ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ រដ្ឋបាលខេត្ត​បាត់ដំបង បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ក្មុង និង​ក្រៅ​ខេត្ត ចួ​ល​រួម​កម្សាន្ត​សប្បាយ​ឲ្យ​បាន​ច្រើន​កុះករ ក្នុង​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប ឆ្នាំ​២០២២ នេះ​។​

​ក្នុង​សារ​អេឡិចត្រូនិក ប៉ុន្មាន​ម៉ោង​មុននេះ លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង បាន​ជូនដំណឹង ដល់​ប្រជាពលរដ្ឋ ក្នុង​និង​ក្រៅ​ខេត្ត ឲ្យ​ដឹងថាៈ ឆ្នាំ​២០២២ នេះ គណៈកម្មការ​រៀបចំ​បុណ្យជាតិ អន្តរជាតិ​ខេត្ត នឹង​រៀបចំ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប ដូច​កន្លងមក ដោយ​ធ្វើឡើង​ស្របគ្នា​ទៅនឹង​ថ្ងៃ​ចេញ​ព្រះវស្សា មាន​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី ០៩ -១០ ខែតុលា ឆ្នាំ​២០២២ ខាងមុខនេះ ។​

​លោក​អភិបាលខេត្ត​បាត់ដំបង បាន​បន្តថាៈ ក្នុងឱកាស​អបអរសាទ​រ ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប ឆ្នាំ​២០២២ ខាងមុខ ក៏មាន​ទូក​ជា​គូប្រកួត មកពី​បណ្តា​ខេត្ត​ជាប់​គ្នា ជាច្រើន​គូ ការរៀបចំ​នូវ​កម្មវិធី​កម្សាន្ត​សប្បាយ​ច្រើន​មុខ ដូចជា ការដាក់​តាំងពិព័រណ៍ ដោះដូរ​ផលិតផល​កសិកម្ម ទំនិញ​ក្នុងស្រុក​ផ្សេងៗ ការប្រគំ​តន្ត្រី​ខ្នាត​យក្ស រួមទាំង​ល្បែង​ប្រជាប្រិយ ជាច្រើន​មុខ​ទៀត​។​

​អំឡុង​ការ​ប្រារព្វ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ខែ អកអំបុក ក្នុង​ក្របខ័ណ្ឌ ទូទាំងប្រទេស នៅ​ឆ្នាំ​២០២១ ខេត្តបាត់ដំបង បានទទួល​ភ្ញៀវទេសច​រ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​មកលេង នៅតាម​តំបន់​កម្សាន្ត​នានា មាន​ចំនួន ៣៨.៦២៨ នាក់​។

​ក្រៅពី​កម្មវិធី​បុណ្យអុំទូក ក្នុង​ខេត្តបាត់ដំបង ភ្ញៀវទេសចរ អាច​ចូលទៅ​កាន់ តំបន់​រមណីយដ្ឋាន គោលដៅ​ទេសចរណ៍​សំខាន់ៗ ជាច្រើន​ទៀត រួមមាន​: រមណីយដ្ឋាន​ប្រាសាទ​បាណន់​, រមណីយដ្ឋាន​ភ្នំ​សំពៅ​, ទស្សនា​ហ្វូង​សត្វ​ប្រចៀវ ល្អាង​ភ្នំ​ភ្នំ​ពៅ​, រមណីយដ្ឋាន​ប្រាសាទឯកភ្នំ​, អាងទឹក​កំពីងពួយ​, រមណីយដ្ឋាន​ស្ទឹង​ថ្មដា រមណីយដ្ឋាន​ទឹកធ្លាក់ ៥៣ ក្នុងស្រុក​ភ្នំព្រឹក​, រមណីយដ្ឋាន​នគរជុំ​ភ្នំព្រឹក​, ភ្នំ​កំពូល​, វត្ត​ល្អាង​កង្កែប​, វត្ត​នាង​រំសាយសក់​, វត្តភ្នំ​ជី​ហង្ស​, រមណីយដ្ឋាន​វត្តភ្នំ​ចំបាំង និង​សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ ល្អាង​ភ្នំ​ប្រាំពីរ ជាដើម​៕/V​