​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ខែកញ្ញា​ខាងមុខនេះ ក្រុមបាល់ទាត់​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា នឹង​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ចំនួន​ពីរ​ប្រកួត ដើម្បី​គ្រូ​មានឱកាស​កែលម្អ​បច្ចេកទេស​ឡើងវិញ បន្ទាប់ពី​បញ្ចប់​បេសកកម្ម​ស៊ី​ហ្គេម​ទី​៣១ នៅ​ប្រទេស​វៀតណាម មក​នោះ​។

​ការប្រកួត​រវាង U-23 កម្ពុជា ជាមួយ U-23 ជប៉ុន គ្រោង​នឹងធ្វើ​ឡើង នៅ​ថ្ងៃទី​២០ ខែកញ្ញា និង​ជាមួយ​បង់​ក្លា​ដែ​ស ថ្ងៃទី​២២ កញ្ញា​ឆ្នាំ​២០២២ ខាងមុខនេះ ក្នុង​គោលដៅ​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ (​ស៊ី​ហ្គេម​) លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។ នេះ​បើតាម​ការបញ្ជា​ក់ដោយ​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ លោក ឈូក ពិសិដ្ឋ​។

​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ បានបញ្ជាក់​ដូច្នេះ​ថាៈ សម្រាប់​ការប្រកួត​ជាមួយ​ក្រុម U23 ជប៉ុន គឺពាក់ព័ន្ធ​ទាំង​ការប្រកួត​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំក្រោយ ហើយក៏​ជា​បទពិសោធន៍​ថ្មី​មួយ ដែល​យើង​អាច​ប្រកួតប្រជែង ជាមួយនឹង​ក្រុម​ជើង​ខ្លាំង​មួយ នៅក្នុង​តំបន់​អាស៊ី គឺ​ក្រុម​ជប៉ុន​និង​បង់​ក្លា​ដែ​ស​។ ពិតណាស់ យើង​ធ្លាប់មាន​បទពិសោធន៍​ម្ដង ដែល​យើង​បាន​ប្រកួត​នៅ​ប្រទេស​ជប៉ុន ប៉ះ​ជាមួយ​ក្រុម U-23 របស់​ជប៉ុន ដែលជា​ការប្រកួត​ផ្លូវការ​។

​នេះ​ក៏​ជា​ឱកាសល្អ ដែល​យើង​បាន​ប្រកួត​ជាមួយ​ពួកគាត់ ជាការ​ប្រកួតប្រជែង​បន្ថែម​ថ្មី​ទៀត សម្រាប់​ជាការ​ពង្រឹងសមត្ថភាព ជាមួយនឹង​កីឡាករ ដែលមាន​កម្រិត​ខ្ពស់ជាង​យើង​។ ទាំងអស់​ហ្នឹង ជា​ផ្នែក​មួយ​ដែល​អាចជា​ផល​វិជ្ជមាន សម្រាប់​កីឡាករ​យើង ហើយ​ជាការ​ប្រកួត​មួយ​ដែល​យើង​លេង​ក្នុង​ទឹកដី​របស់​យើង ក្នុងនាម​ជា​ម្ចាស់ផ្ទះ​។ នេះ​ជាការ​ប្រកួត​មួយ​ដែល​យើង​គិតថា អាចជា​ផលចំណេញ​សម្រាប់​យើង​ក្នុងការ​ប្រកួត​។

​ដើមឡើយ នៅ​ខែកញ្ញា ឆ្នាំ​២០២២ នេះ ក្រុម​ជម្រើសជាតិ U-23 កម្ពុជា ត្រូវ​ត្រៀម​ចូលរួម​ការប្រកួត​ព្រឹត្តិការណ៍​កីឡា​អាស៊ី (Asian Games) នៅ​ប្រទេស​ចិន តែដោយសារ​បញ្ហា​កូ​វីដ​-១៩ ក្នុងប្រទេស​នេះ ក៏ត្រូវ​បាន​លើក​ពេល​ទៅ​ប្រកួត នៅ​ឆ្នាំ​២០២៣ វិញ​។

​យ៉ាងណាមិញ អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​ដដែល​រូបនេះ បានបញ្ជាក់​ថាៈ មិនមែនជា​ជំនួប​ដើម្បី​ជំនួស​ព្រឹត្តិការណ៍​ខាងលើ​នោះឡើយ​។​បន្ថែម​លើសពីនេះ គឺ​ដើម្បី​ឲ្យ​កីឡាករ មាន​សកម្មភាព​ទាំង​ការហ្វឹកហាត់​ការប្រកួត​ក្នុងអំឡុង​ពេលដែល​លី​គ​បាល់ទាត់​កម្ពុជា​សម្រាក អំឡុង​ថ្ងៃ FIFA Day​។

​ការប្រកួត​នេះ មិនមែន​ជំនួស​ការប្រកួត ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី (Asian Games) នៅ​ចិន​បានទេ​។ ប៉ុន្តែ ដើម្បី​រក្សា​សកម្មភាព និង​ការប្រកួត​របស់​ក្រុមយុវជន U-23 ក៏ដូចជា​ឈុត​ធំ និង​ជាការ​ប្រកួត​មួយ ដែល​យើង​អាច​ថា រក្សា​សកម្មភាព និង​ការហ្វឹកហាត់ ក៏ដូចជា​ការប្រកួតរ​បស់​យើង​ដូចគ្នា​។ ហើយ​ដូច​បានបញ្ជាក់​អីចឹង FIFA Day ខែកញ្ញា ជា FIFA Day ចុងក្រោយ នៅក្នុង​ឆ្នាំ​ហ្នឹង​។ ដូចនេះ យើង​មានការ​ប្រកួត U-23 ផង ឈុត​ធំ​ផង ដែល​អនុញ្ញាត​ឲ្យ​កីឡាករ ពី​ក្លិប​យើង​បាន​ចូលរួម​ការប្រកួត និង​ការប្រមូលផ្ដុំ​ជាមួយ​ក្រុម​ជម្រើសជាតិ​។

​ជាមួយគ្នា​នឹង​ការប្រកួត​របស់​ឈុត​អាយុ​ក្រោម ២៣​ឆ្នាំ ដែល​ត្រៀម​ស៊ី​ហ្គេម ក្រុម​ជម្រើសជាតិ​ឈុត​ធំ ក៏​នឹងមាន​ការប្រកួត​ផងដែរ ពោលគឺ​ត្រូវ​ប្រកួត​ជាមួយ​ជម្រើសជាតិ​បង់​ក្លា​ដេ​ស ២​ថ្ងៃ បន្ទាប់ (​ថ្ងៃទី​២២ ខែកញ្ញា​) ពី​ការប្រកួត​រវាង U-23 កម្ពុជា ជាមួយ U-23 ជប៉ុន ខណៈ​កីឡាករ U-23 កម្ពុជា មួយចំនួន ក៏មាន​ឈ្មោះ​នៅក្នុង​ឈុត​ធំ​ផងដែរ​នោះ ដែល​នាំ​ឲ្យ​មានការ​ពិចារណា​បន្តិច​បន្តួច ជុំវិញ​ការជ្រើសរើស​កីឡាករ និង​បែងចែក​ក្រុម​។

​ដោយសារតែ​ឥឡូវ គ្រូបង្វឹក​កំពុងតែ​ពិនិត្យមើល​បញ្ជី​ឈ្មោះ​កីឡាករ ដែល​នឹងត្រូវ​កោះហៅ​សម្រាប់​ចូលរួម​ប្រមូលផ្ដុំ​។ ឥឡូវ យើង​កំពុងតែ​ពិនិត្យមើល​សិន​ថា តើ​កម្រិត​កីឡាករ​យើង​ណាខ្លះ ពួកគាត់​ទៅ U-20 កីឡាករ​ណាខ្លះ​ដែល​គាត់​នឹងត្រូវ​លេង ហើយ​យើង​មាន​ពាក់ព័ន្ធ​នឹង​ការធ្វើ​តេស្ត​កាយសម្បទា មុននឹង​ការប្រមូលផ្ដុំ​ទៀត​។

​ក្រុម​ដែល​ប្រកួត​មិត្តភាព នៅ​ខែកញ្ញា​ខាងមុខនេះ នឹង​ប្រមូលផ្ដុំ​ទៅដោយ​សមាសភាព​កីឡាករ ដែលមាន​អាយុ​ក្រោម​២៣​ឆ្នាំ ត្រូវ​នឹង​លក្ខខណ្ឌ​អាយុ​នៃ​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ សម្រាប់​ប្រភេទ​កីឡា​ដ៏​មាន​ប្រជាប្រិយភាព (​បាល់ទាត់​) វិញ្ញាសា​បុរស អាយុ​ក្រោម​២៣​ឆ្នាំ មួយ​នេះ​៕/V​