ដោយៈ​ទេព មង្គល / ភ្នំពេញៈ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​សេចក្ដីប្រកាស ព័ត៌មាន​មួយ នៅ​ថៃ្ង​ព្រហស្បតិ៍ ទី​២៥ ខែសីហា ឆ្នាំ​២០២២ ក្នុង​បំណង​បង្ហាញ​ពី ប្រតិបត្តិការ ចុះបង្ក្រាប​ក្រុមហ៊ុន រស្មី​ពេជ្រ ណេ​ត ដែល​បានធ្វើ​សកម្មភាព​សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក និង​ផ្តល់​សេវា​អ៊ី​ន​ធើ​ណិ​ត ដោយ​គ្មាន​អាជ្ញា​បណ្ណ និង​ផ្ដាច់មុខ នៅក្នុង​បុរី អិ​ល វ៉ី​លេច​ធ៍ វ៉េ​ស៊ី​ដេ​ន ដែលមាន​ទីតាំង ស្ថិតនៅ​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។

​សេចក្ដីប្រកាស​ពត៌មាន​នោះ បានបង្ហាញ​ថាៈ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២២ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (​ន​.​ខ​.​ក​.) បាន​សហការ​ជាមួយ​មន្ទីរ​ប្រៃសណីយ៍ និង​ទ្វ​រ​គមនាគមន៍ ខេត្តកណ្តាល ក្រោម​កិច្ចសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល កងកម្លាំង សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន បានធ្វើ​ប្រតិបត្តិការ ចុះបង្ក្រាប​ក្រុមហ៊ុន រស្មី​ពេជ្រ ណេ​ត ដែល​បានធ្វើ​សកម្មភាព​សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក និង​ផ្តល់​សេវា​អ៊ី​ន​ធើ​ណិ​ត ដោយ​គ្មាន​អាជ្ញា​បណ្ណ និង​ផ្ដាច់មុខ នៅក្នុង​បុរី អិ​ល វ៉ី​លេច​ធ៍ វ៉េ​ស៊ី​ដេ​ន ដែលមាន​ទីតាំង ស្ថិតនៅ​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល បន្ទាប់ពី​ទទួលបាន​ព័ត៌មាន និង​បណ្តឹង​ជាច្រើន ពី​ប្រជាពលរដ្ឋ ។​

​នៅក្នុង​ការចុះ​បង្ក្រាប​នេះ ន​.​ទ​.​ក​. បាន​រឹបអូស​គ្រឿង​សម្ភារៈ​បរិក្ខារ​ទូរគមនាគមន៍ មួយចំនួនធំ និង​បាន​បិទ​ទីតាំង ក្រុមហ៊ុន​ជា​បណ្តោះអាសន្ន ដោយ​រង់ចាំ​ចំណាត់ការ​ជា​បន្ត ទៅតាម​នីតិវិធី​ច្បាប់​។​

​ជាថ្មី​ម្តងទៀត ន​.​ទ​.​ក​. សូម​ណែនាំ​ដល់​បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន និង​ម្ចាស់​អគារ​សហកម្មសិទ្ធិ ព្រមទាំង ម្ចាស់​បុរី​ទាំងអស់​ថា ក្រុមហ៊ុន និង​ម្ចាស់​អគារ ក៏ដូចជា​ម្ចាស់​បុរី មិនត្រូវ​ចុះកិច្ចសន្យា​ផ្តាច់មុខ ឬ​សហការ​ជាមួយ​ក្រុមហ៊ុន ដែល​គ្មាន​អាជ្ញា​បណ្ណ​ពី ន​.​ទ​.​ក​. ក្នុង​ការផ្តល់សេវា​អ៊ីនធឺណិត នៅ​ទីតាំង​របស់ខ្លួន​ឡើយ​។ ន​.​ទ​.​ក​. សូម​ក្រើនរម្លឹក​ដល់​បណ្តា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់ មិនត្រូវ​សហការ ឬ​ផ្តល់​សេវា​លក់ដុំ​អ៊ីនធឺណិត ដល់​ក្រុមហ៊ុន ដែល​គ្មាន​អាជ្ញា​បណ្ណ​ពី ន​.​ទ​.​ក​. ជាដាច់ខាត​។ ក្នុងករណី ន​.​ទ​.​ក​. រកឃើញថា ប្រតិបត្តិ​ករ​ទូរគមនាគមន៍ នៅតែ​បន្តសកម្មភាព​នេះ ន​.​ទ​.​ក​. នឹង​ចាត់វិធានការ តាមច្បាប់ និង​បទដ្ឋាន​គតិយុត្ត ជា​ធរមាន ដោយ​គ្មាន​ការលើកលែង​។ ទន្ទឹមនឹង​នេះដែរ ន​.​ទ​.​ក​. សូម​ដាស់តឿន​ដល់ ក្រុមហ៊ុន ដែល​គ្មាន​អាជ្ញា​បណ្ណ​ពី ន​.​ទ​.​ក​. ឱ្យ​បញ្ឈប់​សកម្មភាព​អាជីវកម្ម យ៉ាង អនាធិបតេយ្យ​របស់ខ្លួន​ជាបន្ទាន់ ព្រោះ ន​.​ទ​.​ក​. នឹង​បន្តសកម្មភាព​បង្ក្រាប និង​ចាត់វិធានការ​ផ្តន្ទាទោស ចំពោះ​ក្រុមហ៊ុន និង​បុគ្គល​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់ ក្រុមហ៊ុន​ទាំងនេះ ដើម្បី​លើកកម្ពស់​សណ្ដាប់ធ្នាប់​សាធារណៈ ការប្រកួតប្រជែង ដោយស្មោះ​ត្រង់ និង​ផលប្រយោជន៍​អ្នកប្រើប្រាស់​។​

​ជាមួយគ្នានេះដែរ ន​.​ទ​.​ក​. សូម​អំពាវនាវ​ដល់​សាធារណជន ដែល​បានដឹង​អំពី​ក្រុមហ៊ុន និង​បុគ្គល​ពាក់ព័ន្ធ ដែល​ផ្តល់​សេវា​អ៊ីនធឺណិត ដោយ​គ្មាន​អាជ្ញា​បណ្ណ​ពី ន​.​ទ​.​ក​. ឬ​ផ្តល់​សេវា​ផ្តាច់មុខ នៅក្នុង​ទីតាំង​បុរី និង​អគារ​សហកម្មសិទ្ធិ មេត្តា​ផ្តល់ដំណឹង​មក ន​.​ទ​.​ក​, តាមរយៈ​លេខ​ទូរស័ព្ទ ៦៧៨៩ នៅ​រៀងរាល់​ម៉ោង​ធ្វើការ ឬ​តាម​បណ្ដាញ​សង្គម Facebook: “​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា – “Telecommunication Regulator of Cambodia” ។ ន​.​ទ​.​ក​. នឹង​រក្សា​ការសម្ងាត់​ចំពោះ​អ្នក​ជូន ព័ត៌មាន​នេះ​។​

​អាស្រ័យហេតុនេះ សូម​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ និង​សាធារណជន​ទាំងអស់ មេត្តា​ជ្រាប​និង​ចូលរួម​សហការ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕/V​