​ដោយៈ សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: មនុស្សម្នា​ក់បាន​ស្លាប់ និង​បីនាក់​ទៀត រងរបួស​ធ្ងន់ បន្ទាប់ពី​មូ​៉​តូ​បុក​ម៉ូតូ នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ នៅត្រង់ចំណុច ភូមិ​ក្រសាំង​តា​គង់ ឃុំ​និទាន ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង ៦​ៈ​៣០​នាទី ល្ងាច​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២២​។​

​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថាៈ មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ សេរី​២០១៩ ពាក់​ស្លាក​លេខ តាកែវ ១S- ៧៨៨៤ បើកបរ​ដោយ​ឈ្មោះ នាក់ ម៉ាក់ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ (​រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់ នៅពេល​ទៅដល់​មន្ទីរពេទ្យ​ខេត្តតាកែវ​) ដឹក​កូន​ពីមុខ ឈ្មោះ ហ៊ួ​ន ម៉ៃ ភេទ​ប្រុស អាយុ ៧ ឆ្នាំ (​រងរបួស​ធ្ងន់​) មាន​ទីលំនៅ ភូមិ​ពោធិ​ត្បែង ឃុំ​និទាន ស្រុក​បសេដ្ឋ បាន​បើកបរ​ពី​ទិស ខាងលិច ទៅ​ទិសខាងកើត លុះដល់​ចំណុចកើតហេតុ បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់ ស្លាក​លេខ កំពង់ស្ពឺ ១P-១៣១២ បើកបរ​ដោយ​ឈ្មោះ នី ថេ​ង ភេទ​ប្រុស អាយុ ២៥ ឆ្នាំ (​រងរបួស​ធ្ងន់​) ឌុប​ប្រពន្ធ​ពី ក្រោយ​ឈ្មោះ ឆេង សម្ផស្ស អាយុ ២៤ ឆ្នាំ (​រងរបួស​ធ្ងន់​) នៅ​ភូមិ​អូរ​ចា​រ្យ ឃុំ​ពោធិ៍​ម្រា​ល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ដែល​កំពុងបើក​បរប​ញ្ច្រា​សទិស​គ្នា បុក​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ទាំងសងខាង ។​

​ប្រភព​ដដែល បាន​បន្តទៀតថាៈ ក្រោយ​កើតហេតុ មន្ត្រី​ជំនាញ​បាន​ហៅ​រថយន្ត​សាមុយ ដឹក​ជនរងគ្រោះ យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ តែដោយសារ ជនរងគ្រោះ ឈ្មោះ នាក់ ម៉ាក់ មាន​សភាព​ធ្ងន់ធ្ងរ​ពេក ក៏​ស្លាប់​តែម្តងទៅ​។ សព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំពោះ​វត្ថុតាង​ម៉ូតូ ទាំងពី​គ្រឿង ផ្នែក​ជំនាញ​បាន​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ ដើម្បី​ដោះស្រាយ នៅពេល​ក្រោយ​៕/V​