ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ក្នុងឱកាស​ជួប​សំណេះសំណាល ជាមួយ​លោក Rho Hyun jun នាយក​ប្រចាំ​ប្រទេស នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (Koica) នា​រសៀល​ថ្ងៃទី​២៥ សីហា ២០២២ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថាៈ ជាការ​ពិតណាស់ ម្ចាស់ជំនួយ​តែង​ចង់ឱ្យ​អ្នកទទួល​ជំនួយ អាច​ងើបឈរ​ឡើង ដោយ​ខ្លួនឯង​។ ដូច្នេះ​យើង​មិន​ធ្វើឱ្យ​ម្ចាស់ជំនួយ​ខកចិត្ត​ទេ​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​សាធារណរដ្ឋ កូរ៉េ តាមរយៈ​ស្ថានទូត​កូរ៉េ និង​ទីភ្នាក់ងារ Koica កូរ៉េ ដែល​បាន​ជួយ​ដល់​ការអភិវឌ្ឍ កម្ពុជា ដោយឡែក ការអភិវឌ្ឍ​នៅ​រាជធានី​ភ្នំពេញ អស់​រយៈពេល​ជាង ៣០ ឆ្នាំ កន្លងមកហើយ លើ​វិស័យ​ទឹកស្អាត​, សុខាភិបាល​, ការបណ្តុះបណ្តាល​វិជ្ជាជីវៈ , ការងារ​ចរាចរណ៍​ជាដើម​ដែល​កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា និង​កូរ៉េ បាន​ឈានដល់ ការអភិវឌ្ឍ នៅ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរាបជូន​ពី ស្ថានភាព​ទូទៅ នៃ​ដំណើរការ​អភិវឌ្ឍ រាជធានី​ភ្នំពេញ ក្រោយពី​ទទួលបាន​សុខសន្តិភាព ពេញលេញ ក្រោម​នយោបាយ ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ ពិសេស​ការដាក់ចេញ នូវ​វិធានការ​ទប់ស្កាត់ ការរីក​រាល នៃ​ជំងឺ​កូ​វីដ​.១៩ ប្រកបដោយ​ប្រសិទ្ធ ភាព ធ្វើឱ្យ​កម្ពុជា អាច​បើក​ប្រទេស​ឡើងវិញ​។​

​លោក Rho Hyun jun បាន​សម្តែង​ពី​មោទនភាព ក្នុងពេលដែល​លោក បាន​បំពេញ បេសកកម្ម នៅ​រាជធានី​ភ្នំពេញ រយៈពេល ៣ ឆ្នាំកន្លងមក គឺមាន​ភាពកក់ក្តៅ​ណាស់ ទោះបី​ស្ថិតក្នុង​បរិបទ​ជំងឺ​កូ​វីដ ១៩ ក្តី ។​

​លោក​បាន​លើកឡើងថាៈ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​) បាន​ជួយ​ដល់​ប្រទេស​នានា ចំនួន ២៧ ប្រទេស ។ កម្ពុជា ជា​ប្រទេស​អាទិភាព​ទាំង ៦ នៅ​អាស៊ី ដែល​ក​យ​ការចាត់​ទុកជា​គោលដៅ​អាទិភាព​ក្នុងការ​អភិវឌ្ឍ​។ ការពិភាក្សា បាន​ផ្តោត​សំខាន់ ទៅលើ​ការស្នើសុំ​គម្រោង​លើក​កំពស់​សេវា​សុខាភិបាល​សាធារណៈ នៅ​មន្ទីរពេទ្យបង្អែក​ដង្កោ រាជធានី​ភ្នំពេញ ដែល​បានដាក់​ឯកសារ​បន្ថែម ទៅកាន់​ទីភ្នាក់ងារ KOICA កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២២ បន្ទាប់ពី​គម្រោង​ជ្រើសរើស ជា​គម្រោង​អាទិភាព ក្នុង​ការផ្តល់​ហិរញ្ញប្បទាន សំរាប់​ឆ្នាំ​២០២៤ ដើម្បីឱ្យ​មន្ទីរពេទ្យ​នេះ អាចមាន​សមត្ថភាព កាន់តែ​ប្រសើរ និង​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ក្នុង​តំបន់ កាន់តែ​ពេញលេញ​៕/V​