ដោយៈ​សុផល​/​បាត់ដំបង​៖ “​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ “Mini Thailand Week 2022” បានចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​២៥​ខែសីហា​ឆ្នាំ​២០២២​នៅ​បរិវេណ​ផ្សារទំនើប ភួ ពុ​យ ខេត្តបាត់ដំបង​។​

​លោក នី​រ៉ា​វ៉ា​ត់ រាំង​ស៊ី​កាន់​ចា​ណា អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម ប្រចាំ​ស្ថានទូត​នៃ ព្រះរាជាណាចក្រ​ថៃ បាន​ថ្លែងថា​៖ «​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ Mini Thailand Week 2022» ចាប់ពី​ថ្ងៃទី ២៥ ដល់​ថ្ងៃទី​២៨ ខែ សីហា ឆ្នាំ ២០២២ នៅ​បរិវេណ​ផ្សារ​ទំនើប ភួ ពុ​យ ខេត្តបាត់ដំបង ពី​ម៉ោង ១០ ព្រឹក ដល់​ម៉ោង ១០ យប់ ដែល​នៅក្នុង​ពិព័រណ៍​នេះ នឹងមាន​ការដាក់​បង្ហា​ញ​ទំនិញ​ថៃ​ជាច្រើន​ប្រភេទ ដែលជា​ទំនិញ​មានគុណភាពល្អ និង​ដើម្បី​រក​តំណាង​ចែកចាយ​នៅ​កម្ពុជា ។​

​លោក​បាន​បន្ថែមថា​៖​ការរៀបចំ​ពិព័រណ៍​លើក​នេះ មាន​ក្រុមហ៊ុន​ចូលរួម​ទាំងអស់​ចំនួន ៤០ ក្រុមហ៊ុន មាន​ស្តង់​សរុប​ចំនួន ៥៣ ស្តង់​ក្នុងនោះ​មាន​ទំនិញ​ជាច្រើន ប្រភេទ​មក​ដាក់​បង្ហាញ និង​លក់​ដូចជា ៖​អាហារ និង ភេសជ្ជៈ​, សំលៀកបំពាក់ និង វាយនភ័ណ្ឌ​,​គ្រឿងសំអាង និង​ទំនិញ​សុខភាព​ស​ម្ផស្ស​,​សំភារៈប្រើប្រាស់ ក្នុងផ្ទះ និង សំភារៈ​ផ្ទះបាយ​,​វត្ថុ​អនុស្សាវរីយ៍ និង តុបតែង​ផ្ទះ​,​សំភារៈ​ធ្វើ​ពី​ស្បែក និង ស្បែកជើង​,​សំភារៈ​តុបតែង​ផ្ទះ​,​មន្ទីរពេទ្យ​,​គ្រឿងចក្រ​កសិកម្ម​និង​ទំនិញ OTOP របស់​ប្រទេស​ថៃ ព្រម ទាំង ទំនិញ​ផ្សេងៗ ជាច្រើន​ទៀត​។​

​លោក​នី​រ៉ា​វ៉ា​ត់ រាំង​ស៊ី​កាន់​ចា​ណា បានបញ្ជាក់​ផងដែរ​ថា​៖​គោលបំណង​ក្នុងការ​រៀបចំ «​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ Mini Thailand Week 2022» នា​លើក​នេះ​គឺ ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​របស់​ថៃ ដែលជា​ផលិតផល​មានគុណ​ភាពល្អ តម្លៃ​សមរម្យ និង​ដើម្បី​ជាការ​អរគុណ​ដល់​អតិថិជន​ដែល​គាំទ្រទំនិ​ញ​ថៃ​ឲ្យ​មានឱកាស​បាន​ទិញ​ទំនិញ​ គុណភាព​ល្អ ក្នុងតម្លៃ​សមរម្យ​។ ម្យ៉ាងទៀត ដើម្បី​រិត​ចំណងមិត្តភាព​រវាង​ប្រទេស​និង​ប្រជាជន​ទាំងពីរ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​

​ក្នុងកំឡុងពេល​រៀបចំ​ពិព័រណ៍​នេះ មាន​រៀបចំ​ការប្រគុំ​តន្ត្រី​ដ៏​ធំ​ដែលមាន​តារាចម្រៀង និង​តារា​កំប្លែង ល្បីៗ សម្ដែង​ជូន​ទស្សនា នាពេល​យប់ ចាប់ពី​ម៉ោង ៧ យប់ ដល់​ម៉ោង ៩ យប់​ជា​រៀងរាល់ថ្ងៃ ៕​