ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ដោយមាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​លោក​អគ្គ​បណ្ឌិតសភា​ចា​រ្យ​អូន​ព័ន្ធមុនីរ័ត្ន​ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា​នោះ សហព័ន្ធ​រៀបចំ​សិក្ខាសាលា​ស្តីពី​វគ្គ​អាជ្ញាកណ្តាល ចៅក្រម​ត្រៀម​ឆ្ពោះទៅ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​ផ្នែក​អាជ្ញាកណ្តាល​ចៅ​
​ក្រម​។

ថ្លែង​បើក​សិក្ខាសាលា​នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) លោក​វ៉ា​ត់​ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣(CAMSOC) និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា​មានប្រសាសន៍ថា សិក្ខាសាលា​នេះ​ដំណើរការ​ទៅបាន ក្រោម​គម្រោង​ថវិកា​គាំទ្រ​ប្រចាំឆ្នាំ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រោម​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា​។​

​សហព័ន្ធ​រៀបចំ​សិក្ខាសាលា​ស្តីពី​វគ្គ​អាជ្ញាកណ្តាល​ចៅក្រម​ត្រៀម​ឆ្ពោះទៅ​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស លើ​ផ្នែក​អាជ្ញាកណ្តាល​ចៅក្រម​ដែលជា​មនុស្ស​ដ៏​សំខាន់​ក្នុងការ​ថែរក្សា​គោលការណ៍​លេង​ដោយ​យុត្តិធម៌ បទបញ្ជា​ការប្រកួត និង​របៀបរបប​នៃ​ការវិនិច្ឆ័យ ដើម្បី​ជំរុញ​ឲ្យ​ការប្រកួត​មួយ ប្រកបដោយ​ស្តង់ដារ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ពិភពលោក (WKF)​។​

​វគ្គ​នេះ ទទួលបាន​ការចែករំលែក​ពី​គ្រូឧទ្ទេស​ជាច្រើនរូប ដូចជា​លោក Mansour ដែល​លោក​នឹង​ធ្វើជា​ប្រធាន​អាជ្ញាកណ្តាល សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​តែម្តង និង​គ្រូឧទ្ទេស​ជនជាតិ​ម៉ាឡេស៊ី​លោក Chen Chee Hong អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​​ពិភពលោក​,​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​អាស៊ី​និង​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​អាស៊ីអាគ្នេយ៍​។

​ដោយសារ​គ្រូឧទ្ទេស​សុទ្ធតែ​ខ្លាំងៗ​ហេតុនេះ​លោក​អគ្គលេខាធិការ​ជំរុញ​ឲ្យ​សិក្ខា​​កាម​ទាំងអស់ ត្រូវខិតខំ​យកចិត្តទុកដាក់ ទទួលយក​ចំណេះដឹង​ពី​គ្រូឧទ្ទេស​អន្តរជាតិ ឲ្យ​បានល្អ​ប្រសើរ​។​ការចែករំលែក​ពី​គ្រូ​កម្រិត​អន្តរជាតិ​នាពេលនេះ​មិនមែន​សំខាន់​តែ​ទៅលើ​មន្ត្រី​អាជ្ញាកណ្តាល ចៅក្រម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​មាន​សារសំខាន់​ដូចគ្នា​សម្រាប់​កីឡាករ កីឡា​​ការិនី​ទៀតផង​។

​ការ​ក្តាប់បាន​នូវ​ចំណេះដឹង​ពី​ច្បាប់ បទបញ្ជា​ការប្រកួត​បា​ន​ច្បាស់លាស់ គឺ​នឹង​ផ្តល់​ទំនុកចិត្ត​កាន់តែ​ខ្ពស់ ក្នុងការ​ប្រើប្រាស់​បច្ចេក​ទេស​។ ប្រសិនបើ​កីឡាករ កីឡាការិនី​ណា​ម្នាក់ ចេះ​មិន​ច្បាស់​ពី​ក្បួនច្បាប់​បច្ចេកទេស​កីឡា​កា​រ៉ា​តេ​មិនដឹង​ពី​របៀបរបប​នៃ​ការដាក់​ពិន្ទុ​ច្បាស់លាស់​ទេនោះ​អត្ត​ព​លិ​ក​រូបនោះ​មិនអាច​បញ្ចេញ​ជំនាញ​បច្ចេកទេស​ឲ្យ​ទទួលបាន​ពិន្ទុ​ល្អ​បាន​ទ​នោះឡើយ​។​

​លោក​អគ្គលេខាធិការ​បា​ន​លើកទឹកចិត្ត​ដល់​អាជ្ញាកណ្តាល​ចៅក្រម​ជា​សិក្ខាកាម​ទាំងអស់ ត្រូវតែ​ប្រឹងប្រែង​ក្រេប​យកចំណេះ​ដឹង​ពី​គ្រូឧទ្ទេស ឲ្យ​បានច្បាស់លាស់​។ ចំពោះ​គ្រូបង្វឹក គឺជា​មនុស្ស​បង្គោល​ដ៏​សំខាន់​ក្នុងការ​ចែកចាយ​បទបញ្ជា​បច្ចេកទេស​ដ៏​ជាក់លាក់​ជូន​ដល់​កីឡាករ កីឡាការិនី​របស់ខ្លួន ពីព្រោះ​គ្រូបង្វឹក គឺជា​មនុស្ស​ដែល​ចេះ​ជាង​កីឡាករ កីឡាការិនី ហើយ​គ្រូបង្វឹក​គឺជា​មនុស្ស​ដែល​ពូកែ​ជាង​អាជ្ញាកណ្តាល​ដោយ​គ្រូបង្វឹក​ក្រៅពី​ការផ្ទេរ​ចំណេះ​
​ដឹង​ដល់​សិស្ស​គុន​គឺជា​អ្នកការពារ​នូវ​បទបញ្ជា​ការប្រកួត​ការដាក់​ពិន្ទុ​សម្រាប់​ការប្រកួត​នីមួយៗ នៃ​សិស្ស​គុន​របស់ខ្លួន​។​

​លោក​អគ្គលេខាធិការ​បា​ន​សំណូមពរ​ដោយ​ទទូចថា​ពេលនេះ​គឺជា​ពេលវេលា​ដ៏​សំខាន់​ក្នុងការ​សម្រួច​គោលដៅ​ឆ្ពោះទៅ​រៀបចំ​ធ្វើ​ម្ចាស់​ផ្ស៊ី​ហ្គេម​២០២៣​ហើយ​មន្ត្រី​ជំនាញ​ទាំង​អស់ គប្បី​ឆ្លៀត​ត​ពេល​ទទួលយក​ចំណេះដឹង​ពី​ការអភិវឌ្ឍ​បច្ចេកទេស​ថ្មីៗ​របស់​ពិភពលោក ដើម្បី​ចូលរួម​កាត់សេចក្តី​ក្នុងពេល​ស៊ី​ហ្គេម​២០២៣​ឲ្យ​ទទួលបាន​ជោគជ័យ​។​បទបញ្ជា​ការប្រកួត​ប្រភេទ​កីឡា​កា​រ៉ា​តេ ត្រូវបាន​គោរព​នៅលើ​ពិភពលោក ដោយមាន​ពុម្ព ស្តង់ដា​គំរូ​តែមួយ ហើយ​ភាព​ហ្មត់ចត់​ច្បាស់​របស់​ប្រភេទ​កីឡា​កា​រ៉ា​តេ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ជំនាញ​កីឡា​មួយ​នេះ​មានដំណើរ​ការអភិវឌ្ឍ​ក្នុង​ពិភពលោក​។​

​លោក វ៉ា​ត់ ចំរើន ក៏​ស្នើ​ឲ្យ​សមាជិកគ្រួសារ​កា​រ៉ា​តេ​កម្ពុជា​ទាំងអស់ ចេះ​ស្រឡាញ់គ្នា រួមគ្នា​អភិវឌ្ឍ​ប្រកបដោយ​សុខដុមរមនា ដើម្បី​រួបរួម​ត្រៀម​ឆ្ពោះទៅ​ទទួលជោគជ័យ នា​ស៊ី​ហ្គេម ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា នា​ឆ្នាំ​២០២៣​។​សិក្ខាកាម​ត្រូវ​ត្រងត្រាប់​យក​ជំនាញ​ពី​គ្រូឧទ្ទេស​ឲ្យ​បានល្អ​ក្នុង​វគ្គ​សិក្សា​នេះ​ដោយមាន​គ្រូឧទ្ទេស​ជនជាតិ​ម៉ាឡេស៊ី លោក Chen Chee Hong គឺជា​មនុស្ស​គន្លឹះ​ដែលជា​អ្នករៀបចំ​ការ​ប្រ​​កួត​នានា លក្ខណៈ​អន្តរជាតិ​នានា​ទាំង​ថ្នាក់​តំបន់​ដល់​កម្រិត​ពិភពលោក​ពីព្រោះ​ការធ្វើ​ម្ចាស់ផ្ទះ គឺ​យើង​អញ្ជើញ​សហព័ន្ធ​ជំនាញ​អន្តរជាតិ​មកជួយ​រៀបចំ​ដើម្បី​ថែរក្សា​គោលការណ៍​លេង​ដោយ​យុត្តិធម៌ ជា​អ្នកការពារ​ម្ចាស់ផ្ទះ និង​ជា​អ្នកផ្តល់​ទំនុកចិត្ត​ខ្ពស់​ដល់​ម្ចាស់ផ្ទះ​។​

​គ្រូឧទ្ទេស​ជនជាតិ​គុយ​វ៉ែត លោក Mansour បានបង្ហាញ​ឆន្ទៈ​ដ៏​មោះមុត​របស់លោក ក្នុងការ​ចែករំលែក​ចំណេះដឹង​កីឡា​កា​រ៉ា​តេ​ជូន​ដល់​សិក្ខាកាម​ឲ្យ​កាន់តែ​ល្អប្រសើរ​ក្នុង​កិច្ចការ​វិនិច្ឆ័យ​។ លោក​នឹង​ចែករំលែក​ពី​ចំណេះដឹង និង​ការអភិវឌ្ឍ​កា​រ៉ា​តេ​កម្រិត​ខ្ពស់​របស់​ពិភពលោក មក​បង្ហាញជូន​ដល់​សិក្ខាកាម ដើម្បី​ជា​ក្តីសង្ឃឹម​កាន់តែ​ខ្ពស់ ក្នុងការ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ២០២៣​ផង និង​ការស្វែងរក​មេដាយ​ជូន​ជាតិ ក្នុងពេល​ស៊ី​ហ្គេម ២០២៣​ផង​។​

​គ្រូឧទ្ទេស​ជនជាតិ​ម៉ាឡេស៊ី លោក Chen Chee Hong បានស្នើ​សុំ​ឲ្យ​សិក្ខាកាម​កម្ពុជា​ទាំងអស់​ត្រូវ​ស្វាហាប់​ក្នុងការ​ក្រេប​យកចំណេះ​ដឹង​ដែល​គ្រូឧទ្ទេស​អន្តរជាតិ​នាំយកមក​ដល់ផ្ទះ​នាពេលនេះ​ដោយ​លោក​មានប្រសាសន៍ថា​ម្នាក់ៗ​មានការ​មមាញឹក​ការងារ​ទាំងអស់គ្នា ហើយ​ខ្ញុំ​សូម​ឲ្យ​ប្រភេទ​កីឡា​កា​រ៉ា​តេ​កម្ពុជា ត្រៀមខ្លួន​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ឲ្យ​ទទួលបាន​ជោគជ័យ​៕​