ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ក្បាច់គុន​ព្រលឹង​វប្បធម៌​ខ្មែរ «​គុន​ល្បុក្កតោ​» ត្រូវបាន​ប្រ​ទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ចំនួន​៧ ហើយ​ដែល​ប្តេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​ហ្វឹកហាត់ ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង​មេដាយ នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែលជា​ប្រវត្តិសាស្ត្រ​ដំបូង របស់​ព្រះ​រា​ណា​ចក្រ​កម្ពុជា​។​

​កីឡា​គុន​ល្បុក្កតោ ត្រូវបាន​ដាក់បញ្ចូល​នៅក្នុង​ចង្កោម​យុទ្ធ​គុន​ចម្រុះ ក្នុង​ស៊ី​ហ្គេម ឆ្នាំ​២០២៣ បន្ទាប់ពី​បានអនុម័ត​ជា​ផ្លូវ ដោយ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​សហព័ន្ធ កីឡា​អាស៊ីអាគ្នេយ៍ កាលពី​ខែកក្កដា កន្លងមក ដែល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ហើយ​ក្នុងនាម​ជា ប្រធាន​ក្រុមប្រឹក្សា​កីឡា​សហព័ន្ធ​អាស៊ីអាគ្នេយ៍ ដែល​ដឹកនាំ​ដោយ​លោក បណ្ឌិត ថោង ខុន ប្រធាន​គណៈកម្មាធិការ ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អនុប្រធាន អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ CAMSOC ។ ជា​ផ្លូវការ​កីឡា​ចំនួន ៣៩ ប្រភេទ បូក​នឹង​កីឡា​សម្ដែង (Demonstration Sport) ១​ប្រភេទ ត្រូវបាន​អនុម័ត​។​

​ក្នុង​ដំណើរ​ត្រៀម​ស៊ី​ហ្គេម ២០២៣ នេះ នៅ​ចុងឆ្នាំ​២០២២ ឬ​ដើមឆ្នាំ​២០២៣ កម្ពុជា​នឹង​ទទួល​រៀបចំ​ការប្រកួត​កីឡា​ជើងឯក​គុន​ល្បុក្កតោ និង​បញ្ច​សិលា​អាស៊ីអាគ្នេយ៍ ដើម្បី​តេស្ត​​សមត្ថភាព​កីឡាករ កីឡាការិនី និង​មន្ត្រី​រៀបចំ​ការប្រកួត នៃ​ប្រភេទ​កីឡា​យុទ្ធ​គុន ទាំងពីរ​នេះ ឱ្យ​កាន់តែ​មុត​ស្រួច​បន្ថែមទៀត​។​

​សូមបញ្ជាក់ថា បញ្ច​សិលា​ជា​ក្បាច់គុន​របស់​ប្រទេស​ឥណ្ឌូណេស៊ី​នេះ​។ កម្ពុជា និង​ឥណ្ឌូណេស៊ី បាន​ចុះហត្ថលេខា​លើ​កំណត់ត្រា នៃ​ដំណើរការ​ផ្លាស់ប្តូរ​គ្នា រវាង​ក្បាច់គុន​ល្បុក្កតោ​របស់​កម្ពុជា និង​បញ្ច​សិលា​របស់​ឥណ្ឌូណេស៊ី ហើយ​បាន កំណត់​ពេលវេលា ក្នុងការ​បញ្ជូន​ក្រុម​កីឡាករ កីឡាការិនី​កម្ពុជា ចេញទៅ​ហ្វឹកហាត់​កីឡា បញ្ច​សិលា និង​រៀបចំ​គ្រូបង្វឹក​កីឡា​គុន​ល្បុក្កតោ​របស់​កម្ពុជា ទៅ​បង្ហា​ត់ដល់​កីឡាករ កីឡាការិនី​ឥណ្ឌូណេស៊ី ដែល​ក្បាច់គុន​ទាំងពីរ​នេះ នឹងត្រូវ​រៀបចំ​ការប្រកួត នៃ​យុទ្ធ​គុន​ចម្រុះ សម្រាប់​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​​របស់​កម្ពុជា​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ បានចាត់ទុក​ថាៈ នេះ​ជា​អត្ថប្រយោជន៍​ដ៏​សំខាន់ សម្រាប់​កម្ពុជា ក្នុងការ​បញ្ជ្រាប​ក្បាច់គុន​ព្រលឹង​ជាតិ មួយ​នេះ ទៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ឥណ្ឌូណេស៊ី នឹង​បង្កើតឱ្យមាន​ជា​សហព័ន្ធ កីឡា​គុន​ល្បុក្កតោ​ឥណ្ឌូណេស៊ី​។ នេះ​គឺជា​ការធ្វើសមាហរណកម្ម របស់​គុន​ល្បុក្កតោ​កម្ពុជា បញ្ចូល​ទៅកាន់​បណ្ដា​ប្រទេស ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ សម្រាប់​ត្រៀម​រៀបចំ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដោយពេល​នេះ មាន ៦ ទៅ ៧ ប្រទេស​ហើយ​៕/V​