ដោយៈ សុផល / កំពង់ស្ពឺ​៖ នា​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២២ លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ រួមជាមួយ​ក្រុមការងា​រ ចុះជួយ​ខេត្តកំពង់ស្ពឺ បាន​ចុះ​ពិនិត្យ ទីតាំង និង​ការសាងសង់​កីឡដ្ឋាន​កំពង់ស្ពឺ ដើម្បី​ត្រៀម​ឆ្ពោះទៅកាន់ ការរៀបចំ​សម្ពោធ ជា​ផ្លូវការ ក្នុងពេល​ឆាប់ៗ​នេះ​។​

​ទន្ទឹមនឹង​ការចុះពិនិត្យ នា​ព្រឹក​នេះ លោក ហ៊ុន ម៉ា​នី រួមជាមួយ​ក្រុមការងា​រ​ចុះជួយ ខេត្តកំពង់ស្ពឺ និង​ក្រុមការងារ​រដ្ឋបាលខេត្ត បាន​ប្រកួត​សាកល្បង (​បាល់ទាត់​មិត្តភាព​) ដើម្បី​ជាការ​អបអរ​ដល់​ការសាងសង់ ចប់​ជា​ស្ថាពរ នៃ​កីឡដ្ឋាន​នេះ​។

​គួរ​បញ្ជាក់ដែរថា កីឡដ្ឋាន​កំពង់ស្ពឺ មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​តា​ម៉ុ​ល សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដែល​បាន​បើក​ការដ្ឋាន​សាងសង់ នៅ​ឆ្នាំ​២០២១ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​តំណាងរាស្ត្រ ហ៊ុន ម៉ា​នី និង​មានការ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ ពី​សប្បុរសជន​ជាច្រើន ផងដែរ​។ សមិទ្ធផល កីឡដ្ឋាន​ខេត្ត​មួយ​នេះ នឹង​ជួយ​លើកកម្ពស់ មុខមាត់​ខេត្តកំពង់ស្ពឺ​យើង​បន្ថែមទៀត ជាពិសេស​សរ​បញ្ជាក់​ពី​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្រោម​ម្លប់​នៃ​សន្តិភាព​។​

​លោក ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍ថាៈ « ថ្ងៃនេះ ខ្ញុំ និង​ក្រុមការងារ ដោយមាន​ការ ចូលរួម ពី​ឯកឧត្តម​អភិបាលខេត្ត​ផងដែរ បាន​ចូលរួម​ប្រកួត បាល់ទាត់​មិត្តភាព ជាមួយ​ក្រុម​កីឡាករ ក្លិប​ណាហ្គា​វើ​ល អេ​ហ្វ​ស៊ី នៅលើ​ទីលាន​បាលទាត់ នៃ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ដែល​គ្រោង​នឹងដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតី ភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នាពេល​ឆាប់ៗ ខាងមុខនេះ​។ សមិទ្ធផល​ថ្មី​នេះ នឹង​លើកកម្ពស់​មុខមាត់ បន្ថែមទៀត ដល់​ខេត្តកំពង់ស្ពឺ ជាមួយនឹង​ការអភិវឌ្ឍ​រីកចម្រើន គ្រប់​វិស័យ​ផ្សេងទៀត ក្រោម​ម្លប់​នៃ​សុខសន្តិភាព​។ សូម​បងប្អូន ប្រជាពលរដ្ឋ ចូលរួម​គាំទ្រ និង​ថែរក្សា​កីឡដ្ឋាន​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​ការលើកកម្ពស់​វិស័យ​កីឡា ក្នុង​ខេត្ត​យើង​ផង និង​ឈាន​ឆ្ពោះទៅ​បង្កើត​ស្នាដៃ​ថ្មី លើ​ឆាក​ជាតិ និង​អន្តរជាតិ បន្ថែមទៀត​»៕/V​