​ដោយៈ គង់​ហេង​/ កំពង់ចាម​៖ លោក​អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែងថា និវត្តន៍​ជន គឺជា​និមិត្តរូប​នៃ​ការអភិវឌ្ឍ​របស់​ជាតិ ដោយ​រៀមច្បង​ពិតជា​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ ត្រួសត្រាយ​ផ្លូវ រស់នៅ​ជាមួយ​ការនឿយហត់ ឆ្លងកាត់​ការលំបាក គ្រប់បែបយ៉ាង​ពី​អតីតកាល ដើម្បី​មាន​ថ្ងៃនេះ​។​

​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅក្នុង​ការដែល​លោក​និង​សហការី​បាន​ចូលរួម​ក្នុង​ពិធី សំណេះសំណាល​ជាមួយ​និវត្តជន​របស់​សមាគម​សង្គហៈ​មិត្ត បុគ្គលិក មន្ត្រីរាជការ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក្នុង ខេត្តកំពង់ចាម ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោកស្រី កែវ ចរិយា ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​សមាគម​សង្គហៈ នៃ​ក្រសួង​នេះ​នៅ​សាលាខេត្ត​កំពង់ចាម​កាល​ពី​ព្រឹក​ថ្ងៃទី ២៥ សីហា​នេះ​។​

​លោក អ៊ុន ចាន់​ដា មានប្រសាសន៍ថា នេះ​ជា​កាយវិកា​ដ៏​ច្បាស់លាស់ នៃ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​សមាគម​សង្គហៈ បុគ្គលិក មន្ត្រីរាជការ ចំពោះ​សុខទុក្ខ និវត្តជន ដែលជា​អតីត​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុង​ក្របខណ្ឌ​របស់​ក្រសួង​នេះ នៅ​ខេត្តកំពង់ចាម និង​ចងចាំ​ជានិច្ច​នូវ​គុណបំណាច់ និង​ស្នាដៃ​ដ៏​ធំធេង ដែល​ធ្លាប់បាន​ចូលរួម​ការអភិវឌ្ឍ​ប្រទេសជាតិ ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ជាមួយនឹង​សុខ​សុវត្ថិភាព​ល្អប្រសើរ ក្នុង​កាលៈទេសៈ​ដ៏​លំបាក រហូត​ទទួលបាន​សន្តិភាព​ពេញលេញ​ដល់​សព្វថ្ងៃនេះ​។​

លោក​បាន​បន្ថែមថា់ ភាព​កតញ្ញូ​របស់​រៀម​ច្បង​ក្នុង​បុព្វហេតុ​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ គឺជា​មោទណភាព​របស់​និវត្តជន​ត្រូវ​ទទួលបាន​នូវ​ភាពកក់ក្តៅ និង​កិត្តិយស​ពី​អ្នក​បន្តវេណ​ដែល​កំពុងធ្វើដំណើរ​លើ​ដងផ្លូវ​ដែល​បាន​ត្រួសត្រាយ​ដោយ​តម្លៃ​ពលី​កម្ម​មិនអាច​កាត់ថ្លៃ​បាន​។ ជា​អំណត់​តស៊ូ​របស់​អ្នក​ជំនាន់​មុន​ជាច្រើន​ទសវត្ស​រិ៍​កន្លងមក បាន​ផ្លែផ្កា នៃ​មោទនភាព​ដែល​សង្គមជាតិ​បានទទួល​យ៉ាង​ធំធេង​នាពេល​បច្ចុប្បន្ន ។​នេះ​ពិតជា​សមិទ្ធផល​មិនអាច​កាត់ថ្លៃ​បាន របស់​អ្នកត្រួសត្រាយ​ផ្លូវ​បាន​ប្រឹងប្រែង របស់​និវត្តន៍​ជន ដែលជា​និមិត្តរូប នៃ​ការអភិវឌ្ឍ​ជាតិ ។​រៀមច្បង​ពិតជា​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​រស់នៅ​ជាមួយ​ការនឿយហត់ ឆ្លងកាត់​ការលំបាក​គ្រប់បែបយ៉ាង​ពី​អតីតកាល ដើម្បី​មាន​ថ្ងៃនេះ​។​

លោក​បាន​បន្តថា ស្ថិតិ​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ចូលនិវត្តន៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ខេត្តកំពង់ចាម​សរុប​ចំនួន ១១០​នាក់​(​ស្រី​ចំនួន ១៥ នាក់​)​ក្នុងនេះ របស់​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ចំនួន ៣៥​នាក់​( ស្រី​៥ នាក់​),​រតនាគារ​ខេត្ត​ចំនួន ១២​នាក់​( ស្រី​៧​នាក់​),​សាខា​ពន្ធដារ​ចំនួន ៥០​នាក់​( ស្រី​៣​នាក់​) និង​សាខាគយ និង​រដ្ឋាករ​ចំនួន ១៣​នាក់​៕​សរន​