ដោយៈ បាយ័ន / សៀមរាបៈ ប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់ នៅក្នុងតំបន់រមនីយដ្ឋានអង្គរ ចំនួន ៦៨៩ គ្រួសារ ក្នុងនោះ មានចំនួន ២៣៤ គ្រួសារ រស់នៅភូមិទក្សិណត្បូង និងចំនួន ៤៥៥ គ្រួសារទៀត រស់នៅភូមិត្រពាំងសេះ បានស្ម័គ្រចិត្តរុះរើសំណង់ ខុសច្បាប់របស់ខ្លួន ទៅតាំងលំនៅដ្ឋានថ្មី ស្ថិតនៅតំបន់ ភូមិធម្មជាតិ រុនតាឯក ស្រុកបន្ទាយស្រី ។

ការស្ម័គ្រនេះ បានធ្វើឡើងតាមរយៈចាប់ឆ្នោតទទួលយកដីឡូតិ៍ ក្នុងមួយឡូតិ៍ មានទំហំ ២០ ម៉ែត្រ គុណនឹង ៣០ ម៉ែត្រ ដែលផ្តល់ដោយរាជរដ្ឋាភិបាល នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នេះ ។

លោក ហាយ យុង តំណាងក្រុមការងារតម្រង់ទិស នៃក្រុមការងារវាស់វែងដី ក្នុងតំបន់អង្គរ បានលើកឡើងថាៈ គោលការណ៍ផ្ដល់ដីដំបូង ដល់ប្រជាពលរដ្ឋ មានចំនួនជិត ៧០០ គ្រួសារនេះ ពួកគាត់បានស្ម័គ្រចិត្ដទទួលយកក្បាលដីទីតាំងថ្មី បន្ទាប់ពីបានវាស់វែង រកឃើញថា ពួកគាត់សាងសង់លំនៅឋាន នៅលើដីតំបន់អង្គរ គ្មានច្បាប់អនុញ្ញាត ខណៈដែលប្រជាពលរដ្ឋ មួយចំនួនទៀត មិនព្រមទទួល និងមិនទាន់រកម្ចាស់ឃើញ ដោយមានតែផ្ទះ។

លោកបាននិយាយបន្ដថាៈ ការផ្ដល់ដីទីតាំងថ្មី ដល់ប្រជាពលរដ្ឋ ជំហ៊ានដំបូងនេះ អាចនឹងចាប់ផ្ដើមរុះរើលំនៅឋាន ឱ្យពួកគាត់ នៅចុងឆ្នាំ២០២២ នេះ ដោយសារ ប្រជាពលរដ្ឋខ្លះ ជាប់មានកូនរៀន និងជួបបញ្ហាផ្សេងៗ ប៉ុន្ដែមានប្រជាពលរដ្ឋខ្លះ ពួកគាត់បានរុះរើមួយចំនួនហើយ ។

អាជ្ញាធរ នឹងឱ្យពួកគាត់ ទៅពិនិត្យមើលក្បាលដី ក្រោយពីចាប់ឆ្នោតរួច បានចាប់ពី ៤ ទៅ ៥ ថ្ងៃ ខណៈក្រុមការងារ កំពុងឈូសឆាយរៀបចំប្លង់ដីស្របច្បាប់ ដែលទីតំាងដីថ្មីនេះ ស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ព្រមទាំងមានការអភិវឌ្ឍគ្រប់វិស័យ ដូចជា សាលារៀន មន្ទីរពេទ្យ ទីវត្ដអារាម និងមានផ្លូវថ្នល់ ខ្វាត់ខ្វែងផងដែរ។

កាលពីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន នៃក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លី ក្នុងតំបន់រមណីយដ្ឋាន អង្គរ និងតំបន់មួយចំនួនទៀត បានដឹកនាំកិច្ចប្រជុំមួយ នៅក្នុងសាលសន្និសីទអង្គរ របស់អាជ្ញាធរជាតិអប្សរា ជុំវិញការសាងសង់សំណង់ខុសច្បាប់ នៅតំបន់រមណីយដ្ឋានអង្គរ និងប្រកាសបើកយុទ្ធនាការ ចុះវាស់វែងកំណត់និយាមក្បាលដី និងអត្តសញ្ញាណ អ្នកកាន់កាប់ក្បាលដី និងសំណង់ខុសច្បាប់ទាំងឡាយ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្នុងតំបន់១ និងតំបន់២ ។

អនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល លេខ ២៦ សសរ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្តីពីការបង្កើតក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានចាត់បញ្ជូន ក្រុមការងារបច្ចេកទេស ចំនួន ៦៨ ក្រុម មានមន្ត្រីជំនាញ សរុបចំនួន ៧៨១ រូប ចុះសហការជាមួយមន្ត្រី របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំនួន ៣៥២ រូប ដោយមានការសហការ ជាមួយមន្ត្រីមូលដ្ឋានថ្នាក់ភូមិ រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ចំណុះរដ្ឋបាលខេត្តសៀមរាប ដើម្បីចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណ អ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ នឹងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា ក្នុងបំណងការពារ សម្បត្តិបេតិកភណ្ឌ នៅក្នុងតំបន់អង្គរ ដែលត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក និង ដើម្បីបញ្ចៀសការខុសនូវលក្ខន្តិកៈនានា របស់អង្គការយូណេស្កូ ដែលប្រឈមនឹងការដកប្រាសាទអង្គរ ចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។

យុទ្ធនាការចុះវាស់វែង ក្នុងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នេះ ក្រុមការងារបច្ចេកទេស បានសម្រេចលទ្ធផល- វាស់វែងក្បាលដី បានចំនួន ២០.០៣១ ក្បាលដី ក្នុងនោះក្បាលដី មានសំណង់ចំនួន ១២.៣១៥ ក្បាលដី , ក្បាលដីគ្មានសំណង់ ចំនួន ៦.៧៣៧ ក្បាលដី ក្នុងទំហំសរុប ៤០.១១៨ ហិកតា នៃទីតាំង , បំពេញសម្រង់ព័ត៌មានរបស់អ្នកសាងសង់ និងកាន់កាប់ដី បានចំនួន ១៧.៣២២ គ្រួសារ ក្នុងនោះ ប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់ សរុបចំនួន ៦៨៩ គ្រួសារ ក្នុងនោះ ចំនួន ២៣៤ គ្រួសារ ស្ថិតនៅភូមិទក្សិណត្បូង និងចំនួន ៤៥៥ គ្រួសារ ស្ថិតនៅភូមិត្រពាំងសេះ បានស្ម័គ្រចិត្តទៅរស់នៅ តំបន់ភូមិធម្មជាតិរុនតាឯក និងប្រជាពលរដ្ឋ ដែលសាងសង់តូបលក់វត្ថុអនុស្សាវរីយ៍ ខុសច្បាប់ ចំនួន ៤៤ តួប បានស្ម័ត្រចិត្តរុះរើ ក្នុងនោះមាន ៣៤ តួប ស្ថិតនៅលើខឿនជុំវិញស្រះស្រង់ ភូមិស្រះស្រង់ ខាងត្បូង សង្កាត់នគរធំ និង ចំនួន ១០ តូប ស្មើ ៧៩ ខ្ទុះ ស្ថិតនៅភូមិទក្សិណត្បូង និងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប៕/V