​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ កែវ​យឺត​អវកាស James Webb ដែល​មាន​អាយុ​តែ​ប៉ុន្មាន​ខែ​បាន​បន្ថែម​ការរកឃើញ​ខាង​វិទ្យាសាស្ត្រ​ដ៏​សំខាន់​មួយទៀត​ទៅ​ក្នុង​បញ្ជី​ដែល​កំពុង​លូតលាស់​​របស់​វា នោះ​គឺ​ការ​រក​ឃើញ​ជា​លើកដំបូង​នូវ​សញ្ញា​នៃ​កាបូនឌីអុកស៊ីត​នៅក្នុង​បរិយាកាស​នៃ​ភព​មួយ​នៅ​ក្រៅ​ប្រព័ន្ធ​សុរិយគតិ​របស់​យើង​។​

​ទោះបីជា​ភព​នោះ​មិន​អាច​ទ្រទ្រង់​ជីវិត​បាន​ក៏ដោយ ក៏ប៉ុន្តែ​ការរកឃើញ​ដោយ​ជោគជ័យ​នៃ​ឧស្ម័ន CO2 បាន​ផ្តល់​ឱ្យ​អ្នក​ស្រាវជ្រាវ​នូវ​ក្តីសង្ឃឹម​ថា​ការសង្កេត​ស្រដៀង​គ្នា​នេះ​អាច​ត្រូវបាន​អនុវត្ត​លើ​ភព​​ផ្សេង ដែល​អំណោយផល​សម្រាប់​ជីវិត​។​

​លោកស្រី​បណ្ឌិត ណា​តា​លី បា​តា​ឡា (Natalie Batalha)​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​កាលីហ្វ័រ​ញ៉ា​នៅ​ទីក្រុង​សា​ន់តា​គ្រូ​ស (Santa Cruz)​និង​ជា​អ្នកស្រាវជ្រាវ​ម្នាក់​ក្នុងចំណោម​រាប់រយ​នាក់​​ដែល​ធ្វើកា​រលើ​គម្រោង​កែវ​យឹត Webb បាន​សរសេ​រលើ Twitter​ថា “​គំនិត​ដំបូង​របស់​ខ្ញុំ គឺ វ៉ា​វ​អស្ចារ្យ​មែន យើង​ពិតជា​មាន​ឱកាស​រក​ឃើញ​បរិយាកាស​នៃ​ភព​ដែលមាន​ទំហំ​ប៉ុន​ផែនដី​”​។​

​ការសិក្សា​របស់​ពួកគេ​លើ​ភព WASP-39 ដែល​ជា​ភព​ឧស្ម័ន​ដ៏​ក្តៅគគុក​វិល​ជុំវិញ​ផ្កាយ​មួយ​នៅ​ចម្ងាយ ៧០០ ឆ្នាំ​ពន្លឺ នឹង​ត្រូវ​បោះពុម្ភផ្សាយ​ក្នុងពេ​លឆាប់ៗ​នេះ​នៅក្នុង​ទស្សនា​វ​ដ្តី Nature ។​

​លោក​បណ្ឌិត ពៀ​រ៉េ​-​អូ​លី​វី​យ៉េ ឡា​ហ្គេច (Pierre-Olivier Lagage) អ្នកជំនាញ​ខាង​តារាសាស្ត្រ​នៃ​គណៈកម្មការ​ថាមពល​អា​តូ​ម៉ិក (CEA) របស់​បារាំង បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​សម្រាប់​ខ្ញុំ វា​បើកទ្វារ​សម្រាប់​ការស្រាវជ្រាវ​នាពេល​អនាគត​លើ​ភព​ដ៏​អស្ចារ្យ (​ភព​ធំ​ជាង​ផែនដី ប៉ុន្តែ​តូច​ជាង​ភព​ណិប​ទូន​) ឬ​សូម្បី​ភព​ដែលមាន​ទំហំ​ប៉ុន​ផែនដី​”​។​

​អង្គការ​ណា​សាបាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា ការរកឃើញ CO2 ក៏​នឹង​ជួយ​អ្នកវិទ្យាសាស្ត្រ​ស្វែង​យល់​បន្ថែម​អំពី​របៀប​ដែល​ភព WASP-39 បានកកើតឡើង​ផងដែរ​៕

​ការ​រក​ឃើញ​ដោយ​ជោគជ័យ​នៃ​ឧស្ម័ន CO2 បាន​ផ្តល់​ឱ្យ​អ្នក​ស្រាវជ្រាវ​នូវ​ក្តីសង្ឃឹម​ថា ការសង្កេត​ស្រដៀង​គ្នា​នេះ​អាច​ត្រូវបាន​អនុវត្ត​លើ​ភព​ផ្សេង ដែល​អំណោយផល​សម្រាប់​ជីវិត