ដោយៈ ប.ជ័យ-អូរស្មាច់ / ឧត្តរមានជ័យៈ ភ្លៀងបានបន្តធ្លាក់រៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បង្កជាជំនន់ទឹកភ្លៀង នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ នាភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បណ្ដាលឱ្យខូចខាតកំណាត់ផ្លូវលំមួយខ្សែ ឬជាកំណាត់ផ្លូវក្រវាត់ព្រំដែន ដែលជាផ្លូវយុទ្ធសាស្ត្រមួយរបស់កម្ពុជា ។

ផ្លូវនោះ បានបាក់ធ្លាយដីអស់ប្រវែងជាង ១០០ ម៉ែត្រ ហើយកាត់ផ្តាច់ចរាចរណ៍បណ្តោះអាសន្នសម្រាប់យានយន្ត តែគេបានសង់ស្ពានឈើថ្មើរជើង ដើម្បីឆ្លងកាត់ជាបណ្ដោះអាសន្ន។ វាស្ថិតនៅចំណុចផ្លូវបារាំង នាភូមិទួលប្រសើរ ឃុំបាក់អន្លង់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

លោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ បានឱ្យដឹងថាៈ ឥទ្ធិពលជ្រលងសម្ពាធទាប បង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយ ហើយសន្ទះទឹក បានហូរធ្លាក់ពីតំបន់ជួរភ្នំដងរែក និងខ្ពង់រាប បុកមកខ្លាំង ប៉ះចំក្នុងភូមិស្រុកត្រពាំងប្រាសាទដែរ ។ ហេតុនេះ បងប្អូនប្រជាពលរដ្ឋ និងកងកម្លាំង ត្រូវតែប្រុងប្រយ័ត្ន ។ ចំពោះមុខ អាជ្ញាធរ មានសមត្ថកិច្ចស្រុក ឃុំ ភូមិ រួមទាំងកម្លាំងមូលដ្ឋាន បាននឹងកំពុងត្រៀមលក្ខណ: និងយកចិត្តទុកដាក់ខ្ពស់ ជួយអន្តរាគមន៍សង្រ្គោះគ្រប់ពេល ។

លោកបានបន្តថាៈ ជំនន់ទឹកភ្លៀងនោះ បង្កផលប៉ះពាល់ និងខូចខាតកំណាត់ផ្លូវលំ ដែលជាផ្លូវយុទ្ធសាស្ត្រព្រំដែន លើស្រូវ និងដំណាំផ្សេងៗ សត្វចិញ្ចឹម (ជ្រូក មាន់ ទា) និងក៏បង្កឱ្យក្មេងប្រុស អាយុ៦ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ដែរ ៕/V