ដោយៈ ភា រស្មី បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ ខេត្តព្រៃវែង​/ភ្នំពេញ៖​ខ្ញុំ​ឈ្មោះ កើត ឈុន អាយុ​៧៩​ឆ្នាំ កើត​នៅ​ភូមិ​ពន្លៃ ឃុំ​អង្គ​រស ស្រុក​មេសាង ខេត្តព្រៃវែង​។ កាលពីដើម​គ្រួសារ​របស់ខ្ញុំ​មាន​ជីវភាព​ក្រីក្រ​។ នៅ​អាយុ​១២​ឆ្នាំ ខ្ញុំ​ចូលរៀន​ជាមួយ​ព្រះសង្ឃ​នៅក្នុង​វត្ត​ពន្លៃ​។ ខ្ញុំ​បាន​រៀន​ពេល​សម្រាក​ពី​ធ្វើស្រែ​ក្នុង​រដូវប្រាំង​ប៉ុណ្ណោះ ចំណែក​រដូវវស្សា​ខ្ញុំ​ត្រូវ​ទៅ​ជួយ​ឪពុក​ខ្ញុំ​ភ្ជួរស្រែ​។ ខ្ញុំ​រៀន​នៅក្នុង​វត្ត​ពន្លៃ​រហូតដល់​អាយុ​២២​ឆ្នាំ ទើប​ខ្ញុំ​សម្រេចចិត្ត​ចូល​បួស​នៅ​វត្ត​ពន្លៃ​បន្តទៀត​។ ខ្ញុំ​ចូល​បួស​នៅក្នុង​វត្ត​ពន្លៃ​បាន​រយៈពេល​ពីរ​ព្រះវស្សា និង​ចេះ​ធម៌​បាលី អាន​សាស្ត្រា​ផ្សេងៗ​ទើប​ខ្ញុំ​សម្រេចចិត្ត​សឹក​ដើម្បី​មកជួយ​ធ្វើស្រែ​ឪពុក​របស់ខ្ញុំ​បន្តទៀត​ព្រោះ​គាត់​ឈឺ​ជា​ញឹកញាប់​។

កើត ឈុន រស់នៅ​ភូមិ​ពន្លៃ ឃុំ​អង្គ​រស ស្រុក​មេសាង ខេត្តព្រៃវែង​។ (​ផេង ពង្ស​រ៉ាស៊ី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

បន្ទាប់ពី​សឹក​បាន​រយៈពេល​មួយឆ្នាំ នៅ​ឆ្នាំ​១៩៦៨ ខ្ញុំ​រៀបការ​ជាមួយ​ឈ្មោះ ម៉ែន ហន ប្រពន្ធ​របស់ខ្ញុំ​សព្វថ្ងៃ ដែលជា​អ្នកភូមិ​ពន្លៃ​ជាមួយគ្នា​។ ក្រោយពី​រៀបការ​រួច​យើង​ចាប់ផ្ដើម​ធ្វើស្រែ​ដើម្បី​ចិញ្ចឹមជីវិត​។ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ពេល លន់ នល់ ធ្វើ​រដ្ឋប្រហារ​ទម្លាក់ សម្ដេចព្រះ នរោត្តម សីហនុ ខ្ញុំ​រស់នៅ​ក្នុងភូមិ​ដដែល ប៉ុន្តែ​មាន​ប្អូនប្រុស​របស់ខ្ញុំ​ម្នាក់​បាន​រត់​ចូល​ព្រៃម៉ាគី​ជាមួយ​យុវជន​ផ្សេងទៀត​ដើម្បី​តស៊ូ​យក​អំណាច​ថ្វាយ​ព្រះអង្គ​វិញ​។ មួយរយៈ​ក្រោយមក​ក៏មាន​ការទម្លាក់​គ្រាប់ និង​ផ្លោង​គ្រាប់​ចូលក្នុង​ភូមិ​ពន្លៃ​ជា​ញឹកញាប់ ហេតុនេះហើយ​បានជា​គ្រួសារ​ខ្ញុំ និង​អ្នកភូមិ​ផ្សេងទៀត​នាំគ្នា​រត់​ចូលក្នុង​លេណដ្ឋាន​នៅ​ខាងក្រៅ​ភូមិ​ដើម្បី​លាក់ខ្លួន​។

​នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៧៣ ដល់ ឆ្នាំ​១៩៧៤ ការទម្លាក់​គ្រាប់បែក​នៅក្នុង​ភូមិ​ពន្លៃ​មាន​សភាព​ស្ងប់ស្ងាត់ ទើប​ខ្ញុំ​អាច​ប្រក​បរបរ​ធ្វើស្រែ​បាន​ធម្មតា និង​ឆ្លៀតពេល​ជួញដូរ​គោក្របី​ទៅខាង លន់ នល់​។ ខ្ញុំ​ធ្វើ​ជំនួញ​មិនបាន​ប៉ុន្មាន សេនាជន​ភូមិ​ពន្លៃ​មក​ចាប់ខ្លួន​ខ្ញុំ និង​ចោទ​ខ្ញុំ​ថា​ជា​ក្រុម​ខ្មែរ​ស​។ ក្រោយមក ឈ្មោះ ផុន គឺជា​ប្រធាន​សហករណ៍​ក្នុងភូមិ​ពន្លៃ មកជួយ​និយាយ​សម្រួល​ជាមួយ​សេនាជន​ភូមិ ទើប​ខ្ញុំ​បាន​រួចខ្លួន​។​

អំឡុង​ពេលនោះ​ខ្ញុំ​ក៏​ស្គាល់​គណៈ​គ្រប់គ្រង​ភូមិ​ពន្លៃ​ជាច្រើន​នាក់​ដែរ ព្រោះ ផុន តែងតែ​ហៅ​ខ្ញុំ​ទៅ​សម្លាប់សត្វ​ជ្រូក ឬ គោ ផ្តល់​ឲ្យ​ទៅខាង​រោង​បាយ​។ ជាធម្មតា​នៅពេល​ខ្ញុំ​សម្លាប់សត្វ​ឲ្យ​អង្គការ ប្រធាន​សហករណ៍​តែងតែ​ឲ្យ​ស្រា​មក​ខ្ញុំ​ផឹក ហើយ​ខ្ញុំ​អាចយ​កសាច់​បន្តិចបន្តួច​មក​ផ្ញើ​ប្រពន្ធ​កូន​នៅផ្ទះ។ ប៉ុន្តែ​ខ្ញុំ​ត្រូវ​លាក់​ការណ៍​ឲ្យ​ស្ងាត់​បំផុត​។

​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ បន្ទាប់ពី​យោធា​ខ្មែរក្រហម​វាយ​ដណ្ដើមបាន​ទីក្រុង​ភ្នំពេញ អង្គការ​ប្រើ​ខ្ញុំ​ឲ្យ​ទៅធ្វើ​ការ​នៅ​កង​ភ្ជួរ​។ ក្នុង​មួយ​ភូមិ​ពន្លៃ មាន​អ្នក​ភ្ជួរ​ចល័ត​ចំនួន​៥​នាក់ និង​មាន​នង្គ័ល​ចំនួន​៥​។ យើង​ដើរ​ភ្ជួរ​ចល័ត​ពី​ភូមិ​មួយ ទៅ​ភូមិ​មួយទៀត នៅក្នុង​ឃុំ​អង្គ​រស​ទាំងមូល​។ ចំណែក​រដូវប្រាំង ខ្ញុំ​ត្រូវ​ទៅ​ជីក​ប្រឡាយ និង​លើក​ទំនប់​នៅក្បែរៗ​ភូមិ​។

​នៅ​ដើមឆ្នាំ​១៩៧៧ ខ្ញុំ​ឃើញ​មាន​កម្មាភិបាល​ខ្មែរក្រហម​មកពី​ខាង​ស្វាយរៀង​បណ្ដើរ​ប្រជាជន​យកមក​សម្លាប់​នៅ​ជិត​ភូមិ​របស់ខ្ញុំ​ចំនួន​៣​លើក ហើយ​ម្ដងៗ​មាន​ប្រជាជន​ប្រមាណ​៦​នាក់​។ កន្លែង​ដែល​ខ្មែរក្រហម​សម្លាប់​មនុស្ស​មាន​ឈ្មោះថា ភូមិ​តាកែ​ន ដែលមាន​ចម្ងាយ​ប្រមាណ​កន្លះ​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់ខ្ញុំ​។ កម្មាភិបាល​ខ្មែរក្រហម​សម្លាប់​មនុស្ស​រួច ទម្លាក់​ចូលទៅក្នុង​រណ្ដៅ​មួយ​មាន​សាកសព​ប្រមាណ​៣០​នាក់​។

​នៅ​ចុងឆ្នាំ​១៩៧៧ នៅក្នុង​ភូមិ​ខ្ញុំ​ចាប់ផ្ដើម​មានការ​ផ្លាស់ប្ដូ​រ​អ្នកគ្រប់គ្រង​ឃុំ​។ នៅពេលនោះ​ប្រធាន​សហករណ៍​ថ្មី​ឈ្មោះ ង៉ាន់ ឈប់​ឲ្យ​ខ្ញុំ​កាន់​នង្គ័ល រួច​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​ជីក​ប្រឡាយ​នៅ​កៅ​ទៃ​រយៈពេល​៣​ខែ​។ នៅពេល​ត្រឡប់មក​ភូមិ​ពន្លៃ​វិញ​ឈ្មោះ ង៉ាន់ ចាត់តាំង​ខ្ញុំ​ឲ្យ​ធ្វើជា​អនុ​ក្រុម​និង​គ្រប់គ្រង​ប្រជាជន​ចំនួន​១២​គ្រួសារ​។ តួនាទី​ជា​អនុ​ក្រុម គឺ​ចាំ​ទទួល​ការងារ​ពី​ប្រធាន​សហករណ៍ រួច​ដាក់​ការងារ​បន្តទៅ​សមាជិក​នៅក្នុង​ក្រុម​ធ្វើ​។

​នៅពេលនោះ​ក្នុងភូមិ​ពន្លៃ​ក៏មាន​ការជម្លៀស​ប្រជាជន​ចេញ​ដែរ។ គឺ​លើក​ទី​១ ជម្លៀស​ប្រជាជន​ចេញ​នៅ​ចុងឆ្នាំ​១៩៧៧ ដែល​ភាគច្រើន​គឺ​ប្រជាជន​១៧ មេសា និង​លើក​ទី​២ ចាប់ផ្ដើម​ជម្លៀស​ប្រជាជន​ទៅ​តំបន់​ដី​ខ្លាញ់ នៅ​ចុងឆ្នាំ​១៩៧៨​។ ប្រជាជន​នៅក្នុង​ភូមិ​ពន្លៃ​ដែល​ត្រូវបាន​អង្គការ​ជម្លៀស​ទៅ​តំបន់​ដី​ខ្លាញ់​ទាំងពីរ​លើក​មាន​ចំនួន​៦០​គ្រួសារ​។ ការជម្លៀស​លើក​ទី​២ គឺ​ជម្លៀស​ប្រជាជន​មូលដ្ឋាន​ហើយ​ក្នុងនោះ​ក៏មាន​គ្រួសារ​ឪពុកម្ដាយ​ក្មេក​របស់ខ្ញុំ​ទៅជា​មួយ​ដែរ​។

កើត ឈុន ផ្តល់​បទសម្ភាសន៍​អំពី​រឿងរ៉ាវ​ជីវិត​របស់ខ្លួន​ក្នុង​របប​ខ្មែរក្រហម​ដល់ ភា រស្មី បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ ខេត្តព្រៃវែង អំឡុងពេល​ចូលរួម​វេទិកា​ប្រវត្តិសាស្ត្រ​គ្រួសារ កាលពី​ខែកក្កដា ឆ្នាំ​២០២២​។ (​ផេង ពង្ស​រ៉ាស៊ី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

នៅ​ដើមខែ​មករា ឆ្នាំ​១៩៧៩ អង្គការ​ជម្លៀស​ប្រជាជន​ឲ្យ​ចេញពី​ភូមិ​ទាំងអស់ ហើយ​គ្រួសារ​ខ្ញុំ​បានធ្វើ​ដំណើរ​ទៅដល់​អ្នក​លឿង​ទើប​ត្រឡប់មកផ្ទះ​វិញ​។ ពេលមកដល់​ភូមិ ខ្ញុំ​មិនសូវ​បាន​ស្នាក់​នៅផ្ទះ​ជាប់លាប់​ទេ ព្រោះ​ខ្លាច​ក្រែងលោ​គ្រួសារ​ដែល​អង្គការ​ជម្លៀស​ទៅ​តំបន់​ដី​ខ្លាញ់​ត្រឡប់មកវិញ ចងគំនុំ មករក​រឿង និង​សម្លាប់​ខ្ញុំ ព្រោះ​ខ្ញុំ​គឺជា​អ្នក​ទៅប្រាប់​ឲ្យ​ប្រជាជន​ទាំងនោះ​ជម្លៀស​ទៅ​ខេត្ត​ភាគ​ខាងលិច​។ ក្រោយមក​ប្រជាជន​បាន​រសាយកំហឹង ហើយ​នៅ​ឆ្នាំ​១៩៨១ ខ្ញុំ​ចាប់ផ្ដើម​រកស៊ី​ជួញ​គោ​-​ក្របី​បន្ថែម​ពីលើ​ការងារ​ធ្វើស្រែ ទើប​ជីវភាព​គ្រួសារ​របស់ខ្ញុំ​បាន​ធូរធារ​រហូតមកដល់​សព្វថ្ងៃ​៕​សរន​