ដោយៈ ទេព មង្គល / ភ្នំពេញៈ ធនាគារជាតិ នៃ​កម្ពុជា នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២២ នេះ បាន​សេចក្តីប្រកាស​ព័ត៌មាន​មួយ ស្តីពី​ការផ្សព្វផ្សាយ និង​ផ្តល់​ឥណទាន ដោយ​ខុសច្បាប់ ដែល​ក្នុងនោះ ធនាគារជាតិ​នៃ​កម្ពុជា សូម​ស្នើ​ដល់​សាធារណជន ទាំងអស់ មេត្តា​ប្រុងប្រយ័ត្ន ឱ្យបាន​ខ្ពស់បំផុត និង​សូម​លើកទឹកចិត្ត ឱ្យប្រើ​ប្រាស់ តែ​សេវា​របស់​គ្រឹះស្ថាន​ផ្លូវការ តែប៉ុណ្ណោះ ដើម្បី​ចៀសវាង​ពី​ការបោកប្រាស់ ក្រោមរូបភាព​ណាមួយ ឬ​ផលវិបាក ផ្សេងៗ ពី​ការទទួលបាន​ឥណទាន​ក្រៅផ្លូវការ​។​

​សេចក្តីប្រកាស​ព័ត៌មាន​នោះ បានលើកឡើង​ថាៈ ធនាគារជាតិ​នៃ​កម្ពុជា សូម​ជម្រាបជូន​សាធារណជន ជ្រាបថា គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដែល ទទួលបាន​អាជ្ញា​បណ្ណ ប្រកប​អាជីវកម្ម​ពី​ធនាគារជាតិ​នៃ​កម្ពុជា រួមមាន ធនាគារពាណិជ្ជ ធនាគារ​ឯកទេស គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទទួល​ប្រាក់​បញ្ញើ គ្រឹះស្ថាន​មីក្រូ​ហ្វ័​រញ្ញ​វត្ថុ ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ គ្រឹះស្ថាន ឥណទាន​ជនបទ គឺជា​ប​ភេទ​គ្រឹះស្ថាន​ស្របច្បាប់ និង​ផ្លូវ​ការដែល​អាច​ផ្តល់​ឥណទាន និង​/​ឬ សេវា​ពាក់ព័ន្ធ ផ្សេងទៀត​ដល់​ក្រុមហ៊ុន សហគ្រាស និង​ឯកត្តជន​។ គ្រឹះស្ថាន​ទាំងនេះ ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់ ធនាគារជាតិ​នៃ​កម្ពុជា ហើយ​អតិថិជន​របស់​គ្រឹះស្ថាន​ទាំងនេះ ក៏ត្រូវ​បានការ​ពារ ដោយ​ច្បាប់​ផងដែរ​។​

​កន្លងមក ធនាគារជាតិ​នៃ​កម្ពុជា បាន​សង្កេតឃើញថា មាន​ជនខិលខូច​មួយចំនួន បាន​ផ្សព្វផ្សាយ យ៉ាង​បើកចំហ និង​ផ្តល់​ឥណទាន​ដល់​ប្រជាពលរដ្ឋ តាម​រូបភាព​ផ្សេងៗ ជាច្រើន ដូចជា ប្រព័ន្ធ​អន​ឡាញ បណ្តាញ​សង្គម ការផ្សព្វផ្សាយ​តាម​ខិត្តប័ណ្ណ និង​ការបិទ​ផ្សាយ​តាម​ទីកន្លែង​សាធារណៈ​នានា ជាដើម​។ ការផ្តល់​ឥណទាន ដោយ​ក្រុមហ៊ុន ឬ​បុគ្គល​ដែល​គ្មាន​អាជ្ញា​បណ្ណ​ទាំងនេះ គឺជា​សកម្មភាព​ល្មើ​សនឹង​ច្បាប់ ជា​ធរមាន ជាពិសេស ច្បាប់​ស្ដីពី គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​។​

​អាស្រ័យហេតុនេះ ដើម្បី​ចៀសវាង​ពី​ការបោកប្រាស់ ក្រោមរូបភាព​ណាមួយ ឬ​ផលវិបាក ផ្សេងៗ ពី​ការទទួលបាន​ឥណទាន​ក្រៅផ្លូវការ និង​ដើម្បី​រក្សា​ស្ថិរភាព ក៏ដូចជា ជំនឿ​ទុកចិត្ត របស់​សាធារណជន ក្នុង​ប្រព័ន្ធ​ធនាគារ ធនាគារជាតិ​នៃ​កម្ពុជា សូម​ស្នើ​ដល់​សាធារណជន ទាំងអស់ មេត្តា​ប្រុងប្រយ័ត្ន ឱ្យបាន​ខ្ពស់បំផុត និង​សូម​លើកទឹកចិត្ត ឱ្យប្រើ​ប្រាស់ តែ​សេវា​របស់​គ្រឹះស្ថាន​ផ្លូវការ តែប៉ុណ្ណោះ​។​

​ធនាគារជាតិ​នៃ​កម្ពុជា សូម​ថ្កោលទោស ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន និង​ការផ្តល់ ឥណទាន​ក្រៅផ្លូវការ ខុសច្បាប់​គ្រប់​រូបភាព​។ ទន្ទឹមនេះ ធនាគារជាតិ​នៃ​កម្ពុជា កំពុង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពាក់ព័ន្ធ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​ក្រុមហ៊ុន ឬ​បុគ្គល​ដែល​ធ្វើ​សកម្មភាព​ល្មើស​នានា តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​៕/V