ដោយៈ ភ្នំ​សន្ទុក​/​កំពង់ធំ​: នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២២ ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ បាន​ដឹកនាំ​សហការី រួមជាមួយ​អាជ្ញាធរ​ដែនដី បាន ទៅ​ប្រគល់​ខ្នង​ផ្ទះ​ទី​២០៧ ដែល ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​អតីត យុទ្ធជន​នៅ​ភូមិ ពាម​គ្រែង ឃុំ​ក្តី​ដូង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។

​ឧត្ដមសេនីយ៍ទោ​សោម ស៊ុន បាន​បញ្ជាក់ថា លោកស្រី សេង សុផាន់​នី អាយុ​៥០​ឆ្នាំ មានកូន​ក្នុងបន្ទុក​ចំនួន​៤​នាក់ ប្រកបមុខរប​ធ្វើជា​កម្មករសំណង់ និង​បម្រើ​ការងារ​នៅតាម​ផ្ទះ​ផង ដើម្បី​បាន​ប្រាក់​ចិញ្ចើម​កូន​។ ដោយ​ជីវភាព​លំបាក​ខ្វះខាត ទើប​លោកស្រី​គ្មាន លទ្ធភាព ក្នុងការ​សាងសង់​ផ្ទះ រស់នៅ​ឲ្យ​បាន​សមរម្យ​នៅលើ​ដី ដែល​ខ្លួន​មាន​។ ដោយ​ឃើញ​ពី​ការលំបាក​នេះ​ក្រុមការងារ​នៃ​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ សុំ​ការសម្រេច​សាងសង់​ផ្ទះ​ថ្មី​ខ្នង​ទី ២០៧ ដែល ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ ជូន​គាត់ ដោយបាន​សាងសង់​ខ្ពស់​ផុតពី​ដី សសរ​បេតុង ឆ្អឹង​ដែក រនាប​ក្តា ជញ្ជាំង​ស្មា​តបត ដំបូល​ប្រក់​ស័ង្កសី​កិន​ភ្លី និង​ជណ្ដើរ​កាច់​។

​ក្នុង​ពិធី​ប្រគល់​ផ្ទះ​ថ្មី​នៅពេលនេះ ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន បាន​នាំយក​នូវ​អំណោយ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី​ពេ​ជ ចន្ទ​មុន្នី ផ្ដល់ជូន​គាត់​បន្ថែមទៀត​មាន ៖ អង្ករ​ចំនួន ៥០​គីឡូក្រាម មី​ចំនួន​២​កេស ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួន ២​យួរ និង​ថវិកា​មួយចំនួន​ផងដែរ​៕​