​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ ប្រធាន​ទីភ្នាក់ងារ​ប៉ូលិស​ជាតិ​របស់​ជប៉ុន​បាន​ប្រកាស​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​សីហា បន្ទាប់​ពី​ការស៊ើបអង្កេត​មួយ​បាន​បញ្ជាក់​អំពី​”​ភាពខ្វះ​​ចន្លោះ​” នៅក្នុង​ផែនការ​សន្តិសុខសម្រាប់​ករណី​ធ្វើឃាត​អតីត​នាយករដ្ឋមន្ត្រី ស៊ីន​ហ្សូ អាបេ​។​

​លោក​អាបេ ដែលជា​អ្នក​នយោបាយ​ដ៏​ល្បី​របស់​ប្រទេស​និង​ជា​នាយករដ្ឋមន្ត្រី​កាន់​អំណាច​យូរ​ជាងគេ ត្រូវបាន​បាញ់សម្លាប់ ខណៈ​កំពុង​ថ្លែង​សុន្ទរកថា​អំឡុង​ការឃោសនាបោះឆ្នោត​កាលពី​ថ្ងៃទី ៨​ខែកក្កដា​​នៅ​ទីក្រុង​ណា​រ៉ា​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​។​

​លោក អ៊ី​តារុ ណា​កាមូរ៉ា (Itaru Nakamura) បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​មាន​ការខ្វះចន្លោះ​នៅក្នុង​ផែនការ​សន្តិសុខ និង​ការវាយតម្លៃ​ហានិភ័យ​ដែ​ល​ពួកគេ​ផ្អែកលើ​ហើយ​ការណែនាំ​ពី​មេ​បញ្ជា​​ការ​ផ្ទាល់​គឺ​មិន​គ្រប់គ្រាន់​។​ឫសគល់​នៃ​បញ្ហា​នេះ​គឺ​ស្ថិតនៅលើ​ដែន​កំណត់​នៃ​ប្រព័ន្ធ​បច្ចុប្បន្ន ដែល​បាន​កើតឡើង​អស់​ជាច្រើន​ឆ្នាំ ដែល​ប៉ូលិស​ក្នុងស្រុក​ទទួលខុសត្រូវ​ទាំងស្រុង​ក្នុង​ការផ្តល់ជូន​សន្តិសុខ​”​។​

​លោក​ណា​កា​មូរ៉ា​បាន​និយាយថា គាត់​នឹង​ទទួលខុសត្រូវ​ចំពោះ​បរាជ័យ​នេះ ហើយ​ចុះចេញ​ពី​តំណែង​ជា​មេ​ប៉ូលិស​។​

​លោក​បាន​និយាយថា “​យើង​បាន​សម្រេចចិត្ត​រុះរើ​បុគ្គលិក​របស់​យើង​ហើយ​ចាប់ផ្តើម​ជា​ថ្មី​ជាមួយនឹង​ភារកិច្ច​សន្តិសុខ​របស់​យើង​ហើយ​នោះ​ជា​មូលហេតុ​ដែល​ខ្ញុំ​បាន​ស្នើ​សុំ​ការលាលែង​ពី​តំណែង​របស់​ខ្ញុំ​​ទៅ​កាន់​គណៈកម្មការ​សុវត្ថិភាព​សាធារណៈ​ជាតិ​នៅ​ថ្ងៃនេះ​”៕

​លោក អ៊ី​តារុ ណា​កាមូរ៉ា លាលែង​ពី​តំណែង​មេ​ប៉ូលិស​ជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​