ដោយៈមុនីរ័ត្ន / ភ្នំពេញ៖ លោក ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងជាតំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងភរិយា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ Ganzberg Special Volleyball League 2022 នៅពហុកីឡដ្ឋានព្រីនស៍ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនោះ លោក ស សុខា បានលើកឡើងពីគោលបំណង នៃការបង្កើត Ganzber Special Volleyball league 2022 គឺផ្ដល់ឱកាសឲ្យកីឡាកររបស់យើង ចូលរួមប្រកួត ដើម្បីដកស្រង់បទពិសោធន៍ សមត្ថភាព ជាពិសេសដើម្បីត្រៀមខ្លួនចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ។

លោក ស សុខា និងភរិយាក៏បានអបអរសាទរចំពោះក្រុមកីឡាបាល់ទះ ចំនួន ៣ក្រុម ដែលទទួលបានជ័យលាភី ក្នុងការប្រកួត រួមមាន ក្រុមកីឡាបាល់ទះវិសាខា ទទួលបានជ័យលាភីលេខ១ ក្រុមកីឡាបាល់ទះក្រសួងមហាផ្ទៃ លេខ២ និងលេខ៣ ក្រុមកីឡាបាល់ទះស្នងការនគរបាលរាជធានីភ្នំពេញ ។

លោក ស សុខា បានបន្តទៀតថាៈ នៅពេលចុងក្រោយនេះ កម្ពុជាទទួលបានភាពអស្ចារ្យលើសលប់ដែលមិននឹកស្មានដល់ ដែលកម្ពុជាយើងជាប់ចំណាត់ថ្នាក់លេខ៣ នៃការប្រកួតស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ កីឡាស៊ីហ្គេមមួយនេះ គឺជាម៉ែត្រវាស់យ៉ាងសំខាន់ ដែលកម្ពុជា និងដាក់នៅក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលចាប់ផ្ដើមក្នុងអំឡុងខែឧសភា នៅឆ្នាំ២០២៣ ។ លោកជឿជាក់យ៉ាងមុតមាំថា ការប្រកួតបែបនេះ អាចនឹងស្វែងរកកីឡាករ ដែលមានគុណភាពខ្ពស់សម្រាប់ជាតិ ។

លោក ស សុខា បានថ្លែងអំណរគុណចំពោះអគ្គលេខាធិការ អាជ្ញាកណ្ដាល បងប្អូនស្ម័គ្រចិត្ត ជាពិសេសក្រុមការងារ មកពីតៃប៉ិ ដែលបានចូលរួមយ៉ាងសកម្ម ពេលកន្លងមក និងត្រៀមខ្លួនចូលបម្រើ ជាមន្ត្រីបច្ចេកទេស ក៏ដូចជាអាជ្ញាកណ្ដាល ដើម្បីត្រៀមខ្លួនចូលប្រកួតស៊ីហ្គេម នាពេលខាងមុខ។ សុីហ្គេម គឺជាម៉ែត្រវាស់មួយ ដើម្បីតម្រង់ទិសក្នុងគោលដៅដណ្ដើមយកមេដៃមាស ជូនជាតិ ។

លោក ស សុខា បានថ្លែងអំណរគុណចំពោះមន្ត្រីក្រោមឱវាទសហព័ន្ធកីឡាបាល់ទះកម្ពុជា មន្ត្រីក្រោមឱវាទក្រសួងអប់រំ ក្រុមការងារស្ម័គ្រចិត្តមកពីតៃប៉ិ និងគណៈកម្មការរៀបចំ ដែលបានខិតខំប្រឹងប្រែង អស់រយៈពេលជាច្រើនខែកន្លងមក។ ជាពិសេសអរគុណដល់ Ganzberg ដែលបានជឿទុកចិត្ត ហើយផ្ដល់នូវលទ្ធភាព និងបានសហការជាមួយគ្នាក្នុងគោលដៅដើម្បីពង្រឹង វិស័យកីឡាបាល់ទះនៅកម្ពុជា និងអរគុណចំពោះសារព័ត៌មានត្រយង ទូរទស្សន៍ PNN ដែលបានជួយផ្សាយលើវិស័យកីឡាបាល់ទះ ដើម្បីផ្សព្វផ្សាយវិស័យកីឡាលើឆាកជាតិ និងអន្តរជាតិ ដែលកម្ពុជាយើងដើរតួយ៉ាងសំខាន់ ដើម្បីបង្កើនវីរភាពជាតិ តាមរយៈវិស័យកីឡានេះ។

ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទះ Ganzberg Special Volleyball League 2022 នេះ មានក្រុមចូលរួមចំនួន ១៣ក្រុម រួមមាន ក្រុមកងពលតូចអន្តរាគមន៍លេខ៩ ក្រុមកីឡាបាល់ទះ VONG PLUS ក្លិបកីឡាបាល់ទះយុវជនស្រុកល្វាឯម សមាគមកីឡាបាល់ទះវិសាខា ក្លិបកីឡាបាល់ទះខេត្តកំពង់ស្ពឺ ក្រុមកីឡាបាល់ទះ Sport KPC ក្រុមកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រុមកងពលធំអន្តរាគមន៍លេខ៣ ក្រុមកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រុមកីឡាបាល់ទះនាយកដ្ឋានលិខិតឆ្លងដែន ក្រុមកីឡាបាល់ទះក្រសួងមហាផ្ទៃ ក្រុមកីឡាបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមកីឡាបាល់ទះ PS CONCRETE ប្រកួតលើទីលានបាល់ទះព្រីនស៍៕/V