ដោយ៖ ដេប៉ូ / ភ្នំពេញ៖ បន្ទាប់ពីមានពលករកម្ពុជា ដែលកំពុងធ្វើការងារ នៅប្រទេសកូរ៉េរយៈពេលប៉ុន្មានថ្ងៃនេះ បាននាំគ្នាផ្អើលវិលត្រឡប់មកផ្ទះវិញ យ៉ាងតក់ក្រហល់នោះ ត្រូវបានមន្រ្តីជាន់ខ្ពស់ នៃក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ បានធ្វើការអំពាវ ដោយមិនឱ្យជឿលើអប៉ីជំនឿ ដោយពុំមានហេតុផលឡើយ នាំបាត់បង់ការងារ គួរឱ្យសោកស្តាយ។

តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោក ហេង សួរ រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងការងារ នៅថ្ងៃទី២៥ ខែសីហាឆ្នាំ២០២២ បានអំពាវនាវ​ដល់បង​ប្អូន​ពលករ​ខ្មែរ​ ធ្វើការ​នៅ​កូរ៉េ​ មិនត្រូវជឿលើការឃោសនាបែបអប៉ីជំនឿ​ ​ដោយ​បុគ្គល​ម្នាក់​នោះ​ឡើយ ពីព្រោះ​វា​នឹង​ធ្វើឱ្យ​បងប្អូន​ នឹង​បាត់បង់​ប្រាក់ចំណូល ​និង​ឱកាស​ត្រឡប់​ទៅធ្វើ​ការ​ នៅ​ប្រទេស​កូរ៉េ​វិញ​។​

គួរបញ្ចាក់ថា ការអំពាវនាវពីសំណាក់មន្រ្តីជាន់ខ្ពស់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបែបនេះ ធ្វើឡើង បន្ទាប់ពីរយៈពេលប៉ុន្មានថ្ងៃមកនេះ​ មាន​ពលករ​ខ្មែរ​ ដែលធ្វើការនៅ​កូរ៉េ​មួយចំនួន​ ដោយមាន​អ្នកខ្លះ​ ទើប​ចូលធ្វើការ​ និង​ខ្លះទៀត​ មិនទាន់​បញ្ចប់​កិច្ចសន្យាការងារ​ បាន​នាំគ្នា​សម្រុក​ទិញ​សំបុត្រ​យន្តហោះ​ត្រឡប់មក​ប្រទេស​វិញ​ ដោយសារ​តែមាន​បុគ្គល​មេដឹកនាំ​របស់ខ្លួន​ បាន​ទស្សន៍ទាយ​ថា​ មាន​បាតុភូត​ប្រហោង​លូ​ខ្មៅ​ផែនដី​ បង្កើត​ជា​មហន្តរាយ​ ធ្វើ​ឱ្យ​ក្រិន​ផែនដី ​ហើយក្នុងនេះ​មានតែ​ប្រទេស​កម្ពុជា​ទេ​ ដែលមាន​សុ​វត្ថិភាព​និង​សុខសាន្ត​។​

ទាក់ទិនក្នុងរឿងនេះដែរ លោក ហេង សួរ បានលើកឡើងថាៈ ការបោះបង់ចោលការងារ ហើយវិលត្រឡប់មកកម្ពុជាវិញ ទាំងតក់ត្រហល់ គឺប៉ះពាល់ដល់កេរ្តិ៍ឈ្មោះពលករខ្មែរយើង ដែលតែងតែទទួលបានការគោរព ស្រឡាញ់ និងចូលចិត្ត ពីនិយោជក (ថៅកែ) កូរ៉េ។

លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថាៈ ” ការបោះបង់ចោលការងារនៅកូរ៉េ ដែលមនុស្ស ជាច្រើនចង់ទៅ គឺជាការបោះបង់ចោលប្រភពចំណូលដ៏ធំ សម្រាប់ទ្រទ្រង់ឪពុកម្តាយ និងបងប្អូនរបស់ខ្លួន។ បងប្អូនធ្វើបែបនេះ គឺមិនអាចវិលត្រឡប់ទៅប្រទេសកូរ៉េវិញបានឡើយ នៅពេលដែលបងប្អូនភ្ញាក់ខ្លួន ហើយចង់ទៅម្តងទៀត”។

ជាមួយការបញ្ជាក់នេះដែរ លោករដ្ឋលេខាធិការបានអំពាវនាវផងថាៈ ”សូមបងប្អូនជឿថា ប្រសិនជាពិភពលោកនេះ នឹងជួបប្រទះគ្រោះមហន្តរាយ កើតទៅជាទឹកជំនន់លិចលង់ គ្រប់ប្រទេស ដូចបុគ្គលម្នាក់នោះ និយាយមែននោះ អ្នកវិទ្យាសាស្ត្រ គេប្រកាសអាសន្នទូទាំងពិភពលោកហើយ ហើយបើលិចលង់ពិភពលោកមែន វាមិនដែលនៅសល់តែដីចំការរបស់បុគ្គលនោះទេ វាប្រាកដជាលិចទាំងអស់គ្នាហើយ៕/V

លោក ហេង សួរ រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ