ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២២ នេះ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​មួយចំនួន នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​មានប្រតិកម្ម ទៅនឹង​ការដែល​យក​សន្លឹក​បៀរ ធ្វើជា​តំណាង​ក្រុង​នេះ ក្នុង​កម្មវិធី Miss Grand Cambodia ដែល​បាន​ផ្សាយ​ក្នុង​ទូរទស្សន៍ និង​បណ្តាញ​សង្គម កាលពី​យប់​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២២ កន្លងទៅនេះ ។​

​លោក ញឹម ផឿ​ង នាយក​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត បាន​បញ្ចេញ​ប្រតិកម្ម នា​ថ្ងៃទី​២៥ ខែសីហា នេះ​ថាៈ ក្នុងនាម​ជា​ប្រជាពលរដ្ឋ​មួយរូប ក្នុង​ក្រុង​ប៉ោយប៉ែត សូម​សម្ដែង​នូវ ការមិន​ពេញចិត្ត និង​មិនអាច​ទទួលបាន ចំពោះ​កម្មវិធី Miss Grand Cambodia ដែល​សំដែង​ដោយ​កញ្ញា យី ស្រី​ពៅ ដែល​បាន​យក​សន្លឹក​បៀរ បង្ហាញ​ជា​តំណាង​ឲ្យ ក្រុង​ប៉ោយប៉ែត ក្នុងការ​ប្រកួត ។

​សូមបញ្ជាក់ថា ក្រុង​ប៉ោយប៉ែត ជា​ក្រុង​មួយ​ជាប់​ព្រំដែន​ថៃ និង​មាន​ច្រក​អន្តរជាតិ ជា​ច្រក សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ជាតិ ហើយក៏​ជា​ក្រុង ដែលមាន​សក្តានុពល និង​មានការ​រីកចម្រើន យ៉ាងខ្លាំង ។​

​លោក​បាន​បន្តថាៈ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​នេះ ភាគច្រើន មានបាន​ដោយ​ប្រកបមុខរបរ រកស៊ី​លក់ដូរ​នៅ​ផ្សារ​ថៃ ដោះដូរ​ទំនិញ​ឆ្លងដែន វិស័យ​អចលនទ្រព្យ និង​មាន​តំបន់​សេដ្ឋកិច្ច ពិសេស​រោងចក្រ ក្រុមហ៊ុន​ជាច្រើន​កន្លែង ដែល​ស្រូបយក​កម្លាំង​ពលកម្ម រាប់ម៉ឺន​នាក់ ដោយ​ទទួលបាន​ប្រាក់ខែ សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ ។ ដូចនេះ ប្រជាពលរដ្ឋ នៅ​ក្រុង​ប៉ោយប៉ែត មិនមែន​មានបាន ដោយសារ​កាស៊ីណូ​ឡើយ ។ ការប្រកបមុខរបរ កាស៊ីណូ គឺមាន​បានតែ​ថៅកែ​ក្រុមហ៊ុន រីឯ​បុគ្គលិក​ក្រុមហ៊ុន បានទទួល​ត្រឹមតែ​ប្រាក់ខែ ប៉ុណ្ណោះ ។​

​លោក​បាន​បន្តទៀតថាៈ ក្រុង​ប៉ោយប៉ែត បានសម្រេច​ជ្រើស​រើសយក​រូប ” ព្រះ​វិស្ណុ ” ធ្វើជា​និមិត្តរូប (LOGO) ក្រុង​ប៉ោយប៉ែត ដោយសារ​រូបនេះ បាន​កសាង​នៅ​រង្វង់​មូល ប៉ោយប៉ែត តាំងពី​ឆ្នាំ​១៩៩៦ មកម្ល៉េះ​។ ព្រោះ​ចាប់​តាំង ពី​សាងសង់​រូបនេះ ធ្វើឱ្យ​ក្រុង​ប៉ោយប៉ែត មាន​សន្តិសុខ​ល្អ បងប្អូន​ប្រជាពលរដ្ឋ រកស៊ី​ទទួលទាន មានបាន រហូតដល់​សព្វថ្ងៃនេះ មិនតែប៉ុណ្ណោះ ក្រុង​ប៉ោយប៉ែត នឹង​សាងសង់​រូបសំណាក​នេះ ឡើងវិញ នៅពេល​ឆាប់ៗ ខាងមុខនេះ ។ លោក​បាន​សំណូមពរ សូម​ឲ្យ​ក្រសួង​ពាក់ព័ន្ធ មាន​ចំណាត់ការ ចំពោះ​រឿងនេះ​ផង ។​

​សូម​រំលឹកថា ការប្រកួត Miss Grand Cambodia 2022 កាលពី​យប់​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២២ ដែល​ផ្សាយ​ក្នុង​ទូរទស្សន៍ និង​បណ្តាញ​សង្គម នារី​ដែល​ស្លៀកពាក់ និង​សម្តែង​ជានា​រី ឈុត​តំណាង​ឲ្យ​ក្រុង​ប៉ោយប៉ែត និង​ក្រុង​បាវិត ដែល​បានបង្ហាញ នូវ​នារី​ស្លៀក​ឈុត តំណាង​ក្រុង ដោយ​ច្នៃ​បង្ហាញ​ពី​សន្លឹក​បៀរ និង​រូប​មេអាប៉ោង នៃ​ល្បែង​សុ​ី​សង នៅក្នុង​កា​សុ​ី​ណូ​។ កម្មវិធី​ធំ​នេះ បង្ហាញ​ជា​សាធារណៈ និង​ជា​លក្ខណៈ អន្តរជាតិ ដែលមាន​រូប​នារី កាន់​សន្លឹក​បៀរ​និង​មេអាប៉ោង មុខ​ផ្ទាំង​រូបថត​ប្រាសាទអង្គរវត្ត ខ្មែរ​យើង ឲ្យ​ទាក់ទាញ ភ្ញៀវទេសចរ មក​ទស្សនា​ទីកន្លែង​នានា នៅ​ប្រទេស​ក​ម្ព​ជា​។​

​មានប្រតិកម្ម​ផ្សេងទៀតៗ​លើ​ការបង្ហាញ​នោះ ហើយ​ស្នើ​សុំឱ្យ​ក្រសួង ស្ថាប័ន អាជ្ញាធរ មាន​សមត្ថកិច្ច ចាត់ការ និង​កែតម្រូវ ហើយ​ទទួលខុសត្រូវ ចំពោះ​កំហុស ឬ​ករណីនេះ​ផង ៕/V​