ដោយៈ ចាន់តូ / ភ្នំពេញ​៖ បុរស​ម្នាក់ ត្រូវបាន​រថយន្ត​ដឹក​ខ្សាច់ កិន​ចំ​ដងខ្លួន បែកធ្លាយ​ពោះវៀន ស្លាប់ និង​ម្នាក់ទៀត រងរបួស​ស្រាល នៅពេល​ពួកគេ ជិះ​ម៉ូតូឌុប​គ្នា គេច​ពី​រថយន្ត​ដែល​បើក​ថយ​ចេញពី​ឃ្លាំង ហើយ​ជ្រុល​ទៅបុក​ក្បាល​សួនច្បារ ខណ្ឌ​ចែក​ទ្រូងផ្លូវ ខ្ទាត​ចូលទៅ​ក្រោម​កង់​រថយន្ត បន្ទាប់មក រថយន្ត​នោះ បាន​បើក​រត់គេច​បាត់​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ប្រមាណ ៨​និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២២ នៅតាម​បណ្តោយ​ផ្លូវ ភ្នំពេញ​-​ហាណូយ ក្នុងភូមិ​ត្រពាំង​រាំង​ថ្មី សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ ដែល​បាន​ស្លាប់ ឈ្មោះ ម៉េង ចាន់ថន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជា​កម្មករ ធ្វើ​ថ្នល់ មាន​លំនៅ នៅក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ និង​មាន​ស្រុកកំណើត ភូមិ ឈើ​តុំ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិសាត់​។ ចំណែក អ្នករងរបួស ឈ្មោះ វ៉ុ​ន និ​ត ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជា​កម្មករ​ធ្វើ​ថ្នល់ ជា​អ្នក​ឌុប ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពាក់​ស្លាក​លេខ ភ្នំពេញ ១JI.៣៧២០ ។​

​តាម​ប្រភព បានឱ្យដឹងថាៈ នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ ទាំងពីរ​នាក់ បាន​ជិះ​ម៉ូតូ ឌុប​គ្នា ចេញពី​កន្លែង​ស្នាក់នៅ គោលបំណង​ទៅធ្វើ​ផ្លូវ នៅតាម​ផ្លូវជាតិ​លេខ​៥ ដោយ​ធ្វើដំណើរ ពី​ទិស​ខាងត្បូង ទៅខាង​ជើង ។ នៅពេល​ធ្វើដំណើរ មកដល់​កន្លែង កើតហេតុ ក៏​គេច​រថយន្ត​ដឹកទំនិញ ១​គ្រឿង ដែល​ថយ​ចេញពី​ឃ្លាំង ក៍បាន​ជ្រុល​ទៅបុក ក្បាល​របាំង​ថ្ម ខណ្ឌ​ចែក​ទ្រូងផ្លូវ ពេញទំហឹង ។​

​បើតាម​ប្រភពព័ត៌មាន​នោះ បានដឹងថាៈ នៅក្នុង​គ្រោះថ្នាក់ បណ្តាលឱ្យ​ម៉ូតូ​ដួល ហើយ​ជនរងគ្រោះ ម្នាក់​ជិះ​ម៉ូតូ​ពីក្រោយ​ខ្ទាត​ចូលទៅ​ចំណែក​ផ្លូវ​ម្ខាង ហើយ​ត្រូវ​រថយន្ត ដឹក​ខ្សាច់​មួយគ្រឿង ដែល​ធ្វើដំណើរ ក្នុងទិសដៅ​ពី​ខាងជើង ទៅខាង​ត្បូង មកដល់ កិន​ចំ​ដងខ្លួន បណ្តាលឱ្យ​បែកធ្លាយ​ពោះវៀន ស្លាប់​នៅនឹងកន្លែង​តែម្ដង​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក រង់ចាំ​ស្រាវជ្រាវ រក​រថយន្ត​បង្ក មក​ដោះស្រាយ ។ ចំណែក​សព​ជនរងគ្រោះ សមត្ថកិច្ច ប្រគល់ជូន​ឪពុក មក​ទទួលយក​ទៅធ្វើ​បុណ្យ តាម​ប្រពៃណី ៕/V​