​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ មន្ទីរ​បញ្ច​កោណ​បាន​និយាយថា​ក្រសួងការបរទេស​អាម៉េរិក​បានអនុម័ត​លទ្ធភាព​លក់​ឧទ្ធម្ភាគចក្រ​យោធា​និង​ឧបករណ៍​ពាក់ព័ន្ធ​ឱ្យ​ទៅ​អូស្ត្រាលី​ក្នុង​តម្លៃ​​ប៉ាន់ស្មាន​ចំនួន ១,៩៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ខណៈ​អូស្ត្រាលី​កំពុង​ព្យាយាម​ជំរុញ​បង្កើន​វត្តមាន​យោធា​របស់​ខ្លួន​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។​

​មន្ទីរ​បញ្ច​កោណ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ សីហា​ថា អូស្ត្រាលី​បាន​ស្នើសុំ​ទិញ​ឧទ្ធម្ភាគចក្រ UH-60M Black Hawk​ចំនួន ៤០ គ្រឿង ហើយ​ទទួល​អ្នកម៉ៅការ​ផ្គត់ផ្គង់​សំខាន់​គឺ​ក្រុមហ៊ុន Lockheed Martin ។​

​អូស្ត្រាលី​បាន​និង​កំពុង​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារជាតិ​របស់​ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខណៈ​ចិន​សម្លឹង​បង្កើន​វត្តមាន​របស់​ខ្លួន​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។​

​កាលពី​ឆ្នាំមុន អូស្ត្រាលី​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ពី​សហរដ្ឋ​អាម៉េរិក​និង​អង់គ្លេស​។​

​ការលក់​នេះ​ក៏​កើតឡើង​ផង​ដែរ​ខណៈ​ដែល​រដ្ឋាភិបាល​ជុំវិញ​ពិភពលោក​កំពុង​សម្លឹងមើល​ការឈ្លានពាន​របស់​រុស្ស៊ី​មកលើ​អ៊ុយ​ក្រែ​ន​និង​មាន​ឆន្ទៈ​កាន់តែ​ខ្លាំង​ជាង​មុន​ក្នុង​ការវិនិយោគ​លើ​ប្រព័ន្ធ​សព្វាវុធ​។​

​កាលពី​ខែ​ឧសភា ក្រសួងការបរទេស​អាម៉េរិ​កបាន​អនុម័ត​ការល​ក់​រ៉ុក្កែត​ចល័ត​ឱ្យទៅ​អូស្ត្រាលី រួមជាមួយ​នឹង​ការលក់​អាវុធ​ជា​ច្រើន​ទៀត ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ ៣,១ ពាន់​លាន​ដុល្លារ​ដល់​សម្ពន្ធមិត្ត​៕

​អូស្ត្រាលី​បាន​ស្នើសុំ​ទិញ​ឧទ្ធម្ភាគចក្រ UH-60M Black Hawk ចំនួន ៤០ គ្រឿង​ពី​អាម៉េរិក