​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ កីឡាករ​កា​សេ​មី​រ៉ូ (Casemiro) របស់​ក្លិប​បិសាច​ក្រហម Manchester United បាន​និយាយថា រូបគេ​គឺជា “​មនុស្ស​សប្បាយរីករាយ​បំផុត​”​បន្ទាប់ពី​បាន​​ចូលរួម​ជាមួយ​ក្លិប ហើយ​រំភើប​ដែល​បាន​លេង​ជាមួយ​មិត្ត​រួម​ក្រុម​អន្តរជាតិ និង “​កីឡាករ​ដ៏​អស្ចារ្យ​” គឺ​ហ្វ្រេត (Fred) ។​

​ខ្សែបម្រើ​ប្រេ​ស៊ីល​រូបនេះ​បាន​ផ្ទេរ​មក​ពី Real Madrid នៅ​សប្តាហ៍​នេះ​ក្នុង​កិច្ចសន្យា​តម្លៃ ៧០ លាន​ផោន​។​

​កីឡាក​រវ័យ ៣០ ឆ្នាំ​រូប​នេះ​ត្រូវបាន​បង្ហាញ​នៅ​កីឡដ្ឋាន Old Trafford មុន​ពេល​ទទួល​ជ័យជម្នះ ២-១ លើ​ក្រុម​ហង្ស​ក្រហម Liverpool កាលពី​ថ្ងៃ​ចន្ទ​។​ជ័យជម្នះ​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​រង​​បរាជ័យ​ក្នុង​ការចាប់ផ្តើម​ពីរ​ប្រកួត​ដំបូង​នៃ​រដូវ​កាល​នេះ ដោយ​ហ្វ្រេ​តរង​ការរិះគន់​ខ្លាំងជាងគេ​ពី​អ្នកគាំទ្រ​។​

​កា​សេ​មី​រ៉ូ​បាន​លាតត្រដាង​ថា រូបគេ​បាន​និយាយ​ជាមួយ​ហ្វ្រេ​ត​មុន​ពេល​សម្រេច​ចិត្ត​ផ្ទេរ​មក​ក្លិប​បិសាច​ក្រហម​។​

​កា​សេ​មី​រ៉ូ​បាន​ប្រាប់​វេបសាយ​របស់​ក្លិប​ថា “​គាត់​គឺជា​មិត្ត​ម្នាក់​ដែល​ខ្ញុំ​បាន​លេង​ជា​មួយ​ក្នុង​ក្រុម​ជម្រើសជាតិ​សម្រាប់​ការប្រកួត​ជាច្រើន​និង​លេង​ជាមួយ​គ្នា​ជាច្រើន​ឆ្នាំ​”​។​

​រូបគេ​បាន​បន្ថែមថា “​គាត់​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ ហើយ​នោះ​ជា​មូលហេតុ​ដែល​គាត់​លេង​ឱ្យ​ក្លិប Man United និង​ប្រេ​ស៊ីល​។ ហ្វ្រេ​ត​មាន​គុណភាព​ច្រើន​”​។​

“​ខ្ញុំ​គិតថា​គាត់​ជា​កីឡាករ​ដែល​មាន​ចលនា​បំលាស់​ទី​ល្អ គាត់​ចល័ត​ខ្លាំង បញ្ជូន​បាល់​បានល្អ គាត់​ស៊ុត​បានល្អ គាត់​អាច​លេង​ដោយ​ជើង​ទាំងពីរ ឆ្វេង ឬ​ស្ដាំ គាត់​អាច​បញ្ជូន​បាល់​បាន​យ៉ាង​ល្អ​ដោយ​ជើង​មួយ​ណា​ក៏​បាន​”​។​

“​ជាថ្មី​ម្តងទៀត នោះ​ហើយ​ជា​មូលហេតុ​ដែល​គាត់​លេង​ឱ្យ​ប្រេ​ស៊ីល ហើយ​គាត់​ជា​កីឡាករ​ដ៏​សំខាន់​ម្នាក់​នៅ​ក្លិប​នេះ ហើយ​ខ្ញុំ​គិត​ថា​គាត់​នឹង​ជួយ​ខ្ញុំ​យ៉ាងច្រើន​ព្រោះ​គាត់​ជា​ជនជាតិ​ប្រេ​ស៊ីល​”​។​

​កា​សេ​មី​រ៉ូក៏​កំពុង​ជួបជុំគ្នា​ជាមួយ​គ្រីស្ទា​ណូ រ៉ូ​ណាល់​ដូ និង​រ៉ា​ហ្វា​អែល វ៉ា​រ៉ា​ន់ (Raphael Varane) នៅ Man Utd ផងដែរ ដោយ​អ្នក​ទាំង​បី​ធ្លាប់​លេង​ជាមួយគ្នា​នៅ Real Madrid៕

កា​សេ​មី​រ៉ូ​ផ្ទេរ​មក Man U ក្នុងតម្លៃ ៧០ លាន​ផោន​