​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ភស្តុតាង​ថ្មី​បានបង្ហាញ​ថា ចិន​កំពុង​សាងសង់​នាវា​ពិឃាដ​បំពាក់​មី​ស៊ី​ល​នាំ​ផ្លូវ​យ៉ាងហោច​ណាស់​ប្រាំ​មួយគ្រឿង​បន្ថែម​ទៀត​ដែល​ជា​ផ្នែក​មួយ​នៃ​ការប្រឹងប្រែង​​របស់​ទីក្រុង​ប៉េកាំង ដើម្បី​អភិវឌ្ឍ​កងទ័ពជើងទឹក​ដែល​អាច​ប្រកួតប្រជែង​ជាមួយ​នឹង​នាវា​របស់​អាម៉េរិក​។​

​រូបភាព​ដែល​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ចិន Weibo បានបង្ហាញ​តួ​ចំនួន​ប្រាំ​នៃ​នាវា​ពិ​ឃាដ Luyang III-class Type 052 ដែល​កំពុង​សាងសង់​នៅឯ​កន្លែង​ផលិត​នាវា​តា​លៀន (Dalian) របស់​រដ្ឋ​ក្នុង​ខេត្ត​លៀវ​នី​ង (Liaoning) ភាគ​ឦសាន​ប្រទេស​ចិន​។​

​វេបសាយ​ការពារជាតិ Naval News រាយការណ៍​ថា យ៉ាងហោច​ណាស់​មាន​នាវា​ពិ​ឃាដ Type 052 មួយគ្រឿង​ទៀត​កំពុង​ត្រូវបាន​សាងសង់​នៅ​ឯ​កន្លែង​ផលិត​នាវា​ជាំ​ង​ណាន​ចាង​ស៊ី​ង (Jiangnan Changxing) ភាគ​ឦសាន​នៃ​ទីក្រុង​សៀង​ហៃ​។​

​នាវា​ពិឃាដ​ទាំង​ប្រាំ​មួយគ្រឿង ដែល​បំពាក់​ដោយ​មី​ស៊ី​ល​នាំ​ផ្លូវ​និង​គ្រាប់​ថូ​ផេ​ដូ (Torpedo) នឹង​ចូលរួម​ជាមួយ​ក​ង​នាវា​ពិឃាដ Type 052 ដែល​មាន​ស្រាប់​របស់​ចិន​។​

​ប៉េកាំង​មិន​បាន​បញ្ជាក់ថា នាវា​ពិឃាដ Type 052 ចំនួន​ប្រាំ​មួយគ្រឿង​កំពុង​ស្ថិត​ក្នុង​ការសាងសង់​នោះទេ​។​

​ប៉ុន្តែ​អ្នកវិភាគ​ចិន​បាន​ប្រាប់​កាសែត​បក្ស​កុម្ម​នីស្ត​ចិន Global Times​ថា ដោយហេតុ​ថា​ទីក្រុង​ប៉េកាំង​ចង់​ធ្វើ​ទំនើបកម្ម​ផ្នែក​ការពារជាតិ​របស់​ខ្លួន​នៅ​ត្រឹម​ឆ្នាំ ២០៣៥”​ដូច្នេះ​វា​មិនមែន​ជា​រឿង​មិន​​នឹកស្មាន​ដល់​ស្អី​នោះទេ​ដែល​ចិន​ពិតជា​កំពុង​សាងសង់​នាវាចម្បាំង​ទំនើបៗ ជា​ពិសេស​ចំ​ពេល​មាន​ស្ថានភាព​សន្តិសុខ​ពិភពលោក​ដ៏​ចលាចល​នាពេល​បច្ចុប្បន្ន​”​។​

​កងទ័ពជើងទឹក​ចិន​បាន​កំពុង​សាងសង់​នាវា​ក្នុង​ល្បឿន​ដ៏​លឿន​បំផុត ហើយ​ឥឡូវនេះ​មាន​កម្លាំង​ទ័ពជើងទឹក​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក​ដោយ​ផ្អែក​លើ​ចំនួន​នាវា​៕

​នាវា​ពិឃាដ Type 052 ចំនួន ៦ គ្រឿង​កំពុង​សាងសង់​នៅ​ចិន​