើ​ឡាន និង​ឲ្យ​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​ភូមិ​ខ្ពប​ត្របែក ឃុំ​អូរ​សារាយ មុននឹង​បញ្ជូន​ខ្ញុំ​ទៅកាន់​ភូមិ​ត្រពាំងដងទឹក​បន្ត​ទៀត​។

ង៉ែត មោ​ង្ស ទទួល​ប្រអប់​អនុស្សាវរីយ៍​ពី​អ្នកស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ខេត្តតាកែវ​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​មកដល់​ដំបូង ខ្មែរក្រហម​មិន​ឲ្យ​ខ្ញុំ​ហូប​ឆ្អែត​ទេ​។ ប្រធាន​កង​ប្រើ​ខ្ញុំ​ឲ្យ​ធ្វើស្រែ និង​ភ្ជួរ​រាស់​។ នៅពេលដែល​ខ្ញុំ​កំពុង​ធ្វើស្រែ ខ្ញុំ​ឃើញ​កម្មាភិបាល​ខ្មែរក្រហម​បណ្ដើរ​មនុស្ស​ទាំង​ខ្សែ​កាត់​តាម​វាលស្រែ​ចូលទៅ​ក្នុងព្រៃ​។ ខ្ញុំ​មិនដឹងថា​កម្មាភិបាល​ខ្មែរក្រហម​យក​អ្នក​ទាំងនោះ​ទៅកាន់​ទីណា​ឡើយ​។ ខ្ញុំ​គិតថា​ប្រហែលជា​កម្មាភិបាល​ខ្មែរក្រហម​នាំយក​អ្នក​ទាំងនោះ​ទៅ​សម្លាប់ចោល​។ ខ្ញុំ​រស់នៅ និង​ធ្វើ​ការងារ​គ្រប់យ៉ាង​តាមតែ​កម្មាភិបាល​ប្រើ​ឲ្យ​ធ្វើ​។ ខ្ញុំ​មិនដែល​ប្រកែក ឬ​ស្ពឹក​ស្រពន់​ឡើយ​។ ខ្ញុំ​តែងតែ​លាក់​ប្រវត្តិរូប​របស់ខ្ញុំ​ដែល​ធ្លាប់​ធ្វើជា​ទាហាន​កន្សែងស​។ ខ្ញុំ​ដឹង​ច្បាស់​ថា ប្រសិនបើ​ខ្មែរក្រហម​ដឹងថា​ខ្ញុំ​គឺជា​ទាហាន​កន្សែងស ខ្ញុំ​ប្រាកដជា​ស្លាប់ចោល​ប្រពន្ធ​កូន​ជាមិនខាន​។

​នៅ​ឆ្នាំ​១៩៧៨ ខ្ញុំ​ត្រូវ​ផ្លាស់ប្ដូរ​ទីកន្លែង​រស់នៅ​ម្តងទៀត គឺ​មក​រស់នៅ​ភូមិ​ត្រាំកក់ ឃុំ​ត្រាំកក់​។ នៅ​ឆ្នាំ​១៩៧៨​ដដែល មាន​យន្ដហោះ​មក​បាច​ត្រាក់​នៅក្នុង​ស្រុក​ត្រាំកក់​។ ខ្ញុំ​បាន​រើស​ត្រាក់​នោះមក​អាន ទើប​ដឹងថា​មានការ​វាយ​រំដោះប្រជាជន​កម្ពុជា​ចេញពី​របប​ខ្មែរក្រហម​។ ភ្លាមៗ​បន្ទាប់ពី​ការ​បាច​ត្រាក់ កម្មាភិបាល​ខ្មែរក្រហម​បាន​ដើរ​ប្រមូល​ត្រាក់​ទាំងនោះ​ពី​ប្រជាជន និង​បាន​ហាម​ប្រជាជន​មិន​ឲ្យ​ជជែក​គ្នា​ពី​អត្ថន័យ​ដែល​សរសេរ​នៅក្នុង​ត្រាក់​នោះឡើយ​។

​មិនយូរប៉ុន្មាន ប្រទេសជាតិ​ត្រូវបាន​រំដោះ ហើយ​ខ្ញុំ​បាន​វិល​ត្រឡប់មក​ភូមិកំណើត​វិញ​។ ខ្ញុំ​រស់នៅ​ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង់​បាន​មួយរយៈ​ខ្លី ក៏ត្រូវ​បាន​កងទ័ព​វៀតណាម​ចាប់ខ្លួន​យកទៅ​សួរចម្លើយ និង​ដាក់គុក ព្រោះ​កងទ័ព​វៀតណាម​ទាំងនោះ​សង្ស័យថា ខ្ញុំ​គឺជា​កម្មាភិបាល​ខ្មែរក្រហម​។ កងទ័ព​វៀតណាម​យក​កាំភ្លើង​វាយ​សួរចម្លើយ​ខ្ញុំ​ថា តើ​ខ្ញុំ​ចូល​ខ្មែរក្រហម​តាំងពី​ពេលណា​? និង​ដឹកនាំ​កងកម្លាំង​បាន​ប៉ុន្មាន​ឆ្នាំ​ហើយ​? ខ្ញុំ​បាន​បដិសេធ​និង​ប្រាប់ថា ខ្ញុំ​គឺជា​ប្រជាជន មិនមែន​ខ្មែរក្រហម​ទេ និង​មិន​ដឹកនាំ​កម្លាំង​អ្វី​ឡើយ​។ ខ្ញុំ​ត្រូវបាន​ឃុំឃាំង​នៅ​សាលាបឋមសិក្សា​ទន្លាប់​អស់​រយៈពេល​១៦​ថ្ងៃ​។ បន្ទាប់មក ខ្ញុំ​ត្រូវបាន​ដោះលែង​ឲ្យ​មក​រស់នៅ​ជួបជុំ​ប្រពន្ធ​កូន​វិញ​។ ខ្ញុំ​ចាប់ផ្តើម​ប្រកប​របរ​ធ្វើស្រែ​ដើម្បី​ចិញ្ចឹមជីវិត​។ មួយរយៈ​ក្រោយមកគ្រួសារ​របស់ខ្ញុំ​បាន​ស្នើសុំ​ផ្លាស់ប្តូរ​ទីលំនៅ​ពី​ឃុំ​ភ្នំ​ដិ​ន មក​នៅ​ភូមិ​ដើម​បេង ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ រហូតមកដល់​សព្វថ្ងៃ​៕សរន