​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អង្គការ​សុខភាព​ពិភពលោក (WHO)​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ សីហា​ថា​មាន​ករណី​ជំងឺ​អុត​ស្វា​ជាង ៤១.០០០ និង​មនុស្ស​ស្លាប់​ចំនួន ១២ នាក់​ត្រូវបាន​រាយការណ៍​ពី​ប្រទេស​ចំនួន ៩៦ ដោយ​ករណី​ភាគច្រើន​គឺ​មក​ពី​សហរដ្ឋ​អាម៉េរិក​។​

WHO​បានប្រកាស​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​ថា​ជា​អាសន្ន​សុខភាព​សកល​ក្នុង​ខែកក្កដា​។​

​យោងតាម​របាយការណ៍​ស្តីពី​ជំងឺ​រាតត្បាត​ចុងក្រោយ​របស់ WHO ចំនួន​ករណី​ដែល​ត្រូវបាន​រាយការណ៍​ជា​សកល​បាន​ធ្លាក់ចុះ ២១ ភាគរយ​ក្នុង​សប្តាហ៍​ដែល​បាន​បញ្ចប់​នៅ​ថ្ងៃទី ២១ ខែសីហា​បន្ទាប់​​ពី​មាន​និន្នាការ​កើនឡើង​នៃ​ករណី​ឆ្លង​រយៈពេល​មួយ​ខែ​ពេញ​។​

​អគ្គនាយក WHO​លោក តេ​ត្រូស អា​ដា​ណុ​ម ហ្គេ​ប្រេ​យ៉េ​ស៊ូស បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​មាន​សញ្ញា​ថា​ការ​ផ្ទុះ​ឡើង​កំពុង​ថយចុះ​នៅក្នុង​ទ្វីប​អឺរ៉ុប​ជា​កន្លែង​ដែល​ការរួមបញ្ចូល​​គ្នា​នៃ​វិធានការ​សុខភាព​សាធារណៈ​ដ៏​មាន​ប្រសិទ្ធភាព ការផ្លាស់ប្តូរ​អាកប្បកិរិយា និង​ការចាក់​ថ្នាំ​បង្ការ​កំពុង​ជួយ​ទប់ស្កាត់​ការឆ្លង​រាលដាល​”​។​

​ទោះយ៉ាងណា ប្រទេស​ជាង​ដប់​បានឃើញ​ការកើនឡើង​នៃ​ចំនួន​ករណី​ឆ្លង​ប្រចាំ​សប្តាហ៍ ដោយ​ការកើនឡើង​ខ្ពស់បំផុត​ត្រូវបាន​រាយការណ៍​នៅក្នុង​សហរដ្ឋ​អាម៉េរិក​។​ជាង ៣៤ ភាគរយ​នៃ​ករណី​ឆ្លង​​លើ​ពិភពលោក​បច្ចុប្បន្ន​គឺ​ស្ថិតនៅក្នុង​សហរដ្ឋ​អាម៉េរិក​។​

WHO និយាយថា ការឆ្លង​នៅ​តំបន់​អាម៉េរិក បង្ហាញ “​ការកើនឡើង​ខ្ពស់​ជា​បន្ត​” ក្នុង​សប្តាហ៍​កន្លងទៅ​៕

​ករណី​ជំងឺ​អុត​ស្វា​ជាង ៤១.០០០ និង​មនុស្ស​ស្លាប់​ចំនួន ១២ នាក់​ត្រូវបាន​រាយការណ៍​ពី​ប្រទេស​ចំនួន ៩៦